ភ្នំពេញ៖ ចោរឆក់២នាក់ឆក់ កាបូបដៃយួរ ពីស្ត្រីជនជាតិចិនម្នាក់ យកទៅបាត់ដោយសុវត្ថិភាព ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១០និង៥០នាទីយប់ថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០១៩នេះ នៅតាមបណ្តោយផ្លូវសហព័ន្ធរុស្ស៊ី ស្ថិតក្នុងភូមិតាងួន សង្កាត់កាកាប១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
ស្ត្រីរងគ្រោះឈ្មោះ DAI SIBO អាយុ៤៥ឆ្នាំ ជនជាតិចិន មុខរបរ អ្នកគ្រប់គ្រងក្រុមហ៊ុន Cambodia china ស្នាក់នៅខុនដូរ អគារលេខ ១០៨៥ផ្លូវ៣៧១សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ។
មុនកើតហេតុគេឃើញស្ត្រីជាជនជាតិចិនបានជិះ PASS APP ពណ៌លឿងធ្វើដំណើរពីមុខព្រលានយន្តហោះអន្តរជាតិភ្នំពេញ ក្នុងទិសដៅលិចទៅកើត ខណៈមកដល់ចំណុចខាងលើ ស្រាប់តែមាន ជនសង្ស័យ២នាក់ ជិះម៉ូតូមួយគ្រឿង ម៉ាកឌ្រឹមសង់ សេ១២៥ ពណ៌ខ្មៅ មិនចាំស្លាកលេខ តាមពីក្រោយមក ធ្វើឆក់យកកាបូបយួរកាន់ជាប់ដៃ ពេលនោះបានប្រតាយប្រតប់ទៅវិញទៅមកដែរ តែដណ្តើម បានតែដៃកាបូបប៉ុណ្ណោះ ចំណែកកាបូប ចោរឆក់យក ទៅបាត់ដោយ សុវត្ថិភាព។ ក្នុងកាបូប មានលុយដុល្លា៩៦៥ដុល្លារ កាត ATM ចំនួន០៨ បាស័្ពរមួយ និងឯកសារមួយចំនួន។
ស្ត្រីជនជាតិចិនរងគ្រោះ បានត្រឹមដើរគ្រវីក្បាល ហួសចិត្ត ត្បិតបទល្មើស ដូចជាងាយៗពេកហើយ ទោះខ្លួនខំស្រែក ដង្ហោយហៅរកគេអោយជួយដែរ តែគ្មានឃើញអ្នកណាជួយសោះ សូម្បីតែសមត្ថកិច្ច បានត្រឹមតែមើលជនសង្ស័យនោះ ជិះចេញទៅបាត់ប៉ុណ្ណោះ ក្រោយមកជនរងគ្រោះបានអោយអ្នកបើករ៉ឺម៉កកង់បី នាំទៅដាក់ ពាក្យប្តឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលកាកាប១ ឲ្យជួយស្រាវជ្រាវ ទាំងគ្មានសង្ឃឹមអ្វីបន្តិចសោះឡើយ៕