ទូហ្គេម២០គ្រឿង ត្រូវអាជ្ញាធរខណ្ឌទួលគោក វាយកម្ទេចចោល ដើម្បីព្រមានអ្នកលួចលាក់បង្កប់ល្បែងស៊ីសង

0
307

ភ្នំពេញៈ កម្លាំងគណៈបញ្ជាការឯកភាពខណ្ឌទួលគោក ដឹកនាំដោយលោក ឯក ឃុនដឿន ជាប្រធានគណៈបញ្ជាការឯកភាពខណ្ឌទួលគោក និងជាអភិបាលខណ្ឌទួលគោក កាលពីព្រឹកថ្ងៃទី៣០ ខែមករា ឆ្នាំ២០១៩ បានសម្រេចវាយ​ និងកិនកម្ទេចទូល្បែងស៊ីសងខុសច្បាប់ចំនួន២០គ្រឿងចោល ក្រោយពីទទួលបានដីការបង្គាប់របស់សាលាដំបូងរាជធានីភ្នំពេញ ។

ការវាយ និងកិនកម្ទេចទូល្បែងស៊ីសង ខុសច្បាប់ទាំងនេះគណៈបញ្ជាការឯកភាព ខណ្ឌទួលគោក ធ្វើឡើងដើម្បីព្រមានដល់ជនទាំងឡាយណា ហានលួចលាក់បង្កប់ល្បែងស៊ីសងខុសច្បាប់ក្នុងមូលដ្ឋានខណ្ឌទួលគោកផងដែរ។

មន្ត្រីសាលាខណ្ឌទួលគោក បានឲ្យដឹងថា ទូល្បែងស៊ីសងខុសច្បាប់ចំនួន​២០គ្រឿង ដែលអាជ្ញាធរខណ្ឌទួលគោក​ សម្រេចវាយ និងកិនកម្ទេចចោលនេះ គឺសមត្ថកិច្ចបានឃាត់ទុក កាលពីថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០១៨ ដឹកនាំដោយលោក តុប ឈុនឡុង ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ និងគណៈបញ្ជាការឯកភាពខណ្ឌទួលគោក ដឹកនាំដោយ លោក ទៀវ សំអឿន អភិបាលខណ្ឌទួលគោក នៅចំណូចផ្ទះលេខ៧៩E1 ផ្លូវមុនីរ៉េត ក្រុមទី២១ ភូមិ៤ សងកាត់ផ្សារដើមគរ ខណ្ឌទួលគោក ។

មន្ត្រីដដែលបានបន្តថា ក្រោយពីសមត្ថកិច្ចចុះពិនិត្យទីតាំងជាក់ស្តែង បានរកឃើញ ទូល្បែងស៊ីសង់ខុសច្បាប់ចំនួន២០គ្រឿង គ្មានច្បាប់អនុញ្ញាត ដូចជា ម៉ាស៊ីន ហ្វៃត្រាហ្គិនចំនួន៤គ្រឿង ម៉ាស៊ីនរ៉ូឡែតចំនួន៨គ្រឿង ម៉ាស៊ីជោគគ័រ ចំនួន១៦គ្រឿង និងម៉ាស៊ីបាញ់ត្រីចំនួន២គ្រឿង។

ទន្ទឹមនិងការវាយកម្ទេចទូល្បែងស៊ីសង​ចំនួន២០គ្រឿង របស់គណៈបញ្ជាការឯកភាពខណ្ឌទួលគោកខាងលើនេះដែរ កន្លងមក លោក ឯក ឃុនដឿន អភិបាលនៃគណៈ​ភិបាលខណ្ឌទួលគោក ធ្លាប់បានលើកឡើង ក្នុងអង្គប្រជុំក្រុមប្រឹក្សារបស់លោកថា រាល់ល្បែងស៊ីសងគ្រប់ប្រភេទ ដែលលួចបង្កប់រកស៊ីខុសច្បាប់ក្នុងមូលដ្ឋានខណ្ឌទួលគោកនឹងត្រូវបង្ក្រាប ដោយគ្មានការយោគយល់អ្វីឡើយ បើទោះ អ្នកទាំងនោះមានខ្នងកាងធំប៉ុណ្ណាក៏ដោយចុះ។

លោកបានបញ្ជាក់ថា ប្រសិនបើល្បែងស៊ីសងទាំងនោះ ត្រូវបានលោករឃើញថា មានជាប់ពាក់ព័ន្ធ ជាមួយមន្ត្រីខណ្ឌទួលគោក លោកនឹងមានវិធានការ ដោយមិនមានការលើកលែងឡើយពោលគឺ អ្នកដែល ពាក់ព័ន្ធត្រូវតែទទួលខខុសត្រូវចំពោះមុខច្បាប់៕

ប្រភព៖ Heng Ly

LEAVE A REPLY

Please enter your comment!
Please enter your name here