(ភ្នំពេញ) អភិបាលរាជធានីភ្នំពេញបង្គាប់អោយអភិបាលខណ្ឌទាំង១២ នៅរាជធានីភ្នំពេញ ត្រូវចុះមើលផ្លូវគ្រលុកសម្បុកមាន់ និងចាប់ផ្តើមជួសជុល ធ្វើដូច្នេះ ដើម្បីទប់ស្កាត់ការខូចខាតធ្ងន់ធ្ងរជាបន្តទៀត និងកាត់បន្ថយការចំណាយថវិកាជាតិផងដែរ។
ក្នុងកិច្ចប្រជុំពិភាក្សាបញ្ហាជួសជុលផ្លូវខូច ជង្ហុកសំបុកមាន់លើដងផ្លូវនៅរាជធានីភ្នំពេញ ជាមួួយអភិបាលខណ្ឌទាំង១២ និងមន្ត្រីជំនាញពាក់ព័ន្ធ នៅសាលារាជធានីភ្នំពេញ នាថ្ងៃទី៣១ ខែមករា នេះ ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ អោយអភិបាលខណ្ឌទាំង១២ នៅក្នុងរាជធានី ចុះមើលផ្លូវជាប្រចាំ និងធ្វើការជួសជុលផ្លូវ បន្ទាប់ពីផ្លូវបានខូចខាត ក្រោយរដូវវស្សាកន្លងផុតទៅនេះ បើផ្លូវណាដែលខណ្ឌមិនមានលទ្ធភាពជួសជុល ខណ្ឌត្រូវធ្វើរបាយការណ៍ឡើងមករដ្ឋបាលរាជធានីភ្នំពេញ ដើម្បីធ្វើការដោះស្រាយជាបន្ទាន់។ ករណីជួសជុលផ្លូវដែលខូចខាតនេះ ឯកឧត្តមអភិបាល ក៏បានអោយមន្ត្រីជំនាញមន្ទីរសាធារណៈការនិងដឹកជញ្ជូនរាជធានីភ្នំពេញ ត្រូវចូលរួមត្រូតពិនិត្យផងដែរ។
ឯកឧត្តម បានបញ្ជាក់ថា គោលបំណងនៃការចុះពិនិត្យ និងជួសជុលផ្លូវខូច ជង្ហុកសំបុកមាន់នេះ ដើម្បីបង្កភាពងាយស្រួលជូនប្រជាពលរដ្ឋធ្វើដំណើរ និងចូលរួមកាត់បន្ថយការចំណាយការចំណាយថវិកាជាតិ និងជាការទប់ស្កាត់កុំអោយមានការខូចខាតដល់គ្រឹះខាងក្រោមផ្លូវផងដែរ។ ជាមួយគ្នា ឯកឧត្តម ឃួង ស្រេង ក៏តម្រូវអោយខណ្ឌត្រូវជូនដំណឹងដល់ម្ចាស់រថយន្តដឹកដី ដឹកខ្សាច់ ត្រូវតែចូលរួមជួសជុលផងដែរ ដោយសារតែរថយន្តដឹកធ្ងន់នេះហើយបណ្តាលអោយមានការខូចខាតផ្លូវជាទម្ងន់នោះ។
ចំពោះការជួសជុលផ្លូវខាងលើនេះ លោក សាំ ពិសិដ្ឋ ប្រធានមន្ទីរសាធារណៈការ និងដឹកជញ្ជូនរាជធានីភ្នំពេញ បានអោយដឹងថា ការជួសជុលផ្លូវខូច ជង្ហុកសំបុកមាន់ ខណ្ឌ៤ក្នុងក្រុង មានខណ្ឌ៧មករា ចំការមន ដូនពេញ និងខណ្ឌទួលគោក គឺជួសជុលបាន៩២%ហើយ រហូតមកដល់ចុងខែមករានេះ ចំណែកខណ្ឌ៨ផ្សេងទៀត គឺជួសជុលបានតែ៣០%ទេ ដោយសារផ្លូវភាគច្រើន ជាផ្លូវបេតុង ដូច្នេះត្រូវការចំណាយពេល និងថវិកាទំហំធំ។
លោកប្រធានមន្ទីរ បានលើកឡើងថា រហូតដល់ចុងខែមករានេះ នៅសល់ផ្លូវចំនួន១៤០ខែ្សទៀតមិនទាន់បានជួសជុល។ តែយ៉ាងណានឹងធ្វើអោយបានរួចរាល់ ក្នុងរយះពេល៤សប្តាហ៍ បន្ទាប់ពីចូលឆ្នាំចិន វៀតណាមរួច៕ដោយ វុន សុខជា