(ភ្នំពេញ) សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានចេញសេចក្តីសម្រេចមួយ បង្កើតគណៈកម្មការរៀបចំទីតាំងគម្រោងសាងសង់ អាកាសយានដ្ឋានអន្តរជាតិភ្នំពេញថ្មី ដែលគ្រោងធ្វើឡើង នៅភូមិសាស្រ្តស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល។
គណៈកម្មការរៀបចំទីតាំងគម្រោងសាងសង់ អាកាសយានដ្ឋានអន្តរជាតិភ្នំពេញថ្មី គឺ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ជាប្រធាន នឹង ឯកឧត្តម ម៉ៅ ហាវណ្ណាល់ រដ្ឋមន្ត្រីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល ជាអនុប្រធាន។ ព្រមទាំងគណៈកម្មការនេះ មានសមាសភាព២៣រូប។
ភារកិច្ចរបស់ គណៈកម្មការរៀបចំទីតាំងគម្រោងសាងសង់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញថ្មី រួមមាន៖
* ពិនិត្យ និងកំណត់និយាមកាទីតាំងសម្រាប់គម្រោងសាងសង់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញថ្មី
* សិក្សាវាយតម្លៃថ្លៃដីនៅតំបន់គម្រោងសាងសង់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញថ្មី
* សម្របសម្រួលដោះស្រាយបញ្ហាពាក់ព័ន្ធនឹងទីតាំងដីដើម្បីបង្កលក្ខណៈដល់ដំណើរការ គម្រោងសាងសង់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញថ្មី
* សម្របសម្រួលជាមួយក្រសួង ស្ថាប័ននិងអង្គភាពពាក់ព័ន្ធរបស់រាជរដ្ឋាភិបាល និងក្រុមហ៊ុន ដើម្បីដំណើរការអនុវត្តគម្រោងប្រព្រឹត្តទៅដោយជោគជ័យ
* ផ្តល់អនុសាសន៍ដល់ក្រុមហ៊ុនក្នុងការបំពេញបែបបទផ្សេងៗ ដើម្បីឆ្លើយតបបានតាមតម្រូវការសម្រាប់ការអនុវត្តគម្រោង
* ពិនិត្យ និងផ្តល់យោបល់លើផែនការមេរបស់គម្រោង ក៏ដូចជាសំណូមពរផ្សេងៗ របស់ក្រុមហ៊ុនតាមដាន និងត្រួតពិនិត្យការអនុវត្តគម្រោងសាងសង់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញថ្មី និងហេដ្ឋារចនាសម្ព័ន្ធពាក់ព័ន្ធ
* ធ្វើរបាយការណ៍អំពីលទ្ធផលជូននាយកដ្ឋមន្ត្រី ដើម្បីពិនិត្យ និងសម្រេចជាដើម៕