ភ្នំពេញៈ ឃើញនារីម្នាក់ ដេកស្លៀកសារុង លើសាឡុង ស្ទុះទៅចាប់រំលោភ នាងស្រែកផ្អើល អ្នកជិតខាងនាំគ្នាជួយចាប់ប្រគល់ឲ្យប៉ូលិស ហេតុការណ៍នេះបង្កឲ្យមានការភ្ញាក់ផ្អើលឡើងនៅត្រង់ចំណុចផ្ទះលេខ២៤៤៨ ក្រុមទី១ ភូមិខ១ សង្កាត់ច្រាំងចំរេះទី២ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ នៅវេលាម៉ោង១២យប់ ថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០១៩។
ជនសង្ស័យឈ្មោះ សេង កុសល ហៅសើ អាយុជាង៥០ឆ្នាំមានទីលំនៅ ផ្ទះលេខគ្មាន ក្រុម៦ ភូមិក សង្កាត់ច្រាំងចំរេះទី២ មុខរបររត់ម៉ូតូឌុប(ឃាត់ខ្លួន) (ជនសង្ស័យមានសារធាតុញៀន)។
សមត្ថកិច្ចបានឲ្យដឹងថា កាលពីវេលាម៉ោង៨យប់ថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០១៩ ជនសង្ស័យបានមកផឹកស្រា នៅមុខផ្ទះកើតហេតុខាងលើ ពេលផឹករួចក៏ចូលទៅដេក មួយស្របក់ក្រោយមកក៏ងើបទៅបន្ទប់ទឹក លុះត្រទ្បប់មកវិញ ឃើញនារីរងគ្រោះកំពុងដេកលើសាទ្បុង មើលឃើញទំនងពេក ក៏ស្ទុះទៅធ្វើសកម្មភាព ចាប់រំលោភនារីរងគ្រោះតែម្តង ភ្លាមៗនោះនារីរងគ្រោះបានរើបម្រាស់ ហើយស្រែកឆោឡោឱ្យម្ចាស់ផ្ទះជួយបានទាន់ពេល បង្កការភ្ញាក់ផ្អើលដល់អ្នកជិតខាង រាយការណ៍ប្រាប់សមត្ថកិច្ចចុះមកជួយអន្តរាគមន៍ និងធ្វើការឃាត់ខ្លួនជនសង្ស័យមកធ្វើការសាកសួរ នៅស្នាក់ការប៉ុស្តិ៍តែម្តង។
ក្រោយកើតហេតុ ជនសង្ស័យត្រូវបានសមត្ថកិច្ចសង្កាត់ប៉ុស្តិ៍នគរបាលច្រាំងចំរេះទី២ ឃាត់ខ្លួន បញ្ជូនទៅធ្វើការសាកសួរ កសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីដើម្បីអនុវត្តន៍តាមនិតិវិធី៕