ភ្នំពេញ៖ ក្រោយពីបានដំណើរការសេវារថយន្តក្រុងសាធារណៈ ក្នុងឆ្នាំ២០១៤ រហូតមកទល់នឹងបច្ចុប្បន្ននេះ សេវាមួយនេះ ពិតជាទទួលបានការគាំទ្រយ៉ាងពេញទំហឹង ពីសំណាក់ប្រជាពលរដ្ឋ ក្នុងរាជធានី ដោយបានចូលរួមក្នុងការកាត់បន្ថយ ចំណាយលើការធ្វើដំណើរ របស់ប្រជាពលរដ្ឋ កម្មករ កម្មការិនី ពិសេសបានចូលរួមមួយចំណែក លើការកាត់បន្ថយការកកស្ទះចរាចរណ៍ ក្នុងរាជធានីភ្នំពេញផងដែរ។
ដើម្បីអោយសេវាកម្មសាធារណៈមួយនេះកាន់តែប្រសើរឡើងមួយកម្រិតថែមទៀត នៅព្រឹកថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០១៩នេះ រដ្ឋបាលរាជធានីភ្នំពេញ បានប្រកាសដាក់ដំណើរការ ដាក់ឲ្យប្រើប្រាស់ជាផ្លូវការ នូវប្រព័ន្ធគ្រប់គ្រង ប្រតិបត្តិការរថយន្តក្រុង និង APP សម្រាប់តាមដាន ចលនាបម្លាស់ទីរថយន្តក្រុង ។
ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ក្នុងឱកាសដាក់ដំណើរការ APP នេះ បានថ្លែង អំណរ គុណដល់ទីភ្នាក់ងារ សហប្រតិបត្តិការអន្តរជាតិ នៃប្រទេសជប៉ុន JICA ដែលបានផ្តល់ជាជំនួយបច្ចេកទេស និងហិរញ្ញវត្ថុដល់ការអនុវត្ត “គម្រោងធ្វើឲ្យប្រសើរឡើង នូវសេវា ដឹកជញ្ជូនរថយន្តក្រុងសាធារណៈ” ដែលហៅថាកាត់គម្រោង PIBO ព្រមទាំងសម្រេចបាននូវលទ្ធផលជាំច្រើនគួរជាទីមោទនៈ។
ឯកឧត្តម ឃួង ស្រេង អភិបាល ក៏បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់មន្ទីរ អង្គភាពជំនាញពាក់ព័ន្ធ ក្រោមឱវាទរដ្ឋបាលរាជធានីភ្នំពេញ រួមមានមន្ទីរសាធារណការ និងដឹកជញ្ជូន រដ្ឋាករស្វយ័តសាធារណៈរថយន្តក្រុង (City Bus) រាជធានីភ្នំពេញ (រ.ដ.ស) ទីចាត់ការរៀបចំក្រុង ដែលបាន ផ្តល់កិច្ចសហការយ៉ាងល្អ ដល់ក្រុមជំនាញការនៃគម្រោង PIBO ដើម្បីអោយការអនុវត្តគម្រោងនេះ ដំណើរ ការទៅដោយរលូន និងទទួលបានប្រសិទ្ធភាពខ្ពស់ ។
ឯកឧត្តម ឃួង ស្រេង ឃួង ស្រេង បានមានប្រសាសន៍ថា ក្នុងក្របខណ្ឌនៃការអនុវត្តគម្រោង PIBO ក្រុមអ្នកជំនាញការ JICA និងរដ្ឋាករស្វយ័តដឹកជញ្ជូនសាធារណៈ បានបង្កើតនូវប្រព័ន្ធគ្រប់គ្រង ប្រតិបត្តិការរថយន្តក្រុង និងប្រព័ន្ធតាមដានទីតាំង ចលនា បម្លាស់ទីរថយន្តក្រុង ។ ប្រព័ន្ធទាំងពីរនេះ រំពឹងថា នឹងរួមចំណែកធ្វើឲ្យប្រតិបត្តិការរថយន្តក្រុង កាន់តែមានប្រសិទ្ធភាព និងផ្តល់ភាពងាយស្រួល ដល់អ្នកប្រើប្រាស់ សេវាដឹកជញ្ជូនសាធារណៈ តាមរថយន្តក្រុងផងដែរ ។
ឯកឧត្តម ឃួង ស្រេង អភិបាល បានមានប្រសាសន៍បន្តថា មុនពេលដែលប្រព័ន្ធគ្រប់គ្រងប្រតិបត្តិការនេះ ត្រូវបានដាក់ អោយដំណើរការ អ្នកប្រើប្រាស់សេវាដឹកជញ្ជូនសាធារណៈ តាមរថយន្តក្រុង មិនអាចដឹងថារថយន្តក្រុង កំពុងស្ថិតនីទីតាំងណាឡើយ ក្រោយពេលរថយន្តក្រុងនោះចាកចេញ ពីស្ថានីយចំណតដឹកអ្នកដំណើរណាមួយ ហើយនៅពេលខ្លះ នៅលើតម្រាយផ្លូវរត់ដូចគ្នា យើងសង្កេតឃើញថា មានរថយន្តពីរគ្រឿង បានមកដល់ក្នុងពេលតែមួយ ដែលធ្វើអោយខាតជើងរថយន្តក្រុង ដែលត្រូវបញ្ចេញទៅទទួលអ្នកដំណើរ តាមចំណតរថយន្តក្រុងដទៃទៀតផង ធ្វើឲ្យការផ្តល់សេវាពុំទទួលបាន ប្រសិទ្ធភាពខ្ពស់។
