ចំណុចសំខាន់របស់អ្នកទិញនិងលក់ដី៖ ការបំបែកក្បាលដីមិនបានត្រឹមត្រូវទៅឱ្យតិថិជននឹងមានហានិភ័យអ្វីខ្លះ

0
1262

​(ភ្នំពេញ​) ​ជា​រឿយ​ៗ​ការទិញ​-​លក់​ដី​ពុះ​ឡូ​តិ៍​ ​តែង​ត្រូវ​បាន​អ្នកជំនាញ​ ​ក៏ដូចជា​មន្រ្តី​ជាន់ខ្ពស់​របស់ក្រ​សួង​ដែនដី​នគរូបនីយកម្ម​ ​និង​សំណង់​ ​ចេញ​សេចក្ដីប្រកាស​ ​និង​ព្រមាន​ជា​ហូរហែរ​ដល់​អ្នកទិញ​ ​ក៏ដូចជា​អ្នក​អភិវឌ្ឍន៍​ផង​ដែរ​ ​ចៀសវាង​កើតមាន​ហានិភ័យ​នានា​ ​ដែល​ប្រាសចាក​ពី​ច្បាប់​អនុញ្ញាត​ ​ជាពិសេស​កា​របំ​បែប​ក្បាលដី​ ​និង​ចេញ​ប្លង់​កម្មសិទ្ធិ​ស្របច្បាប់​មិនបាន​ត្រឹមត្រូវ​តែម្ដង​។​ ​

​តើ​ការ​បំបែក​ក្បាលដី​ ​ឬ​ចេញ​ប្លង់​កម្មសិទ្ធិ​ខុស​នីតិវិធី​ច្បាប់​ ​នឹង​កើតមាន​បញ្ហា​បែប​ណា​?​ ​

​លោក​ ធី​ ​ប៊ុ​ន​ធឿ​ន នា​យក​ផ្នែក​ទីផ្សារ​ ​និង​ផ្នែក​លក់​ក្រុមហ៊ុន​ពុះ​ដី​ឡូ​តិ៍​នៅ​ស្រុក​អង្គស្នួល​ ​ស្ថិតនៅ​តាម​បណ្តោយ​ផ្លូវជាតិ​លេខ៤​ ​ដែល​ជា​តំបន់​កំពុង​មានការ​ផុសផុល​យ៉ាង​ខ្លាំង​លើ​ការ​ពុះ​ដី​ឡូ​តិ៍​លក់​ ​បាន​មានប្រសាសន៍​ឲ្យដឹង​កាលពី​ថ្ងៃទី៦​ ​កុម្ភៈ​កន្លងមក​ថា​ ​ជាទូទៅ​ចំពោះ​ការ​ពុះ​ដី​ឡូ​តិ៍​លក់​ ​ក្រុមហ៊ុន​ដែល​ជា​អ្នក​អភិវឌ្ឍ​ត្រូវ​ទទួលខុសត្រូវ​ទៅលើ​ការរៀបចំ​ឯកសារ​ស្របច្បាប់​ទៅ​ឱ្យ​អតិថិជន​របស់​ខ្លួន​ ​ដែល​ក្នុង​នោះ​ការ​បំបែក​ក្បាលដី​ ​ឬ​ការរៀបចំ​ឯកសារ​ស្នើសុំ​ប័ណ្ណ​ម្ចាស់​កម្មសិទ្ធិ​ស្របច្បាប់​ ​ដែល​ទទួលស្គាល់​ដោយ​ក្រសួង​គឺជា​រឿង​សំខាន់​បំផុត​ ​ហើយ​វា​ក៏​ជា​ការ​បង្កើន​ទំនុកចិត្ត​ដល់​អតិថិជន​ផង​ដែរ​។​

​លោក​បន្ត​ថា​ ​“​ការរៀបចំ​ឯកសារ​ពាក់ព័ន្ធ​ ​នឹង​ការ​ស្នើសុំ​ប័ណ្ណ​កម្មសិទ្ធិ​ ​(​វិញ្ញា​បន​ប័ត្រ​សម្គាល់​ម្ចាស់​អចលនវត្ថុ​)​ ​ត្រូវ​មានការ​ទទួលស្គាល់​ពី​អ​ជ្ញា​ធរ​ ​ចាប់ពី​ថ្នាក់​មូលដ្ឋាន​ឡើង​ទៅ​រហូតដល់​ថ្នាក់​ខេត្ត​ ​(​មន្ទីរ​)​ ​ទើប​ហៅថា​ស្របច្បាប់​ពេញលេញ​”​។​

 

​លោក ​ធី​ ​ប៊ុ​ន​ធឿ​ន បា​នប​ន្ត​ថា​ ​កាលពីមុន​ការរៀបចំ​ឯកសារ​ស្នើសុំ​ ​គឺ​មាន​ភាព​ងាយស្រួល​ ​ប៉ុន្តែ​ចាប់តាំងពី​ឆ្នាំ២០១៩​ ​រហូត​មក​ហាក់​មាន​ភាព​ពិបាក​ក្នុង​ការ​ស្នើសុំ​ ​រហូត​មាន​ក្រុមហ៊ុន​ពុះ​ដី​ឡូ​តិ៍​មួយចំនួន​បាន​រំលង​ពី​នីតិវិធី​ ​ឬ​ចេញ​លិខិត​ប្រាស់​ចាក​ពី​ច្បាប់​ទៅ​ឱ្យ​អតិថិជន​របស់​ខ្លួន​ ​(​ឆបោក​)​ ​ដែល​ធ្វើ​យ៉ាងណា​ឱ្យ​ការ​លក់​របស់​ខ្លួន​ទទួល​បាន​ជោគជ័យ​ទៅតាម​គម្រោង​ ​ដែល​ប្រការ​នេះ​វា​នឹង​ផ្តល់​ភាព​លំបាក​ ​ទៅដល់​អតិថិជន​នៅ​ថ្ងៃ​អនាគត​។​ ​

