(បន្ទាយមានជ័យ)៖ បុរសម្នាក់សង្ស័យបែកថ្នាំ ស្រែកគំរាមសម្លាប់ឱពុកម្តាយនិងអ្នកជិតខាង ចុងក្រោយត្រូវសមត្ថកិច្ចឃាត់ខ្លួន ហេតុការណ៍ឃាត់ខ្លួននេះធ្វើឡើងកាលពីវេលាម៉ោង ២១ និង ៤០នាទី
ថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០១៩ នៅចំណុចភូមិព្រហ៊ូត សង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។
កម្លាំងកងអន្តរាគមន៍កងរាជអាវុធហត្ថខេត្ត សហការជាមួយកម្លាំងជំនាញបទល្មើសព្រហ្មទណ្ឌ ដឹកនាំដោយលោកវរសេនីយ៍ទោ ព្រហ្ម ថេង ប្រធានមន្ទីរយុត្តិធម៌ បានចុះប្រតិបត្តិការបង្រ្កាបករណី គម្រាមថានឹងសម្លាប់ ប្រព្រឹត្តកាលពីថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០១៩ និងឃាត់ខ្លួនជនសង្ស័យបានចំនួន ០១នាក់ ។
លោកវរសេនីយ៍ទោ ព្រហ្ម ថេង បានឲ្យដឹងថា ៖ យោងតាមពាក្យបណ្តឹងរបស់ជនររងគ្រោះឈ្មោះ ជុំ សុគន្ធា ភេទ ស្រី អាយុ ៤៣ឆ្នាំ មានទីលំនៅស្ថិតក្នុងភូមិ/សង្កាត់កើតហេតុខាងលើ និងដោយទទួលបានការសម្របសម្រួលពីលោក មាស ច័ន្ទពិសិដ្ឋ ព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត លោកបានដឹកនាំកម្លាំងចុះធ្វើការស្រាវជ្រាវរកមុខសញ្ញាប្រព្រឹត្តបទល្មើស រហូតឈានដល់ការឃាត់ខ្លួនជនសង្ស័យបានចំនួន ០១នាក់ មានឈ្មោះ អ៊ីវ សំណាង ភេទប្រុស អាយុ ២៨ឆ្នាំ មានទីលំនៅស្ថិតក្នុងភូមិ/សង្កាត់កើតហេតុខាងលើ ។
តាមការបំភ្លឺរបស់ជនរងគ្រោះ បានឲ្យដឹងថា ៖ ជនសង្ស័យខាងលើ ជាជនប្រើប្រាស់គ្រឿងញៀន និងផឹកសារជាប្រចាំ ត្រូវបានឪពុកម្តាយយកទៅដាក់នៅមណ្ឌលកែប្រែម្តងរួចមកហើយ ក្រោយចេញពីមណ្ឌលកែប្រែជននេះមិនរៀងចាលទេ ថែមទាំងខឹងជាមួយឪពុកម្តាយ និងអ្នកជិតខាង ហើយបានស្រែកជេរដៀមដាម និងគម្រាមថានឹងសម្លាប់ បើអ្នកណាហ៊ានប្តឹងសមត្ថកិច្ចឲ្យចាប់រូបគេ ធ្វើឲ្យក្រុមគ្រួសាររបស់គាត់ខ្លាចរអារមិនហ៊ាននៅផ្ទះ ពេលនៅផ្ទះមិនហ៊ានដេក ព្រោះខ្លាចជនសង្ស័យចូលមកធ្វើសកម្មភាព ដូចការគម្រាមរបស់គេ ។
ផ្អែកលើចម្លើយសារភាពរបស់ជនសង្ស័យ និងយោងតាមពាក្យបណ្តឹងរបស់ជនរងគ្រោះ ឃើញមានតម្រុយពិរុទ្ធភាពនៃបទល្មើសជាក់លាក់ ជនសង្ស័យខាងលើអាចត្រូវចោទពីបទ គម្រាមថានឹងសម្លាប់ ។
បច្ចុប្បន្នកម្លាំងជំនាញកងរាជអាវុធហត្ថខេត្ត បានកសាងសំណុំរឿងបញ្ជូនជនសង្ស័យ ទៅតុលាការដើម្បីចាត់ការទៅតាមនីតិវិធី៕ ដើមរាំង