សម្តេចប្រធានរដ្ឋសភា ជឿជាក់ថា ឯកអគ្គរដ្ឋទូតស៊ុយអែតចប់អាណត្តិ បានឃើញពីការអភិវឌ្ឍនិងសភាពការពិតនៅកម្ពុជាដែលផ្ទុយពីការបំពងសំឡេងពីខាងក្រៅ

0
249

នៅក្នុងឱកាសអនុញ្ញាតឲ្យ ឯកអគ្គរដ្ឋទូតចប់អាណត្តិ ប្រទេសស៊ុតអែត ប្រចំានៅកម្ពុជា លោកជំទាវ ម៉ារៀ សាហ្គ្រេន (H.E. Ms. Maria Sargren) ចូលជួបសម្តែងការគួរសម និងជម្រាបលា សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា បានលើកឡើងថា សម្តេចជឿជាក់ថា ប៉ុន្មានឆ្នាំនៃបេសកកម្មការទូតនៅកម្ពុជា របស់លោកជំទាវ ពិតជាបានឃើញជាក់ស្តែង ការអភិវឌ្ឍន៍រីកចម្រើនជាបន្តបន្ទាប់របស់កម្ពុជា រួមទំាងសភាពការណ៍ពិតនៅកម្ពុជា ដែលផ្ទុយពីការបំពងសំឡេង នៅខាងក្រៅ ដើម្បីផលប្រយោជន៍នយោបាយនោះ។

លោកជំទាវ ម៉ារៀ សាហ្គ្រេន បានអបអរសាទរពីការរីកចម្រើនសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជា ដែលជាកក្តាសំខាន់នៅក្នុងការលើកកម្ពស់ជីវភាពពលរដ្ឋនិងការកាត់បន្ថយភាពក្រីក្រស្របតាមគោលដៅអភិវឌ្ឍន៍សហវត្សរ៍។ លោកជំទាវឯកអគ្គរដ្ឋទូត បានជម្រាបសម្តេចប្រធានរដ្ឋសភាថា ប្រទេសស៊ុយអ៊ែត បានចូលរួមចំណែកក្នុងការអភិវឌ្ឍន៍កម្ពុជាជាច្រើនវិស័យ មានដូចជា ការលើកកម្ពស់សិទ្ធិមនុស្ស ប្រជាធិបតេយ្យ ការអប់រំ ការអភិវឌ្ឍសហគមន៍ ការបន្សាំទៅនឹងការប្រែប្រួលអាកាសធាតុ និងសមភាពយេនឌ័រ ជាដើម។


នៅក្នុងបេសកកម្មការទូត ៣ឆ្នាំនៅកម្ពុជា លោកជំទាវ មានក្តីសប្បាយរីករាយយ៉ាងក្រៃលែង ដែលបានឃើញចំណងមិត្តភាព កិច្ចសហប្រតិបត្តិការប្រទេសទំាងពីរ មានការរីកចម្រើន ទំាងផ្នែកពាណិជ្ជកម្ម ការទូត និងវប្បធម៌។
ស៊ុយ អែត ជាប្រទេសមួយដែលស្ថិតនៅក្នុងសហគមអឺរ៉ុប ដែលបានជួយកម្ពុជាចាប់ពីរបបខ្មែរក្រហមបានដួលរលំ និងជាបន្តបន្ទាប់មក។ មុនចាកចេញពីកម្ពុជា នៅពេលបញ្ចប់បេសកកម្មការទូតលោកជំទាវ ម៉ារៀ សាហ្គ្រេន( H.E. Ms. Maria Sargren ) ចូលជួបសម្តែងការគួរសម និងជម្រាបលា សម្តេចអគ្គមហាពញាចក្រី ហេង សំរិន នៅព្រឹកថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០១៩ នៅវិមានរដ្ឋសភា។ សម្តេចប្រធានរដ្ឋសភា បានសម្តែងការពេញចិត្ត និងគាំទ្រចំពោះលទ្ធផលដែលកើតចេញពីការខិតខំប្រឹងប្រែងរបស់លោកជំទាវ ឯកអគ្គរដ្ឋទូត ក៏ដូចជាឯកអគ្គរដ្ឋទូតស៊ុយអែតមុនៗ ដែលបានបំពេញបេសកកម្មការទូតនៅកម្ពុជា ជាប្រភពនាំមកនូវឧត្តមប្រយោជន៍ជាក់ស្តែងសម្រាប់ប្រជាជាតិទាំងសងខាង។


សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា បានលើកឡើងថា តាមរយៈទីភ្នាក់ងារអភិវឌ្ឍស៊ីដា ស៊ុយអែត បានដើរតួយ៉ាងសំខាន់ ក្នុងការរួមចំណែកអភិវឌ្ឍកម្ពុជា។ រយៈពេល ជាង ៥ឆ្នាំមកនេះ ស៊ីដា បានផ្តល់ជំនួយអភិវឌ្ឍលើវិស័យផ្សេងៗ ក្នុងចំនួនទឹកប្រាក់ជាង ១០០លានដុល្លារអាមេរិក។ សម្តេចបានចាត់ទុកស៊ុយអែត ជាដៃគូអភិវឌ្ឍដ៏សំខាន់របស់កម្ពុជា។


ជាមួយគ្នានេះសម្តេចប្រធានរដ្ឋសភា បានអរគុណដល់ប្រទេសស៊ុយអ៊ែតដែលបានជួយជំនួយបច្ចេកទេសដល់រដ្ឋសភា លើការអភិវឌ្ឍន៍ និងលើកកម្ពស់សមត្ថភាពរបស់តំណាងរាស្ត្រ និងមន្រ្តីជំនាញតាមរយៈការរៀបចំទស្សនកិច្ចសិក្សា ការរៀបចំសិក្ខាសាលា និងវគ្គបណ្តុះបណ្តាលនានា។ សម្តេចបានសំណូមពរដល់ប្រទេសស៊ុយអែត បន្តជួយបណ្តុះបណ្តាលធនធានមនុស្ស ផ្តល់អាហារូបករណ៍ ដល់និស្សិតកម្ពុជា និងក្រុមអ្នកស្រាវជ្រាវ ដើម្បីពង្រឹង សមត្ថភាពជំនាញ ក្នុងការស្រាវជ្រាវបែបវិទ្យាសាស្រ្ត លើវិស័យអាទិភាព ដូចជាការអភិវឌ្ឍកសិកម្ម ការអភិវឌ្ឍទីក្រុងវ៉ៃឆ្លាត ទេសចរណ៍ សហគ្រិនស្រ្តី និងសេដ្ឋកិច្ចឌីជីថល ជាដើម។


សម្តេចប្រធានរដ្ឋសភា មានក្តីសង្ឃឹមថា ទោះបី លោកជំទាវ ម៉ារៀ សាហ្គ្រេន បានបញ្ចប់បេសកកម្មការទូតពីកម្ពុជា ទៅទទួលបេសកកម្ម ការងារថ្មីនៅទីណាក៏ដោយ ក៏លោកជំទាវនៅតែរក្សាទំនាក់ទំនងល្អជាមួយកម្ពុជា និងបន្តជួយផ្សព្វផ្សាយ លើកទឹកចិត្តដល់វិនិយោគិន និងភ្ញៀវទេសចរណ៍ មកកំសាន្តនៅកម្ពុជា៕

LEAVE A REPLY

Please enter your comment!
Please enter your name here