​ជាមួយគ្នា​នេះ​លោក​ឧកញ៉ា​ នួន​ ​រិទ្ធី​ ​ដែល​ជា​អ្នកជំនាញ​ផ្នែក​វិស័យ​អចលនទ្រព្យ​ ​និង​ជា​អគ្គនាយក​ក្រុមហ៊ុន​ ​Khmer​ ​Foundation​ ​Appraisal​ ​បាន​លើកឡើង​ផង​ដែរ​ថា​ ​ភាគច្រើន​អ្នកទិញ​ ​មិនបាន​ដឹង​ច្បាស់​ពី​បញ្ហា​ផ្លូវច្បាប់​នោះ​ទេ​ ​ដែល​វា​ក៏​ជា​ការទទួលខុសត្រូវ​របស់​ក្រុមហ៊ុន​ ​ដែល​ជា​អ្នក​អភិវឌ្ឍន៍​ទាំងស្រុង​ ​ហើយ​ចំពោះ​ក្រុមហ៊ុន​មួយចំនួន​ដែល​មិន​មានលទ្ធភាព​ ​ក្នុង​ការរៀបចំ​ឯកសារ​ក្នុង​ការ​ស្នើសុំ​បំបែក​ក្បាលដី​ ​និង​ចេញ​បណ្ណ​សម្គាល់​ម្ចាស់​កម្មសិទ្ធិ​ឱ្យ​អតិថិ​ជ​របស់​ខ្លួន​ ​អាច​បណ្តាល​មក​ពី​ក្រុមហ៊ុន​ទាំងនោះ​មិនបាន​ចុះបញ្ជី​ស្របច្បាប់​នៅឡើយ​ ​ហើយ​ប្រកាស​លក់​ពុះ​ដី​ឡូ​តិ៍​បែប​អាណា​ធិប​តេយ្យ​ ​ដែល​ប្រការ​នេះ​វា​បង្ក​ហានិភ័យ​ខ្ពស់​ ​ដល់​អតិថិជន​នៅ​ថ្ងៃ​អនាគត​ ​ឬ​អាច​ឈាន​ដល់​ការ​ខាត​បង​ទ្រព្យ​ទាំងស្រុង​។​ ​

​លោក​បន្ត​ថា​ ​“​អតិថិជន​ចាំបាច់​ត្រូវ​ស្វែងយល់​ ​ពីក​ត្តា​ផ្លូវច្បាប់​ពាក់ព័ន្ធ​មួយចំនួន​មុននឹង​សម្រេចចិត្ត​ចំណាយ​លុយ​ទិញ​ដី​ឡូ​តិ៍​ទាំងនោះ​ ​ដូចជា​ ​សួរនាំ​ឱ្យ​ដឹង​ច្បាស់​ថា​ ​តើ​ក្រុមហ៊ុន​ដែល​ជា​អ្នកលក់​មាន​ចុះបញ្ជី​ត្រឹមត្រូវ​ឬទេ​ ​?​ ​តើ​ក្រុមហ៊ុន​ ​មាន​អាជ្ញាប័ណ្ណ​ ​ដែល​ទទួលស្គាល់​ដោយ​ក្រសួង​ ​និង​មាន​ជាប់ពាក់ព័ន្ធ​ទៅ​នឹង​បណ្ដឹង​ឬទេ​?​”​។​

លោក​បន្ត​ថា​ ​“​ជាមួយគ្នា​នេះ​ ​អតិថិជន​ក៏​ត្រូវ​ដឹងពី​ប្រវត្តិ​ដី​ ​រួម​ជាមួយនឹង​ការ​ស្វែងយល់​ពី​ប្លង់​គោល​របស់​ក្រុមហ៊ុន​ស្របតាម​គោលការណ៍​ ​និង​សេចក្ដីជូនដំណឹង​ ​(​ស​,​ជ​,​ណ​)​ ​របស់ក្រ​សួង​ជាដើម​ ​ដូចជា​ទំហំ​ផ្លូវត្រូវ​ទុក​យ៉ាង​យ៉ាងតិច៨ម៉ែត្រ​ ​មាន​បណ្តាញ​អគ្គិសនី​ ​មាន​ប្រពន្ធ​បង្ហូរទឹក​ត្រឹមត្រូវ​ ​ដែល​ទាំងអស់​នេះ​ ​អតិថិជន​ត្រូវតែ​ទាមទារ​ស្វែងយល់​ឱ្យ​បាន​លម្អិត​ ​ហើយ​អ្វី​ដែល​សំខាន់​ ​តើ​តំបន់​អភិវឌ្ឍ​ដែល​ពុះ​ដី​ឡូ​តិ៍​ ​មាន​ជាប់ពាក់ព័ន្ធ​ទៅ​នឹង​គម្រោង​ប្លង់​មេ​របស់ក្រ​សួង​ដែរ​ឬទេ​ ​ដើម្បី​ចៀសវាង​មាន​បញ្ហា​ទៅ​ថ្ងៃក្រោយ​”​៕

LEAVE A REPLY

Please enter your comment!
Please enter your name here