ពិធីបុណ្យមាឃបូជា ប្រារព្វធ្វើឡើង នៅបរិវេណព្រះមហាសក្យមុនីចេតិយ ភ្នំព្រះរាជទ្រព្យ

0
608

នៅថ្ងៃ១៥កើត ខែមាឃនេះ បណ្តាប្រទេសជាអ្នកកាន់ព្រះពុទ្ធសាសនា រួមទាំងប្រទេស កម្ពុជាផង បានប្រារព្ធពិធីបុណ្យមាឃបូជា ដែលជាពិធីបុណ្យដ៏ធំមួយក្នុងព្រះពុទ្ធសាសនា ហើយដែលប្រទេសកម្ពុជា បានប្រារព្ធពិធីបុណ្យនេះជារៀងរាល់ឆ្នាំ ដើម្បីជាការរម្លឹកដល់ថ្ងៃដែលព្រះពុទ្ធបានជួបជាមួយនឹងភិក្ខុ ១២៥០អង្គសម្តែងបាតិមោក្ខ និងដាក់អាយុសង្ខាររបស់ ព្រះអង្គ ពោលគឺការប្រារព្ធពិធីបុណ្យមាឃបូជានេះ គឺដើម្បីរម្លឹកនូវព្រឹត្តិការណ៏សំខាន់ៗ ៣យ៉ាងរួមមាន៖ ទី១. ការធ្វើចតុរង្គសន្និបាត, ទី២. ព្រះពុទ្ធសម្តែងឱវាទបាតិមោក្ខដល់ភិក្ខុ និងទី៣.ព្រះពុទ្ធទ្រង់ដាក់អាយុសង្ខារ។

សម្រាប់ពិធីបុណ្យប្រចាំឆ្នាំរបស់ព្រះពុទ្ធសាសនាដ៏មានសារៈសំខាន់នេះត្រូវបានប្រារព្ធធ្វើឡើងយ៉ាងអធឹកអធមនៅភ្នំព្រះរាជទ្រព្យ ស្រុកពញ្ញាឮ ខេត្តកណ្តាល កាលពីព្រឹកថ្ងៃអង្គារ៍ នេះ ក្រោមវត្តមានអញ្ជើញចូលរួមរបស់សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋ សភា ដែលជាពុទ្ធសានូបត្ថម្ភមួយរូបដ៏សំខាន់នៅក្នុងវិស័យព្រះពុទ្ធសាសនានៅកម្ពុជា ព្រម ទាំងវត្តមានមន្ត្រីអ្នកមុខ អ្នកការ និងប្រជាពុទ្ធបរស័ទយ៉ាងច្រើនកុះករ ដែលប្រកបដោយសទ្ធា ជ្រះថ្លាបំផុតចំពោះព្រះពុទ្ធសាសនា។

យោងតាមប្រវត្តិដែលចេញផ្សាយដោយគណៈកម្មាធិការជាតិរៀបចំបុណ្យជាតិ និង  អន្តរជាតិពណ៌នាថា ក្នុងសម័យព្រះពុទ្ធកាល ព្រះអង្គបានប្រជុំចតុរង្គសន្និបាតមួយ នៅ ថ្ងៃពេញបូណ៌មី ខែមាឃ ដោយមានព្រះភិក្ខុសង្ឃចំនួន ១២៥០អង្គចូលរួម ដោយឥតមាន នរណានិមន្ត ឬណាត់ពេលវេលាគ្នាសោះឡើយ ក៏ស្រាប់តែមកជួបជុំគ្នាក្នុងសំណាក់នៃព្រះបរមសាស្តាតែម្តង ដែលនេះគឺជាហេតុដ៏អស្ចារ្យ ដែលចតុរង្គសន្និបាតនេះមានតែម្តងគត់ប៉ុណ្ណោះក្នុងសម័យព្រះពុទ្ធ ដោយកាលនោះព្រះពុទ្ធបានសម្តែងឱវាទបាតិមោក្ខ ជាកម្រងដំបូន្មានរបស់ព្រះអង្គ ដើម្បីដឹកនាំសត្វលោកទាំងអស់ឲ្យរួចផុតទុក្ខ។ ឱវាទបាតិមោក្ខមានដូច ជា សេចក្តីអត់ធន់ ការមិនធ្វើបាបទាំងពួង ការបំពេញកុសល ការញ៉ាំងចិត្តរបស់ខ្លួនឲ្យផូរផង់ ការមិនពោលពាក្យតិះដៀល និងការមិនបៀតបៀនគ្នាជាដើម។

ចំណែកការដាក់អាយុសង្ខារ គឺជាថ្ងៃដែលព្រះពុទ្ធកំណត់ថា ៣ខែទៅមុខទៀត ព្រះអង្គ នឹងចូលព្រះនិព្វាន ដែលជាការលាចាកលោកនេះ ដោយពុំមានការចាប់បដិសន្ធិជាថ្មីឡើយ។  រយៈពេល៣ខែក្រោយ ព្រះអង្គក៏ចូលព្រះនិព្វាន ក្នុងព្រះជន្ម៨០ព្រះវស្សា ដែលហេតុទាំងពីរ ប្រការនេះនាំឲ្យអ្នកកាន់ព្រះពុទ្ធសាសនានាំគ្នាធ្វើពិធីបុណ្យមាឃបូជានេះឡើងជារៀងរាល់ឆ្នាំ ដើម្បីជាការរម្លឹកដល់ថ្ងៃព្រះពុទ្ធជួបភិក្ខុ ១២៥០អង្គសម្តែងបាតិមោក្ខ និងការដាក់អាយុសង្ខារ របស់ព្រះអង្គ។

ក្នុងឱកាសនៃការប្រារព្ធពិធីបុណ្យមាឃបូជាកាលពីព្រឹកមិញនេះដែរ ចាស់ព្រឹទ្ធាចារ្យ បានសម្តែងនូវអារម្មណ៍ប្រកបដោយសទ្ធាជ្រះថ្លាចំពោះព្រះពុទ្ធសាសនា និងបានអំពាវនាវ ដល់ពលរដ្ឋខ្មែរទូទៅ ជាពិសេសយុវជន ដែលជាទំពាំងស្នងឫស្សីឲ្យរួមគ្នាថែរក្សា គោរព ប្រណិបត្តិ និងលើកតម្កើងតម្លៃនៃព្រះពុទ្ធសាសនាឲ្យបានគ្រប់ៗគ្នា៕ប្រភព NCNDaily

 

LEAVE A REPLY

Please enter your comment!
Please enter your name here