(ភ្នំពេញ) អភិបាលរាជធានីភ្នំពេញអះអាងថា កំណើនសេដ្ឋកិច្ចនៃប្រទេសកម្ពុជា បច្ចុប្បន្នកំពុងស្ថិត ក្នុងគន្លង ប្រទេស កំពុងអភិវឌ្ឍន៍ដែលមានចំណូលមធ្យមកម្រិតខ្ពស់នៅក្នុងឆ្នាំ២០៣០ ទៅតាមយុទ្ធសាស្ត្រ របស់រាជ រដ្ឋាភិបាលក្រោយពីកម្ពុជាមានសហនាមថា “ខ្លាសេដ្ឋកិច្ចអាស៊ី” នៅឆ្នាំ២០១៦មក។
ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានអះអាងដូច្នេះ កាលពីរាត្រីថ្ងៃទី១៩ ខែកុម្ភៈ ម្សិលមិញ ក្នុងពិធីអបអរសាទរខួប៥ឆ្នាំ នៃការដាក់ឱ្យដំណើរការរោងច្រកផលិតបង្គោលភ្លើង លូបេតុង Phnon Penh Precast Plants ស្ថិតនៅគីឡូម៉ែត្រលេខ៩ ខណ្ឌឬស្សីកែវ។ ឯកឧត្តមអភិបាលកំណើនឈានឡើងដូច្នេះ អាស្រ័យដោយប្រទេសកម្ពុជា មានស្ថេរភាពនយោបាយល្អ មានអ្នកវិនិយោគិន ពីបរទេសមានកំណើន កើនឡើងជារៀងរាល់ឆ្នាំ វិស័យសំណង់មានការកើនឡើងខ្ពស់ក្នុងរយះពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។
អភិបាលរាជធានីភ្នំពេញ ឃួង ស្រេង មានប្រសាសន៍ថា បច្ចុប្បន្នប្រជាពលរដ្ឋទាំងនៅរាជធានីភ្នំពេញ និងតាមបណ្តាខេត្តនានាទូទាំងប្រទេសកម្ពុជា បាននឹងកំពុងរីករាយទទួលនូវមនុញ្ញផលនៃ ការអនុវត្តន៍ គោលនយោបាយយុទ្ធសាស្រ្តរបស់រាជរដ្ឋាភិបាលកម្ពុជា ឈរលើមូលដ្ឋានសសរស្តម្ភទាំងបួននៃកំណើន រួមមានវិស័យកសិកម្មឧស្សាហកម្មសំណង់និងទេសចរណ៍ ដែលជារបៀបវារៈនៃការអភិវឌ្ឍនិង ជំរុញឲ្យ មានកំណើនសេដ្ឋកិច្ចប្រចាំឆ្នាំក្នុងរង្វង់ ៧% ព្រមទាំងសម្រេចបាននូវបង្គោល គោចរការក្លាយ ជាប្រទេស មានចំណូលមធ្យមកម្រិតទាបជាផ្លូវការនៅឆ្នាំ ២០១៥ នឹងត្រូវបានប្រសិទ្ធនាមថា ជាខ្លាសេដ្ឋកិច្ច នៅអាស៊ីនៅឆ្នាំ ២០១៦ ព្រមទាំងកំពុងស្ថិតក្នុងគន្លងប្រែក្លាយទៅ ជាប្រទេសកំពុងអភិវឌ្ឍន៍ មានចំណូល មធ្យមកម្រិតខ្ពស់នៅឆ្នាំ ២០៣០ ខាងមុខ។
គោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលបានខិតខំទាំងការវិនិយោគទាំងក្នុងនិងក្រៅប្រទេស ពិសេសគឺការខិតខំបង្កើននូវទំនុកចិត្តនិងជំនឿជឿជាក់ជូនដល់វិនិយោគិន ធុរជន ក្នុងវិស័យ ឧស្សាហកម្ម សំណង់ ដែលកំពុងបោះជំហានទៅមុខ យ៉ាងលឿនសមស្របទៅ នឹងការកើនឡើង នូវចំណូលប្រចាំ ខែរបស់ប្រជាពលរដ្ឋម្នាក់ៗ សំដៅរួមចំណែកជំរុញឲ្យមានកំណើនសេដ្ឋកិច្ច និងការ អភិវឌ្ឍន៍ រាជធានី ភ្នំពេញឲ្យកាន់តែស៊ីវិល័យបន្ថែមទៀត។ ឯកឧត្តម ឃួង ស្រេង បញ្ជាក់ថាបច្ចុប្បន្នកំណើនគិតជាGDPចំ ណូលរបស់ប្រជាពលរដ្ឋម្នាក់បានជាង២៤០០ដុល្លាអាមេរិក ក្នុង១ឆ្នាំ កំណើននេះហើយ ធ្វើឱ្យប្រជាពល រដ្ឋកម្ពុជាមានជីវភាពធូធាប្រសើរជាង១០ឆ្នាំកន្លងទៅ។
លោកឧកញ៉ា ជីង ធានសេង នាយកក្រុមហ៊ុនភ្នំពេញ Precast Plants ជាក្រុមហ៊ុនផលិត បង្គោលភ្លើង លូបេតុង សសរគ្រឹះបេតុងគ្រប់ប្រភេទ បានឱ្យដឹងថា ផលិតកម្មទាំងនេះ បានចូលរួមជាមួយរាជរដ្ឋាភិបាល ក្នុងការស្តារឡើងវិញ ហេដ្ឋារចនាសម្ព័ន្ធ នៅរាជធានីភ្នំពេញ ក៏ដូចជានៅទៅទាំងប្រទេស និងមានការ គាំទ្រពីអតិថិជនជាច្រើនផងដែរ៕