សមត្ថកិច្ច​ព្រះសីហនុ បំភ្លឺ​ជាថ្មី​ថា គ្រាប់កាំភ្លើង​បាញ់​ទៅលើ ហើយ​ធ្លា​ក់មក​ត្រូវ​ពលរដ្ឋ

0
340

ខេត្តព្រះសីហនុ៖ លោក ផៃ ប៊ុន​វណ្ណៈ អភិបាលរង​ខេត្ត​ព្រះសីហនុ បាន​បំភ្លឺ​ឲ្យ​សាធារណជន បាន​យល់ច្បាស់​ពី​ទំនាស់​ដីធ្លី​នៅ​ខេត្ត​ព្រះសីហនុ ដែល​កើតឡើង​ប៉ុន្មាន​សប្តាហ៍​មកនេះ រហូតដល់​មាន​អំពើហិង្សា​រវាង​ប្រជាពលរដ្ឋ​និង​សមត្ថកិច្ច ដែលជា​អ្នកទទួល​បញ្ជា​ដឹកនាំ​កម្លាំង​ដោះស្រាយ​បញ្ហា​នេះ ក៏​សម្រេច​ធ្វើ​សន្និសីទកាសែត នៅ​ថ្ងៃទី​៦ ខែកុម្ភៈ ឆ្នាំ​២០១៩​។

​នៅ​ចំពោះមុខ​ក្រុមអ្នកកាសែត ដោយមាន​ការចូលរួម​ពី​សមាជិក​ឧ​ត្ត​ម​ក្រុមប្រឹក្សា​ពិគ្រោះ​និង​ផ្តល់យោបល់​ផង​នោះ លោក ផៃ ប៊ុន​វណ្ណៈ សារភាព​ត្រង់ៗ​ថា កម្លាំង​សមត្ថកិច្ច ពិតជា​បាន​បាញ់កាំភ្លើង​ប្រមាណ​២០​គ្រប់ ឡើង​ទៅលើ ក្នុងពេល​ប្រឈមមុខ​ដាក់គ្នា​ជាមួយ​ប្រជាពលរដ្ឋ​។

លោក ថ្លែង​​ថា ដំបូង​ឡើយ សមត្ថកិច្ច គ្មាន​ចេតនា​ប្រើប្រាស់​អាវុធ​ឬក៏​ចង់​ឲ្យ​កើត​អំពើហិង្សា​នោះទេ ប៉ុន្តែ ដោយសារតែ​ខាង​ប្រជាពលរដ្ឋ ជា​អ្នក​ផ្តើម​មុន ដោយ​កែន​គ្នីគ្នា​រាប់រយ​នាក់ ទៅ​តវ៉ា រហូត​មាន​ដុត​កង់ឡាន គប់​ដប​សាំង ដប់​ដុំថ្ម និង​បាញ់​ចម្ពាម លើ​ក្រុមសមត្ថកិច្ច ដែល​បណ្តាល​ឲ្យ​ឆេះ​អេ​ស្កា​វ៉ាទ័រ និង​ឆេះ​ឡានទឹក ទើប​កម្លាំង​សមត្ថកិច្ច សម្រេច​បាញ់កាំភ្លើង​ឡើងលើ ដើម្បី​ឲ្យ​ប្រជាពលរដ្ឋ បញ្ឈប់​អំពើហិង្សា​។

​អភិបាលរង​រូបនេះ សន្និដ្ឋានថា ទំនងជា​គ្រប់​កាំ​ភ្លើង​ដែល​បាញ់​ឡើងលើ​នោះ​ហើយ ដែល​ត្រូវ​ប្រជាពលរដ្ឋ ពេល​ធ្លាក់ចុះ​មកក្រោម​វិញ​។ លោក បញ្ជាក់​បែបនេះ​ថា​៖«​ពេលនោះ មាន​អំពើហិង្សា​កើតឡើង ដោយមាន​ផ្ទុះអាវុធ​បាញ់​ឡើង​ទៅលើ ប្រហែល​ប្រមាណ​​២០​គ្រាប់ ហើយ​ប្រហែលជា​គ្រាប់​ធ្លាក់​មកវិញ ត្រូវរបួស​មនុស្ស​ម្នាក់ តែការ​រងរបួស​នេះ មិន​បង្ក​ឲ្យ​បាត់បង់​អាយុជីវិត​ទេ​»​។

គេ​មិនទាន់​ភ្លេច​ទេ​ថា ក្រោយពី​ប្រជាពលរដ្ឋ​ម្នាក់​ឈ្មោះ ពៅ សារ៉ន ត្រូវរបួស​ដោយ​គ្រាប់កាំភ្លើង ពេល​ទៅ​តវ៉ា​រឿង​ដីធ្លី​ជាមួយ​ប្រជាពលរដ្ឋ​ផ្សេងទៀត សមត្ថកិច្ច ហាក់​ព្យាយាម​ដកខ្លួន​ចេញពី​ទំនួល​ខុសត្រូវ​នេះ​។ កាលនោះ លោក ផៃ ប៊ុន​វណ្ណៈ បាន​បកស្រាយ​ថា គ្រាប់កាំភ្លើង​នោះ ជា​គ្រាប់កាំភ្លើង​ប្រភេទ​ឡុ​ក ដែល​មិនមែនជា​គ្រាប់កាំភ្លើង​របស់​សមត្ថ​កិច្ច​ឡើយ​។
​លោក ផៃ ប៊ុន​វណ្ណៈ ក៏​ដាក់​ការសង្ស័យថា ពេល​ចលាចល​កើតឡើង ដោយសារ​ការប្រទូសរ៉ាយ​រវាង​ប្រជាពលរដ្ឋ​និង​សមត្ថកិច្ច ជន​បាតដៃ​ទី​៣ ក៏​ឆ្លៀតឱកាស​បាញ់​ប្រជាពលរដ្ឋ​តែម្តង ដើម្បី​ទម្លាក់កំហុស​ឲ្យ​សមត្ថកិច្ច​។
​លើសពីនេះ តាមរយៈ​វីដេអូ​ដែល​គេ​ថត​បាន និង​បង្ហោះ​លើ​បណ្តាញ​សង្គម គេ ក៏​ឃើញ​សមត្ថកិច្ច បាន​ប្រើ​អំពើហិង្សា​លើ​ប្រជាពលរដ្ឋ​ផងដែរ ដោយ​ក្នុងនោះ មាន​សមត្ថកិច្ចម្នាក់ បាន​យក​កាំភ្លើង ទៅ​វាយ​ខ្នង​ប្រជាពលរដ្ឋ​ម្នាក់ ដែល​​អង្គុយ​លុតជង្គង់ ហើយ​ដៃ​ទាំង​២ ត្រូវបាន​ចងស្លាបសេក​។
សូមបញ្ជាក់ថា ទំនាស់​ដីធ្លី​នេះ កើតឡើង​នៅ​ភូមិ​គគីរ ឃុំ​បិត​ត្រាង ស្រុក ព្រៃនប់​ខេត្ត​ព្រះសីហនុ​៕ ប្រភព៖ Thmey Thmey

LEAVE A REPLY

Please enter your comment!
Please enter your name here