MC : សមត្ថកិច្ចនគរបាលខេត្តសៀមរាប បានឲ្យដឹងថា នៅវេលាម៉ោង២២និង៣០នាទីយប់ថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ២០១៩នេះ មានជនជាតិបរទេសម្នាក់ ឈ្មោះ MACLEAN MALCOLM IAN ភេទ ប្រុស កើតថ្ងៃទី០១-០៧-១៩៥៤ ជនជាតិអង់គ្លេស កាន់លិខិតឆ្លងដែនលេខ៥៥៨៣៤៥១៦៥ (ទិដ្ឋាការស្នាក់នៅប្រភេទស្វែងរកការងារ ) ដែលបានស្នាក់នៅភូមិគ្រឹះឡាលូនដឺអង្គរខុនដូមីនៀម ស្ថិតនៅភូមិទ្រាំង សង្កាត់ស្លក្រាមក្រុងសៀមរាប បានស្លាប់ ហើយត្រូវបានកម្លាំងការិយាល័យអន្តេាប្រវេសន៍ សហការជាមួយកម្លាំងការិយាល័យវិទ្យាសាស្រ្ត បច្ចេកទេស នៃស្នងការដ្ឋាននគរបាលខេត្ត ចុះទៅពិនិត្យសាកសព ។
លោកផេង ពេជ្រ នាយការិយាល័យវិទ្យាសាស្ត្រនិងបច្ចេកទេសបានឲ្យដឹងទៀតថា តាមការសាកសួរបងបង្កើត នៃសពបានឲ្យដឹងថា ពួកគេពីរនាក់បងប្អូន បានធ្វើដំណើរមកកាន់ប្រទេសកម្ពុជា កាលពីអំឡុងខែមិថុនា ឆ្នាំ២០១៨ តាមច្រកព្រលានយន្តហោះអន្តរជាតិសៀមរាប ស្នាក់នៅបន្ទប់លេខ៥០៤ នៃភូមិគ្រឹះនេះ ហើយរហូតដល់អំឡុងថ្ងៃទី០១ ខែមករា ឆ្នាំ២០១៩ ជនរងគ្រោះក៏ចាប់ផ្តើមមានជំងឺជាប់ជាប្រចាំ រហូតដល់វេលាម៉ោងប្រហែល២២និង៣០នាទី ថ្ងៃទី ០៨ ខែកុម្ភៈ ឆ្នាំ២០១៩នេះ ជនរងគ្រោះក៏បានស្លាប់ ។
ផ្អែកតាមការស្រាវជ្រាវរបស់សមត្ថកិច្ចជំនាញ ដែលពិនិត្យនៅលើខ្លួនសាកសព បានឲ្យដឹងថា សាកសពមានស្នាមដំបៅនៅលើថ្ពាល់ សពមានសភាពស្គមស្គាំងមើលទៅឃើញតែឆ្អឹង ហើយលោកវេជ្ជបណ្ឌិតអុិត ឆបឆរ័ត្ន គ្រូពេទ្យអមតុលាការបានសន្និដ្ឋានថា ជនរងគ្រោះស្លាប់ដោយជំងឺមហារីក ។
សាកសពត្រូវបានបញ្ជូនទៅតម្កល់ទុកបណ្តោះអាសន្ននៅមន្ទីរពេទ្យមិត្តភាពខ្មែរសូវៀត រាជធានីភ្នំពេញ ដើម្បីរង់ចាំក្រុមគ្រួសារមកទទួល ៕