ដោយមើលឃើញពីកង្វះខាតទាំងនេះ និងដើម្បីដោះស្រាយបញ្ហាប្រឈមនេះ ក្រុមជំនាញការនៃគម្រោង PIBO និងរដ្ឋាករស្វយ័តដឹកជញ្ជូនបានធ្វើការសិក្សា ស្រាវជ្រាវ រហូតឈានដល់ការបង្កើតប្រព័ន្ធគ្រប់គ្រង ប្រតិបត្តិការរថយន្តក្រុង និងប្រព័ន្ធ APP តាមដានទីតាំងចលនាបម្លាស់ទីរថយន្តក្រុង និងផ្តល់នូវព័ត៌មាន អំពីទីតាំងជាក់ស្តែងរបស់រថយន្តក្រុង ដែលបង្កលក្ខណៈងាយស្រួលទាំងអ្នកគ្រប់គ្រងប្រតិបត្តិការ អ្នកបើកបរ និងអ្នកប្រើប្រាស់សេវា ។ នៅពេលដែលទទួលបានព័ត៌មានអំពីទីតាំងរថយន្តក្រុងរួចនោះ គឺអាចផ្តល់ដំណឹងបន្តទៅអ្នកបើកបរ ដើម្បីបញ្ជៀសកុំអោយរថយន្តក្រុងពីរ ឬច្រើនគ្រឿងមកដល់ក្នុងពេលតែមួយ ។
ចំពោះអ្នកប្រើប្រាស់សេវាវិញ គឺពួកគេអាចដឹងជាមុន អំពីពេលវេលាដែលរថយន្តក្រុងនឹងមកដល់ ដោយពុំចាំបាច់ចំណាយពេលវេលារង់ចាំយូរនៅតាមចំណត រថយន្តក្រុងនោះឡើយ ។
ឯកឧត្តម ឃួង ស្រេង បានបន្ថែមថា សមិទ្ធផលគួរអោយគត់សម្គាល់មួយទៀត ដែលក្រុមជំនាញការ JICA និងរដ្ឋាករស្វយ័តដឹកជញ្ជូនសាធារណៈ រថយន្តក្រុងសម្រេចបាន គឺការបង្កើតទិន្នន័យទីតាំងរថយន្តក្រុង ត្រូវបានបង្កើតនិងរក្សាទុកជាទម្រង់ GTFS ។ ទិន្នន័យនេះ នឹងបង្កភាពងាយស្រួលសម្រាប់ក្រុមហ៊ុនឯកជន ក្នុងការអភិវឌ្ឍកម្មវិធីនៅលើ App របស់ខ្លួន ។
មកដល់បច្ចុប្បន្ន ក្រុមហ៊ុនឯកជន ៣ កំពុងសហការជាមួយក្រុមជំនាញការ JICA និងរដ្ឋាករស្វយ័តដឹកជញ្ជូនសាធារណៈ រថយន្តក្រុង ដើម្បីផ្សព្វផ្សាយ អោយកាន់តែទូលំទូលាយ នូវកម្មវិធីតាមដានចលនាបម្លាស់ទីរថយន្តក្រុង ។
លោក អ៊ាន សុឃីម អភិបាលរដ្ឋាករស្វយ័តដឹកជញ្ជូនសាធារណៈរថយន្តក្រុង បានឲ្យដឹងថា ក្នុងគម្រោងធ្វើអោយប្រសើរឡើង នូវសេវាដឹកជញ្ជូនសាធារណៈរថយន្តក្រុង នៅរាជធានីភ្នំពេញ ដែលមានរយៈពេល៤ឆ្នាំ ចាប់ពីខែមករា ឆ្នាំ២០១៧ ដល់ខែធ្នូ ឆ្នាំ២០២០ រដ្ឋាករស្វយ័តដឹកជញ្ជូនសាធារណៈរថយន្តក្រុង (City Bus) រាជធានីភ្នំពេញ និងក្រុមជំនាញការ JICA បានដាក់ឲ្យដំណើរការ សេវាដឹកជញ្ជូនសាធារណៈ ជូនប្រជាពលរដ្ឋ បានចំនួន១៣ខ្សែ ប្រើប្រាស់រថយន្ត ២៣៥គ្រឿង និងមានអ្នកជិះរថយន្តក្រុងពី២៦.០០០នាក់ ទៅ៣០.០០០នាក់ ក្នុងមួយថ្ងៃ។
លោកបញ្ជាក់បន្ថែមថា រដ្ឋាករ បានបំពាក់នូវម៉ាស៊ីនទូទាត់ប្រាក់តាមប្រព័ន្ធ អេឡិកត្រូនិក ដោយប្រើប្រាស់កាត NFC របស់ធនាគារឯកទេសវីង និងអេស៊ីលីដា ទាន់ចិត្ត (QR-Code) របស់ធនាគារអេស៊ីលីដា នៅលើរថយន្តក្រុងទាំងអស់ និងបានរៀបចំជម្រករង់ចាំថ្មី (Bus Shelter) ចំនួន ១៧៧ទីតាំង លើចំណតរង់ចាំ (Bus Stop) ចំនួន ៩០៤ទីតាំង ដោយបំពាក់ភ្លើងបំភ្លឺ និង WIFI នៅលើរថយន្តក្រុងផងដែរ៕ដោយ សុខជា