ខេត្តក្រចេះ: ប្តីអាយុ៣៣ឆ្នាំ ប្រចណ្ទ័ប្រពន្ឋអាយុ៥០ឆ្នាំ កើតជាហិង្សា ទាញអង្រែ នឹងដងចប វាយក្បាលប្រពន្ឋរហូតដល់ស្លាប់ ករណីឃាតកម្ម ដោយសារតែភ្លើងប្រច័ណ្ឌនេះបានកើតឡើងកាលពីថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០១៩ម្សិលមិញនេះស្ថិតក្នុងភូមិសំភិន ឃុំកំពង់ចាម ស្រុកសំបូរ ខេត្តក្រចេះ ។
តាមប្រភពមន្ត្រីនគរបាលស្រុកសំបូរ បានឲ្យដឹងថា ៖ករណីហិង្សាដោយចេតនាបង្កឡើងដោយជនសង្ស័យឈ្មោះ ឈីន សុឃាប (ជាប្តី) អាយុ៣៣ឆ្នាំ រស់នៅភូមិឃុំកើតហេតុខាងលើ បានឈ្លោះប្រកែកជាមួយជនរងគ្រោះឈ្មោះ អែប ពៅ(ជាប្រពន្ធ) ភេទស្រី អាយុ៥០ឆ្នាំ ទីលំនៅកន្លែងកើតហេតុ ហើយជនសង្ស័យបានយកអង្រែវាយប្រពន្ធចំក្បាលផ្នែកខាងក្រោយ ពេលអង្រែបាក់ជនសង្ស័យបានយកដងចបទៅវាយប្រពន្ធបន្ថែមទៀត បណ្ដាលឲ្យប្រពន្ធបែកក្បាលស្លាប់នៅនឹងកន្លែងតែម្តង។
មន្ត្រីនគរបាលរូបនោះបានបញ្ជាក់ថា ក្រោយពីកើតហេតុកម្លាំងជំនាញអធិការដ្ឋាននគរបាលស្រុកសំបូរ សហការជាមួយកម្លាំងប៉ុស្តិ៍រដ្ឋបាលឃុំកំពុងចាម ចុះទៅដល់កន្លែងកើតហេតុបានធ្វើការឃាត់ខ្លួនជនសង្ស័យមកសួរនាំ នៅអធិការដ្ឋាននគរបាលស្រុកសំបូរ។ ក្រោយពីកម្លាំងជំនាញបានសួរនាំជនសង្ស័យបានសារភាពថា មូលហេតុដែលខ្លួនឈ្លោះប្រកែកវាយប្រពន្ធ បណ្តាលឲ្យស្លាប់ គឺដោយសារប្រច័ណ្ឌប្រពន្ធរបស់ខ្លួនជាមួយអ្នកជិតខាង។ សូមបញ្ជាក់ជនសង្ស័យខាងលើ បានប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀនផងដែរ។
បច្ចុប្បន្នជនសង្ស័យខាងលើ ឃាត់ខ្លួនបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលស្រុកសំបូរនិងកំពុងកសាងសំណុំរឿងបញ្ជូនទៅកាន់ការិយាល័យជំនាញខេត្ត នៅរសៀលថ្ងៃទី១០ខែកុម្ភៈឆ្នាំ២០១៩នេះ ដើម្បីបំពេញនីតិវិធីច្បាប់បន្ត៕