កំពង់ឆ្នាំង ៖ មន្ត្រីសាលាខេត្តកំពង់ឆ្នាំងម្នាក់បានចងកសម្លាប់ខ្លួននៅក្នុងបន្ទប់ផ្ទះជួល មិនដឹងតាំងពីពេលណានោះទេទាល់តែធំក្លិនស្អុយទើបអ្នកស្នាក់ក្បែរនិងម្ចាស់ផ្ទះជួលមានការភ្ញាក់ផ្អើលនិងរាយការណ៍ទៅសមត្ថកិច្ចអោយចុះមកពិនិត្យមើល។
ករណីនេះបង្ករអោយមានការភ្ញាក់ផ្អើលកាលពីព្រឹកថ្ងៃទី៣ខែកុម្ភះ ឆ្នាំ២០១៩នៅផ្ទះជួលមួយកន្លែងឈ្មោះសិរីមង្គលក្នុងភូមិធម្មយុត្តិ សង្កាត់ប្អេរ ក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង ។
អត្ថឃាតជនឈ្មោះសួន វិរះ ភេទប្រុស អាយុ២៨ឆ្នាំជាមន្ត្រីបំរើការងារនៅសាលាខេត្តកំពង់ឆ្នាំង មានប្រពន្ធនិងមានកូន២នាក់នៅក្នុងបន្ទុក រស់នៅក្នុងឃុំអភិវឌ្ឍន៍ ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង ។ ប៉ុន្តែអត្តឃាតជនបានមកជួលបន្ទប់ស្នាក់ម្នាក់ឯងក្នុងភូមិ ឃំុ កើតហេតុខាងលើ ងាយ
ស្រួលជិតកន្លែងធ្វើការ ។
ពេលដែលមានការភ្ញាក់ផ្អើលពីដំបូងគេបានសន្និដ្ឋានថាជាករណីដេកស្លាប់ឬខ្យលគរ ពីព្រោះមានដាក់គន្លឹះទ្វារ និងបង្អួចជាប់ពីខាងក្នុង ប៉ុន្តែនៅពេលដែលសមត្ថកិច្ចគាស់បង្អួចដកគន្លឹះទ្វារចូលទៅពិនិត្យសពទើបដឹងថាមន្ត្រីរូបនេះចងកសម្លាប់ខ្លួន។
អត្តឃាតជនបានយកខ្សែរនីឡុងចងកទៅនឹងចម្រឹងដែកខាងលើទ្វារចូលទៅបន្ទប់ផ្ទះបាយ នឹង បណ្តាលអោយដាច់ខ្សែរនីឡុងនោះធ្លាក់សពមកលើឥដ្ឋផងដែរ។
គេមិនបានដឹងថា អត្តឃាតជនចងកសម្លាប់ខ្លួនតាំងពីពេលណាមកទេ ទើបតែដឹងនៅពេលដែលមានធំក្លិនស្អុយទៅហើយ ។ បើតាមមន្ត្រីសាលាខេត្តកំពង់ឆ្នាំងបានបញ្ជាក់ថា បាត់ឈ្មោះសួន វិរះ មិនឃើញទៅធ្វើការនឹងមិនអាចទំនាក់ទំនងតាមទូរស័ព្ទបានតាំងពីថ្ងៃទី៣១ មករា មកម្លេះ ហើយក្រុមគ្រួសារក៏បានអោយដឹងផងដែរថា គាត់តែងតែទៅផ្ទះនៅឯស្រុកទឺកផុសរៀងរាល់ល្ងាចថ្ងៃសុក្រ និង ត្រឡប់មកធ្វើការវិញនៅព្រឹកថ្ងៃច័ន្ទ ប៉ុន្តែនៅក្នុងសប្តាហ៍នេះមិនឃើញទៅផ្ទះទេ ស្រាប់តែព្រឹកថ្ងៃទី៣ មករា ទើបគេទូស័ព្ទទៅប្រាប់ថាវិរះចងកសម្លាប់ខ្លួន ។
គេមិនបានដឹងពីមូលហេតុច្បាស់លាស់ដែលនាំអោយសួន វិរះគិតខ្លីចងកសម្លាប់ខ្លួនដែរ ប៉ុន្តែមានប្រភពមួយបានបញ្ជាក់អោយដឹងថា សួន វិរះ មានវិបត្តិក្នុងគ្រួសារ
ដោយសារមានជម្លោះជាមួយប្រពន្ធជាញឹកញាប់ ហើយមុនពេលដែលសួន វិរះចងកសម្លាប់ខ្លួននេះ ក៏មានជម្លោះជាមួយប្រពន្ធយ៉ាងខ្លាំងផងដែរ ទើបប្រពន្ធទូរស័ព្ទមកមិនលើក។
ឱពុករបស់សួន វិរះ គឺជានាយទាហានមួយរូបបានបាននិយាយទាំងអួលដើមកថា គាត់មានកូនប្រុសតែម្នាក់គត់ក្នុងគ្រួសារ ហើយវិរះគឺជាមនុស្សល្អបំផុតគាត់ស្រឡាញ់កូន និង មានការសោកស្តាយយ៉ាងខ្លាំងដែលកូនប្រុសគាត់គិតខ្លីបែបនេះ ៕