ខេត្តកំពត ៖ មន្ត្រីនគរបាលបម្រើការងារនៅអធិការដ្ឋាននគរបាលស្រុកទឹកឈូម្នាក់ ត្រូវបានកម្លាំងការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់នៃស្នងការដ្ឋានខេត្តចាប់ ឃាត់ខ្លួន កាលពីវេលាម៉ោង១២និង០០នាទី ថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០១៩ នៅតាមដងផ្លូវលំ ឋិតក្នុងភូមិមាត់ពាម ឃុំម៉ាក់ប្រាង្គ ស្រុកទឹកឈូ ខេត្តកំពត ពីបទករណីហិង្សាដោយស្ថានទម្ងន់ (បាញ់បោះអាវុធខ្លីអនាធិបតេយ្យបណ្តាលអោយរបួសប្រពន្ឋខ្លួនឯង) ។
ប្រភពពីសមត្ថកិច្ចដដែលឲ្យដឹងថា ជនសង្ស័យឈ្មោះ ហុក ចេង ភេទប្រុស អាយុ៤៧ឆ្នាំ ជាមន្ត្រីនគរបាលនៃអធិការដ្ឋានស្រុកទឹកឈូបានបាញ់ចំនួន២គ្រាប់ បណ្តាលឲ្យត្រូវជនរងគ្រោះជាប្រពន្ឋរបស់ខ្លួនឈ្មោះ ឡាយ លី ភេទស្រី អាយុ៣៩ឆ្នាំ រស់នៅភូមិកើតហេតុខាងលើរងរបួសមួយគ្រាប់ ក្រោមជង្គង់ខាងស្តាំ ។
ប្រភពបានបន្តថា ការដែលជនសង្ស័យបាញ់នេះមូលហេតុ ករណីសាហាយស្មន់ (គឺប្តីនារីរងគ្រោះទៅលួចសាហាយស្មន់ជាមួយប្រពន្ធជនសង្ស័យ) ហើយជនសង្ស័យក៏ធ្លាប់បានធ្វើការណែនាំដល់ប្តីនារីរងគ្រោះនេះជាច្រើនដងរួចមកហើយដែរ ប៉ុន្តែប្តីនារីរងគ្រោះនៅតែលួចសាហាយស្មន់ជាមួយប្រពន្ធជនសង្ស័យដដែលទើបជនសង្ស័យផ្ទុះកំហឹងភ្លើងប្រច័ន្ទប្រពន្ធជាមួយប្តីនារីរងគ្រោះដោយបាញ់ប្តី ប៉ុន្តែគ្រាប់ផ្លាតត្រូវប្រពន្ធឲ្យរងរបួសជើងតែម្តង ។
លោកឧត្តមសេនីយទោ ស្នងការខេត្តបានប្រាប់ថា ទោះបីភាគីខាងប្តីស្ត្រីរងគ្រោះជាអ្នកសាហាយស្មន់ក៏ដោយការប្រើប្រាស់អាវុធបាញ់បោះបង្កឲ្យរងរបួសដល់អ្នកដទៃត្រូវតែអនុវត្តតាមច្បាប់ ។
ក្រោយពីមានហេតុការនេះកើតឡើងកម្លាំងការិយាល័យព្រហ្មទណ្ឌស្នងការខេត្តបានចុះទៅអន្តរាគមន៍ភ្លាមៗ ហើយបានឃាត់ខ្លួនជនសង្ស័យនាំមកស្នងការខេត្ត ដើម្បីធ្វើការសាកសួរនិងចាត់ការតាមនីតិវិធីច្បាប់ ៕