(ភ្នំពេញ) ឯកអគ្គរដ្ឋទូតឡាវ បានស្នើសុំ រាជរដ្ឋាភិបាលកម្ពុជា បន្តផ្ដល់កិច្ចសហប្រតិបត្តិការ ក្នុងវិស័យសន្តិសុខព្រំដែន ការការពារភាពស្របច្បាប់ របស់ពលរដ្ឋឡាវ នៅកម្ពុជា និងការធ្វើកាន់តែរីកចម្រើន ក្នុងទំនាក់ទំនងសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិស័យផ្សេងទៀត។
នៅរសៀលថ្ងៃព្រហស្បតិ៍ ទី៣១ ខែមករា ឆ្នាំ២០១៩នេះ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានអនុញ្ញាតឲ្យ លោក អាំផៃ គីនដាវង្ស (Amphay Kindavong) ឯកអគ្គរដ្ឋទូត នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ជួបសម្ដែងការគួរសម និងពិភាក្សាការងារ នៅទីស្ដីការក្រសួងមហាផ្ទៃ។
ក្នុងជំនួបជាមួយ ឯកឧត្តម ឯកអគ្គរដ្ឋទូតសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ សម្ដេចក្រឡាហោម ស ខេង បានសម្ដែងការអបអរសាទរ និងស្វាគមន៍ចំពោះ លោក អាំផៃ គីនដាវង្ស (Amphay Kindavong) ដែលត្រូវបានរដ្ឋាភិបាលឡាវ ផ្ដល់សេចក្ដីទុកចិត្តឲ្យមកបំពេញបេសកកម្មការទូតនៅកម្ពុជា ជាប្រទេសជាប់ព្រំដែន មានភូមិសាស្រ្ត ប្រវត្តិសាស្រ្ត ប្រពៃណី និងសាសនា ប្រហាក់ប្រហែលគ្នា។
បន្ទាប់មក សម្ដេចក្រឡាហោមឧបនាយករដ្ឋមន្រ្តី បានរំលឹកឡើងវិញអំពីដំណើរទស្សនកិច្ចផ្លូវការរបស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ទៅកាន់ប្រទេសឡាវ កាលពីចុងឆ្នាំ២០១៨ ដោយសម្ដេចបានជំរាបជូន លោក ឯកអគ្គរដ្ឋទូតឡាវ ថា តាមរយៈទស្សនកិច្ចនោះ ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងឡាវ ត្រូវបានពង្រឹង និងពង្រីកបន្ថែមមួយកម្រិតទៀត។
ជាមួយគ្នានេះ សម្ដេចក្រឡាហោម ក៏បានមានប្រសាសន៍អំពីកិច្ចសហប្រតិបត្តិការ រវាងក្រសួងមហាផ្ទៃកម្ពុជា និងក្រសួងសន្តិសុខសាធារណៈរបស់ឡាវ ដែលស្ថាប័នទាំងពីរ តែងតែរៀបចំធ្វើជាម្ចាស់ផ្ទះ កិច្ចប្រជុំពង្រឹងកិច្ចសហប្រតិបត្តិការ ជាមួយគ្នាជារៀងរាល់ឆ្នាំ ហើយសម្រាប់ឆ្នាំ២០១៩នេះ ក្រសួងមហាផ្ទៃនឹងទទួលរៀបចំ កិច្ចប្រជុំដោយសម្ដេចបានសង្កត់ធ្ងន់ថា កម្ពុជាបានត្រៀមរួចរាល់អស់ហើយ។
នាឱកាសនោះដែរ សម្ដេចក៏បានឆ្លៀតរំលឹកឡើងវិញ អំពីបញ្ហាប្រឈមមុខដាក់គ្នាខ្លះ រវាងប្រទេសទាំងពីរ ពិសេសពាក់ព័ន្ធនឹងបញ្ហាព្រំដែនកាលពីពេលកន្លងមក ដោយសម្ដេចបានសម្ដែងការអបអរសាទរ និងស្វាគមន៍ជាទីបំផុត នៅពេលថ្នាក់ដឹកនាំនៃប្រទេសទាំងពីរបាន និងកំពុងរួមគ្នាដោះស្រាយបញ្ហានេះ ដោយសន្តិវិធី។
លោក ឯកអគ្គរដ្ឋទូតឡាវ ក៏បានជំរាបជូន សម្ដេចឧបនាយករដ្ឋមន្រ្តី អំពីលទ្ធផលដ៏គួរឲ្យអបអរសាទរ នៃដំណើរទស្សនកិច្ចរបស់សម្ដេចតេជោ និងបានសម្ដែងការគាំទ្រ សម្ដេចក្រឡាហោម ចំពោះការអបអរសាទរ ការដោះស្រាយបញ្ហាប្រឈម ដោយសន្តិវិធីរវាងប្រទេសទាំងពីរនាពេលកន្លងមក។
លោកឯកអគ្គរដ្ឋទូត ក៏បានស្នើសុំ សម្ដេចក្រឡាហោ ស ខេង និងអង្គភាពពាក់ព័ន្ធ បន្តផ្ដល់ការគាំទ្រ ចំពោះការបំពេញការងារការទូត របស់លោកប្រចាំនៅកម្ពុជា ពិសេសពាក់ព័ន្ធកិច្ចសហប្រតិបត្តិការ ក្នុងវិស័យសន្តិសុខព្រំដែន ការការពារភាពស្របច្បាប់ របស់ពលរដ្ឋឡាវ នៅកម្ពុជា និងការធ្វើកាន់តែរីកចម្រើនក្នុងទំនាក់ទំនងសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិស័យផ្សេងទៀត៕