កណ្តាល ៖ ឃាតកម្ម! ឪពុកសម្លាប់កូនបង្កើត នៅស្រុកកណ្ដាលស្ទឹង ករណីឃាតកម្មនេះកើតឡើងនៅវេលាម៉ោង០៦ និង៣០នាទីព្រឹកថ្ងៃទី ១១ ខែកុម្ភ: ឆ្នាំ២០១៩នៅចំណុចក្រោមផ្ទះ ជនរងគ្រោះ ក្នុងភូមិម្កាក់ ឃុំដើមឫស ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល ។
ជនរងគ្រោះឈ្មោះ ផង់ បាន ភេទប្រុស អាយុ៣៩ឆ្នាំ ជនជាតិខ្មែរ មុខរបរ កម្មករសំណង់ រស់នៅភូមិ-ឃុំកើតហេតុ។ ជនសង្ស័យឈ្មោះ ផង់ ជាង ភេទប្រុស អាយុ ៦៨ឆ្នាំ មុខរបរ កសិករ មានទីលំនៅស្នាក់នៅជា មួយជនរងគ្រោះ (ត្រូវជាឪពុកបង្កើតជនរងគ្រោះ)។
ជនសង្ស័យ ឈ្មោះ ផង់ ជាង បានទៅហូបការគេ ជាមួយចៅស្រីអាយុ ៤ឆ្នាំ នៅក្នុងភូមិ ដោយផឹកស្រាបៀរអស់ ២កំប៉ុង រហូតដល់ម៉ោង ៨និង១០នាទីយប់ ទើបត្រឡប់មកផ្ទះវិញ ដោះតែខោ មិនបានដោះអាវទេ គឺអាវដៃវែងពណ៌ផ្ទៃ មេឃ ស្លៀកខោជើងខ្លី ចូលដេកក្នុងបន្ទប់ក្រោមផ្ទះ។
ពេលកំពុងដេកនៅវេលាម៉ោងប្រហែល ២រំលងអាធ្រាត្រ ស្រាប់តែជនរងគ្រោះជាកូនឈ្មោះ ផង់ បាន ត្រឡប់មកពីហូបការគេក្នុងភូមិ ស្រែកឡូឡាជេរជនសង្ស័យជាឪពុក រួចជនសង្ស័យបានតបវិញថា ឡូឡាអីថ្មើរនឹងហើយមិនចូលដេក ស្រាប់តែជនរងគ្រោះ ស្ទុះយកដំបងឈើជ្រុង វាយជនសង្ស័យតែគេចផុត រួចនៅបន្តជេរជនសង្ស័យដដែល ឆ្លៀតពេលជនរងគ្រោះ ដើរទៅដេក លើអង្រឹងក្រោមផ្ទះ ជនសង្ស័យក៏ចូលក្នុងបន្ទប់ទាញយកដែកជ្រុង ជន្ទល់ទ្វារ ស្ទុះទៅវាយជនរងគ្រោះរហូតដល់ស្លាប់ រួចបោះដែកចោលខាងលិចផ្ទះ ហើយចូលសម្រាកទល់ភ្លឺ ។
ព័ត៌មានកម្លាំងសមត្ថកិច្ច បានបើកការស៊ើបអង្កេត ស្រាវជ្រាវ កំណត់មុខសញ្ញា ឈានដល់ការឃាត់ខ្លួនជនសង្ស័យ យកមកផ្តន្ទាទោស តាមនីតិវិធី៕
ប្រភព៖ស្នងការនគរបាលខេត្តកណ្តាល