រាជធានីភ្នំពេញ ៖ យុវជន៤នាក់របួសធ្ងន់សន្លប់ស្ដូកស្ដឹង និងម្នាក់ទៀតរបួសស្រាល ខណៈពេលដែលជិះម៉ូតូកាន់ខ្សែក្រវ៉ាត់ប្រដេញតាមវាយគ្នា ក្នុងល្បឿនយ៉ាងលឿន ចៃដន្យអកហ្សឺគ្នា ក៏ជ្រុលទៅបុករបាំងថ្មព្រួញពុះចែកផ្លូវ ទាំង២គ្រឿងតែម្ដង ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបង្កឲ្យមានការភ្ញាក់ផ្អើលឡើងកាលពីវេលាម៉ោង០១:០៥នាទីយប់ រំលងអាធ្រាត្រឈានចូលថ្ងៃអាទិត្យ ទី០៣ ខែកុម្ភៈ ឆ្នាំ២០១៩នេះ នៅចំណុចមុខរោងចក្រកាត់ដេ MV លេីកំណត់ផ្លូវជាតិលេខ២ ភូមិព្រែកតាឡុង សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
សាក្សីដែលឃើញហេតុការណ៍ផ្ទាល់បានរៀបរាប់ភ្នាក់ងារ KMN News ថា នៅមុនកើតហេតុគេឃើញ ក្រុមក្មេងស្ទាវជាច្រើននាក់ ជិះម៉ូតូ៣-៤គ្រឿង ឌុបគ្នាក្នុងល្បឿនយ៉ាងលឿន ដោយខ្លះមានកាន់ខ្សែក្រវ៉ាត់ជាប់ដៃ ធ្វេីដំណេីរតាមបណ្ដោយផ្លូវជាតិលេខ២ ក្នុងទិសដៅពីជេីងទៅត្បូង លុះជិះមកដល់ចំណុចកើតហេតុខាងលើ ស្រាប់តែយអកហ្សឺគ្នា ធ្វេីឲ្យម៉ូតូទាំង២គ្រឿង មួយគ្រឿងម៉ាក Honda Dream ប៊ិច កម្លាំងម៉ាស៊ីន110Cc ពណ៍ខ្មៅ ពាក់ស្លាកលេខភ្នំពេញ 1BI-3397 និងម៉ូតូមួយគ្រឿងទៀតម៉ាក EXCITER ពណ៍ខ្មៅ បិតតែមអក្សរអង់គ្លេស (មិនមែនស្លាកលេខ) ជ្រុលទៅបុករបាំងថ្មពុះចែកទ្រូងផ្លូវពេញទំហឹង បណ្ដាលឲ្យម៉ូតូដួលខ្ទាតជិត១០ម៉ែត្រ ចំណែកយុវជនទាំង៥នាក់នោះ ខ្ទាតផ្លោះបោកទៅលេីថ្នល់ រងរបួសធ្ងន់ដេកសន្លប់ស្ដូកស្ដឹងកណ្ដាលផ្លូវទាំង៤នាក់តែម្ដង (ក្នុងនោះមានម្នាក់របួសធ្ងន់ធ្ងរជាងគេ បាក់ភ្លៅខាងឆ្វេងចេញឆ្អឹង) ចំណែកឯយុវជនម្នាក់ទៀតរបួសស្រាល។
បន្តិចក្រោយមកមានកម្លាំងល្បាតប៉ុស្តិ៍នគរបាលចាក់អង្រែក្រោម ចុះមកដល់កន្លែងកើតហេតុ សម្រួលចរាចរណ៍ និងហៅរថយន្តគិលានសង្គ្រោះមួយគ្រឿង របស់គ្លីនិកឯកជន ហុងហាក់ មកដឹកជនរងគ្រោះយកទៅសង្គ្រោះផងដែរ។
បច្ចុប្បន្នក្រោយពីកើតហេតុ ម៉ូតូទាំង២គ្រឿង ត្រូវបានកម្លាំងល្បាតបាញ់គំនូស រួចហៅរ៉ឺម៉កកង់បីមកដឹកយកទៅរក្សាទុកបណ្ដោះអាសន្ន នៅស្នាក់ការនគរបាលប៉ុស្តិ៍រដ្ឋបាលចាក់អង្រែក្រោម ដើម្បីរងចាំដោះស្រាយគ្នាពេលក្រោយ៕
(មានវិដេអូ)
ដោយ៖ ម៉េង អ្នកសារព័ត៌មាន អត់លុយ