(ភ្នំពេញ) ឯកឧត្តម វ៉ា ស៊ីមសូរិយា អ្នកនាំពាក្យ ក្រសួងសាធារណការ និងដឹកជញ្ជូនបានថ្លែងបា្រប់ឲ្យដឹងថា ការសាងសង់ផ្លូវល្បឿន លឿន ភ្នំពេញ-ខេត្តព្រះសីហនុ ប្រវែងជាង ១៩០គីឡូម៉ែត្រ នឹងចាប់ផ្តើមសាងសង់ នៅខែមីនាខាងមុខនេះហើយ។
ឯកឧត្តម វ៉ា ស៊ីមសូរិយា ត្រូវបានគេហ ទំព័រគណបក្សប្រជាជនកម្ពុជា http://www.cpp.org.kh ស្រង់សម្តី មកផ្សាយថា“ការកំណត់ពេលវេលាសាងសង់របស់លោកទេសរដ្ឋមន្ត្រីជាក់លាក់ហើយតែជួនកាលការដោះស្រាយផលប៉ះពាល់មិនរួចទាន់ពេលវេលា ក៏អាចធ្វើឲ្យគម្រោងនេះ មិនដំណើរការដែរ។
ខ្ញុំគ្រាន់តែអាចបញ្ជាក់ បានថា ឯកឧត្តមទេសរដ្ឋមន្ត្រីបានប្រាប់ថា ការសាងសង់ផ្លូវនេះនឹងធ្វើនៅខែមីនា ខាងមុខនេះ”។ លោក វ៉ា ស៊ីមសូរិយា បន្តថា ផ្លូវនេះ នឹងចេញដំណើរនៅចំណុចប្រសព្វគ្នានៃផ្លូវរថភ្លើង ដែលស្ថិត នៅក្បែរ តំបន់កប់ស្រូវ និងស្ថិតនៅខាងស្តាំដៃនៃផ្លូវជាតិលេខ៤ ហើយផ្លូវនេះនឹងរត់ស្របគ្នា ជាមួយផ្លូវជាតិលេខ៤ ប្រមាណ ៣០គីឡូម៉ែត្រ និងនៅពេលទៅជិតដល់ទីរួមខេត្តកំពង់ស្ពឺ ផ្លូវនេះនឹង ឆ្លងកាត់ ផ្លូវជាតិលេខ៤ ងាកមកឆ្វេងដៃ។
អ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូនបន្តថាបន្ទាប់ពីឆ្លងកាត់ផ្លូវជាតិលេខ៤ ងាកមកឆ្វេង ដៃផ្លូវនេះនឹងរត់ស្របគ្នានឹងផ្លូវជាតិលេខ៤ នៅផ្នែកខាងឆ្វេងដៃ រហូតដល់ស្រុកព្រៃនប់ ទើបផ្លូវនេះឆ្លង កាត់ផ្លូវជាតិលេខ៤ មកខាងស្តាំដៃវិញ ហើយបន្តរហូតដល់សមុទ្រនៃទឹកដីក្រុងព្រះសីហនុតែម្តង។
លោក វ៉ា ស៊ីមសូរិយា បន្តថា ផ្លូវនេះ នឹងសាងសង់ឡើងដោយក្រុមហ៊ុនស្ពាន ថ្នល់ប្រទេសចិន ដែលបាន នាំចូលគ្រឿង ចក្រតម្លៃ១០០លានដុល្លារមកដល់កម្ពុជា រួចហើយ។ ក្រុមហ៊ុននេះ ក៏ទទួលបន្ទុកសាងសង់ ផ្លូវល្បឿនលឿនភ្នំពេញ-បាវិត នាពេលខាងមុខផងដែរ។
លោក វ៉ា ស៊ីមសូរិយា បានបន្ថែមថា ផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ នឹងសាងសង់មាន របងនៅ សងខាង ដើម្បីធ្វើយ៉ាងណាមិនឲ្យមានចំណុចឆ្លងកាត់ច្រើន ព្រោះវារំខានដល់ការធ្វើដំណើរ និងមិនអាច បើកបរបានលឿន ព្រោះល្បឿននៃការបើកបរនៅលើផ្លូវនេះអ្នកបើកបរ អាចបើកបរក្នុងល្បឿន ១២០ ទៅ ១៦០ គ.ម. ក្នុងមួយម៉ោងបាន។
កាលពីចុងឆ្នាំ២០១៨ក្រសួងសាធារណការនិងដឹកជញ្ជូន បានប្រកាសថា គម្រោងសាងសង់ ផ្លូវល្បឿន លឿន ភ្នំពេញ-ព្រះសីហនុ (Phnom Penh-Sihanoukville Expressway) ជាខ្សែផ្លូវថ្មីទាំងស្រុង ដែលមាន ប្រវែងសរុបប្រហែលជាង ១៩០ គ.ម ដោយគ្រោងចំណាយប្រមាណ ២.០០០ លានដុល្លារ។ ផ្លូវនេះ ត្រូវសាងសង់ជា ៤គន្លង តួផ្លូវមានទទឹង ២៤ម៉ែត្រ ក្រាល AC មានសួនច្បារខណ្ឌកណ្តាលចេញ ពីភ្នំពេញ នៅចំណុចផ្លូវខ្សែក្រវាត់ក្រុងទី៣ មានផ្លូវបំបែកប្តូរទិស (Inter-Change) ភ្ជាប់ មកផ្លូវជាតិលេខ៤ ចំនួន៧ កន្លែងមានស្ពានវែង-មធ្យម ៥៦កន្លែង ប្រវែង៤.៤១៧ម៉ែត្រ ស្ពានខ្លី៣៣កន្លែងប្រវែង៧៥០ម៉ែត្រ ស្ពានរំលង៣២១កន្លែង កន្លែងឈប់សម្រាក ៣កន្លែង និងហេដ្ឋារចនាសម្ព័ន្ធសំណង់ សេវាគាំទ្រ ជាច្រើនទៀត។ ការវិនិយោគលើគម្រោងផ្លូវល្បឿនលឿននេះត្រូវអនុវត្តតាមទម្រង់សាងសង់-ប្រតិបត្តិ-ផ្ទេរ (BOT) ដោយប្រើប្រាស់រយៈពេលសាងសង់ចំនួន ៤៨ ខែ។
ក្រសួងសាធារណការ និងដឹកជញ្ជូន បានប្រកាសថា គម្រោងសាងសង់ផ្លូវល្បឿនលឿនរាជធានីភ្នំពេញ-ខេត្តព្រះសីហនុ បានចុះហត្ថលេខាលើកិច្ចព្រមព្រៀង សម្បទាន កាលពីថ្ងៃទី១១ ខែមករា ឆ្នាំ២០១៨ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងលោក លី ខឺឈាំងនាយករដ្ឋមន្ត្រី នៃសាធារណរដ្ឋប្រជាមានិតចិន៕ប្រភពFacebook