ភ្នំពេញ យោងតាមគណនីហ្វេសប៊ុកផ្លូវការរបស់ពុទ្ធិកវិទ្យាល័យព្រះសុរាម្រឹត បានអោយដឹងថា ព្រះសង្ឃ៤អង្គ កំពុងនិមន្តធ្វើដំណើរតាមម៉ូតូកង់បី សំដៅទៅសាលារៀន ស្រាប់តែមានជនមិនស្គាល់មុខចំនួន២នាក់ ជិះម៉ូតូ១គ្រឿង តាមមកអែបក្បែរ រួចជះទឹកអាស៊ីដមកលើព្រះសង្ឃទាំង៤អង្គ រួចក្រុមទមិឡឥតសាសនាក៏ជិះម៉ូតូគេចខ្លួនបាត់ ។
ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង១និង៤០នាទីរសៀល ថ្ងៃទី០២ កក្កដា ២០១៩ នៅតាមបណ្តោយផ្លូវព្រះនរោត្តម ចំណុចទល់មុខវត្តប្រយូវង្ស ស្ថិតក្នុងសង្កាត់បឹងកេងកង១ ខណ្ឌបឹងកេងកង។
ព្រះសង្ឃរងគ្រោះទាំង៤អង្គ រួមមាន ទី១ព្រះនាម សើច សល់ ទី២ព្រះនាម ខុន ឃន រងរបួសធ្ងន់ត្រង់ព្រះកេស ចំណែកព្រះសង្ឃ២អង្គទៀត ដែលរងរបួសស្រាល មិនស្គាល់អត្តសញ្ញាណនៅឡើយ។ ព្រះសង្ឃទាំង៤អង្ក គឺជាសមណសិស្ស នៃពុទ្ធិកវិទ្យាល័យព្រះសុរាម្រឹត បច្ចុប្បន្នកំពុងសិងព្យាបាលនៅមន្ទីរពេទ្យព្រះកុសុមៈ ហៅពេទ្យលោកសង្ឃ។
ចំណែកជនសង្ស័យដៃដល់គេមិនត្រូវបានស្គាល់អត្តសញ្ញាណនោះទេ គ្រាន់តែដឹងថា មានគ្នា២នាក់ ជិះម៉ូតូ១គ្រឿង មិនចំណាំម៉ាក និងស្លាកលេខនោះឡើយ ។
ជុំវិញករណីជះទឹកអាស៊ីដដាក់ព្រះសង្ឃទាំង៤អង្គខាងលើនេះ គេនៅមិនទាន់ដឹងពីមូលហេតុពិតប្រាកដនៅឡើយ ថាតើបណ្តាលមកពីគំនុំ ឬក៏ផ្តើមចេញពីដើមចមរឿងអ្វីផ្សេង.
ប្រភពៈ FB