ស្ត្រីម្នាក់បានស្លាប់ ខណៈសម្រាលកូន នៅមណ្ឌលសុខភាព «មេ.ស.ថ្ងក» ស្រុកចន្រ្ទា

0
379

(ស្វាយរៀង)៖ ស្ត្រីម្នាក់ឈ្មោះ ប្រាក់ សូដា បានស្លាប់ក្រោយពេលសម្រាលកូនរួច នៅមន្ទីមណ្ឌលសុខភាព «មេ.ស.ថ្ងក» ស្ថិតនៅភូមិពោធិ៍ ឃុំមេ.ស.ថ្ងក ស្រុកចន្រ្ទា ខេត្តស្វាយរៀង កាលពីវេលាម៉ោង៤៖០០រសៀល ថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០១៩។


បើតាមការបានអះអាង របស់ក្រុមគ្រួសារសពបញ្ជាក់ថា ប្អូនស្រីរបស់គាត់មានឈ្មោះ ប្រាក់ សូដា បានឈឺពោះសម្រាលកូន តាំងតែពីម៉ោងប្រហែល២៖០០រសៀល ហើយកូនសម្រាលមក មានសុខភាពល្អប្រសើរណាស់។ ប៉ុន្តែដោយគ្រូពេទ្យមិនដឹងថា មានជំនាញច្បាស់លាស់ ឬយ៉ាងណានោះទេ បន្ទាប់ពីទម្លាក់សុកធ្វើឲ្យប្អូនស្រីរបស់គាត់ មានអាការៈធ្លាក់លោហិតយ៉ាងច្រើន ហើយចេះតែខ្សោយទៅៗ រហូតដល់ម៉ោងប្រហែល៤៖០០រសៀល ទើបបញ្ជូនបន្តទៅមន្ទីពេទ្យបង្អែកជីភូ។

ប្រភពខាងលើបានបន្តទៀតថា ជាអកុសល ពេលទៅដល់មន្ទីពេទ្យភ្លាម ប្អូនគាត់ក៏បាត់បង់ជីវិតចោលបុត្រា និងក្រុមគ្រួសារស្វាមីបងប្អូនទាំងវ័យក្មេងខ្ចីបែបនេះ។ ការស្លាប់នេះនៅមិនទាន់ដឹងមូលហេតុច្បាស់លាស់ណាមួយ ពីក្រុមគ្រូពេទ្យបញ្ជាក់យ៉ាងណានោះទេ។

ក្នុងនោះដែរគ្រួសារជនរងគ្រោះ បានសំណូមប្រធានមន្ទីរសុខាភិបាល ខេត្តស្វាយរៀង មេត្តាជួយសម្រួលចាត់មន្រ្តី ចុះមកអន្តរាគមន៍ស្រាវជ្រាវចំពោះបញ្ហានេះផង ដោយហេតុថាជីវិតជនរងគ្រោះស្លាប់ហើយ មិនអាចរស់វិញបានទេ។ នេះជាការសោកសង្រេងដ៏ធំធេង ដែលមិនអាចកាត់ថ្លៃបានឡើយ ហើយសូមកុំឲ្យបញ្ហានេះកើតឡើង ចំពោះបងប្អូនប្រជាពលរដ្ឋ ដែលមានផ្ទៃពោះក្រោយៗទៀត។

សពប្អូនស្រី ប្រាក់ សូដា ត្រូវបានក្រុមគ្រួសាររៀបចំពិធីបុណ្យ តាមប្រពៃណីនៅគេហដ្ឋានប្អូនស្រី ស្ថិតនៅភូមិថ្នល់កែង សង្កាត់បាទី ក្រុងបាវិត ខេត្តស្វាយរៀង។

 

មណ្ឌលសុខភាព «មេ.ស.ថ្ងក» ស្រុកចន្រ្ទានេះ ធ្លាប់មានប្រជាពលរដ្ឋរិះគន់ច្រើនដងហើយ ចំពោះអាកប្បកិរិយានៃអ្នកគ្រូពេទ្យ ដែលមិនសមរម្យក្នុងការជួយសង្គ្រោះ ជាពិសេសប្រើសម្តីអសុរសជាច្រើនផង ទៅលើអ្នកជំងឺ ដែលធ្វើឲ្យអ្នកជំងឺខ្លះមិនហ៊ាននិយាយទេ ព្រោះមិនដឹងថា ទៅពឹងពាក់ខាងណាជួយអន្តរាគមន៍។

ប្រធានមន្ទីសុខាភិបាលខេត្តស្វាយរៀង បានអះអាងថា ចំពោះការរិះគន់ថាមណ្ឌលសុខភាព «មេ.ស.ថ្ងក»នេះ ធ្លាប់មានប្រជាពលរដ្ឋរិះគន់ច្រើនដងហើយ ចំពោះអាកប្បកិរិយា នៃអ្នកគ្រូពេទ្យដែលមិនសមរម្យ ក្នុងការជួយសង្គ្រោះ ជាពិសេសប្រើសម្តីអសុរសជាច្រើនផង ទៅលើអ្នកជំងឺនោះ បើមានករណីអ៉ីចឹងមែន លោកនឹងចាត់វិធានវិការ ចំពោះបុគ្គលនោះភ្លាម៕

LEAVE A REPLY

Please enter your comment!
Please enter your name here