ខេត្តកណ្ដាល ៖ កម្លាំងនគរបាលស្រុកអង្គស្នួល បានបើកប្រតិបត្តិការបង្ក្រាបក្រុមចោរកាប់ប្លន់ មានចំនួន៦នាក់ ឃាត់ខ្លួនបាន៤នាក់ ខណៈបក្ខពួក២នាក់ទៀត កំពុងរត់គេចខ្លួន ប្រតិបត្តិការបង្ក្រាបក្រុមចោរកាប់ប្លន់ម៉ូតូនេះ ធ្វើឡើងនៅថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០១៩ នៅចំណុចផ្លូវជាតិលេខ៥១ ភូមិត្រពាំងកក់ ឃុំសំរោងលើ ស្រុកអង្គស្នួល ខេត្តកណ្ដាល ។
ជនសង្ស័យមានគ្នាចំនួន៦នាក់ ត្រូវឃាត់ខ្លួន០៤នាក់៖
មានទី១ ឈ្មោះ ផាត តុលា ហៅថៃ អាយុ១៨ឆ្នាំ ឃាត់ខ្លួនថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០១៩ ជាអ្នកបើកម៉ូតូ និងរៀបចំផែនការធ្វើសកម្មភាព ។
ទី២ ឈ្មោះ យ៉ុង ពុទ្ធាចំណាន ហៅឈែ អាយុ១៧ឆ្នាំ,
ទី៣ ឈ្មោះ យ៉ាន់ សិរី ហៅសុច ហៅម៉ុច ហៅស៊ិច អាយុ១៧ឆ្នាំ
និងទី៤ ឈ្មោះ ភ័ក្រ ប្រុសម៉ៅ អាយុ១៥ឆ្នាំ ឃាត់ខ្លួនថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០១៩ ។
ចំណែកបក្ខពួកពីរនាក់ផ្សេងទៀតនោះ ឈ្មោះ ហ៊ាន វិច្ឆិកា ហៅកា អាយុ១៥ឆ្នាំ និងឈ្មោះ សុខ សាន់ដេត អាយុ១៥ឆ្នាំ (គេចខ្លួន) ។
លោក ថាច់ សុវណ្ណា ប្រធានផ្នែកនគរបាលព្រហ្មទណ្ឌ ស្រុកអង្គស្នួល បានឲ្យដឹងថា ក្រុមចោរទាំងនេះ បានធ្វើសកម្មភាពថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០១៩ បានកាប់ប្លន់ប្រជាពលរដ្ឋយកទ្រព្យសម្បត្តិ បណ្តាលឲ្យរងរបួសថែមទៀតផង ជនរងគ្រោះឈ្មោះ ផន ផល្លា ភេទប្រុស អាយុ៣០ឆ្នាំ មុខរបរបុគ្គលិកពេទ្យសត្វ ស្នាក់នៅភូមិ អំពិលទឹក ឃុំសំបូរ ស្រុកសំរោទង ខេត្តកំពង់ស្ពឺ ។
ក្នុងប្រតិបត្តិការខាងលើ ដកហូតបាន វត្ថុតាងម៉ូតូ០២គ្រឿង Honda Dream C125 ឆ្នាំ២០១៨ ពណ៌មាស និងឆ្នាំ២០១៩ ពណ៌ខ្មៅ ពាក់ផ្លាកលេខភ្នំពេញ1HM-1616 ជារបស់ជនសង្ស័យជិះធ្វើសកម្មភាព, កាំបិតស្នៀចំនួន០១, ទូរស័ព្ទ០២គ្រឿងIphone7plus និងHuawei ។
បើតាមជនរងគ្រោះ បានប្រាប់អោយដឹងថា នៅមុនពេលកើតហេតុ រួបគាត់បានចេញពីកន្លែងចាប់មាន់ នៅភូមិស្រែកាច់ ឃុំទួលព្រេជ ដើម្បីទៅផ្ទះ លុះមកដល់ចំណុចកើតហេតុ ស្រាប់តែជួបជនសង្ស័យជិះម៉ូតូឌុបគ្នាមកទន្ទឹម ហើយធាក់មួយជើងបណ្តាលឲ្យដួលម៉ូតូ រួចជនសង្ស័យម្នាក់ រត់ចុះមកកាប់គាត់១កាំបិត ចំកំភួនដៃខាងឆ្វេង ពេលនោះរូបគាត់មានការភិតភ័យបានរត់គេច ហើយជនសង្ស័យនាំគ្នាលើកម៉ូតូរបស់ជិះគេចខ្លួន ។ ក្រោយពេលកើតហេតុភ្លាមៗ រូបគាត់បានរត់មកប្តឹងមកសមត្ថកិច្ច ភា្លមនោះ កម្លាំងបានធ្វើការដេញតាម និងពួនស្ទាក់ លុះដល់ចំណុចភូមិស្នួលខ្ពស់ សង្កាត់កំបូល ខណ្ឌកំបូល រាជធានីភ្នំពេញ ទើបឃាត់ខ្លួនបានជនសង្ស័យម្នាក់ឈ្មោះ ផាត តុលា ហៅថៃ ។ លុះដល់ថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០១៩ ទើបកម្លាំងស្រាវជ្រាវ បង្ក្រាបឃាត់ខ្លួនជាបន្តបន្ទាប់បាន០៣នាក់ទៀត ។
តាមចម្លើយសារភាពរបស់ជនសង្ស័យ បានឆ្លើយថា បក្ខពួកខ្លួនមានគ្នាចំនួន០៦នាក់ បានធ្វើសកម្មភាពចំនួន០៥លើក ក្នុងនោះស្រុកអង្គស្នួល នៅផ្លូវជាតិលេខ៥១ ចំនួន០២លើក ។
បច្ចុប្បន្ន ជនសង្ស័យរួមជាមួយវត្ថុតាង ត្រូវបាននាំមកកាន់អធិការដ្ឋាន ដើម្បីបន្តចាត់ការតាមនីតិវិធី៕