ភ្នំពេញ ៖ មន្ត្រីយោធាម្នាក់ត្រូវបានកម្លាំងសមត្ថកិច្ចកងរាជអាវុធហត្ថខណ្ឌ៧មករា ឃាត់ខ្លួន និងបញ្ជូនទៅកាន់ទីបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ កាលពីល្ងាចថ្ងៃទី០៤ ខែកម្ភៈ ហើយអតីតស្នងការរងនគរបាលក្រុងម្នាក់បានរត់គេចខ្លួន ក្រោយពីមានករណីផ្ទុះអាវុធដាក់គ្នាចំនួន៣គ្រាប់ពាក់ព័ន្ធទំនាស់រឿងជួសជុលផ្ទះ ។
តាមសាក្សីនៅកន្លែងកើតហេតុបានបង្ហើបឲ្យសមត្ថកិច្ចដឹងថា មន្ត្រីយោធាដែលត្រូវប៉េអឹមឃាត់ខ្លួននោះមានឈ្មោះ ជា ចិន្តា មានឋានន្ទរស័ក្តិវរៈសេនីយ៍ឯក ចំណែកភាគីដែលផ្ទុះអាវុធ ហើយបានរត់គេចខ្លួនឈ្មោះ គាវ ស៊ីថា អតីតជាស្នងការរងនគរបាលក្រុង។ ពួកគាត់មានផ្ទះលើក្រោមគ្នា ស្ថិតនៅផ្លូវលេខ១៣៩ សង្កាត់អូឬស្សី៣ ខណ្ឌ៧មករា រាជធានីភ្នំពេញ (មន្ត្រីយោធាមិនមានផ្ទះនៅទីនោះទេ ប្រហែលជាសាច់ញាតិហៅមកកាង) ។
សាក្សីបានរៀបរាប់ប្រាប់សមត្ថកិច្ចទៀតថា មុនកើតហេតុគេបានឃើញមន្ត្រីយោធា និងអតីតស្នងការរងក្រុង បានទាស់ពាក្យសំដីគ្នាពាក់ព័ន្ធរឿងជួសជុលផ្ទះ ហើយការទំនាស់ពាក្យសំដីគ្នាមួយប្រ៉ាវនោះ គេបានឃើញមន្ត្រីយោធាដកកាំភ្លើងគំរាមទៅលើអតីតស្នងការរងក្រុង រួចមន្ត្រីយោធារូបនោះបានដើរឡើងទៅលើផ្ទះជាន់ទី៣បាត់ទៅ ។ ឃើញដូច្នោះអតីតស្នងការរងក្រុងបានទាក់ទង និងរាយការណ៍ទៅនគរបាលមូលដ្ឋានដើម្បីជ្រាប និងឲ្យជួយអន្តរាគមន៍ករណីចោទថា មន្ត្រីយោធាបានប្រើអាវុធគំរាមក្នុងពេលមានជម្លោះ ។
សាក្សីបន្តទៀតថា បន្ទាប់ពីមានសេចក្តីរាយការណ៍ផ្ទាល់មាត់ អនុប្រធាននគរបាលប៉ុស្តិ៍រដ្ឋបាលសង្កាត់អូរឬស្សី៣ម្នាក់ ឈ្មោះ គិត ច័ន្ទតារា បានទៅដល់កន្លែងកើតហេតុភ្លាមដែរ ដែលស្របពេលនោះមន្ត្រីយោធាក៏បានចុះពីលើផ្ទះមកវិញ ហើយក៏មានការប៉ះពាក្យសំដីគ្នាជាមួយអតីតស្នងការរងក្រុងម្នាក់នោះទៀត
ភាគីទាំងពីរក៏មានទំនាស់គ្នាម្តងទៀត កាន់តែខ្លាំងក្លា រហូតមានការស្ទុះចង់វាយទាត់ធាក់គ្នា ប៉ុន្តែបានលោកអនុប្រធានប៉ុស្តិ៍ជួយឃាត់ ហើយឆ្លៀតឱកាសនោះអតីតស្នងការរងក្រុង បានដកយកកាំភ្លើងខ្លីពីចង្កេះលោក គិត ច័ន្ទតារា អនុប្រធាននគរបាលប៉ុស្តិ៍អូរឬស្សី៣ បាញ់ផ្ញុចដីចំនួន៣គ្រាប់ រួចរត់ចូលក្នុងផ្ទះបាត់ បណ្តាលឱ្យភ្ញាក់ផ្អើលដល់អ្នកដទៃដែលកំពុងសែនកុងម៉ា៕
ប្រភព៖ FB