រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានលើកទឹកចិត្ដឲ្យមន្ដ្រីនគរបាលខិតខំបំពេញភារៈកិច្ចរបស់ខ្លួន ដើម្បីមកបម្រើប្រជាពលរដ្ឋឲ្យកាន់តែមានប្រសិទ្ធភាព

0
301

នៅចំពោះមុខមន្ដ្រីនគរបាលកម្ពុជា សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានបញ្ជាក់ថា មន្ដ្រីនគរបាលដែលមិនគោរពវិន័យ និងអសកម្ម មិនត្រូវបោះបង់ពួកគាត់ចោលឡើយ ត្រូវអប់រំដុសខាត ដើម្បីឲ្យក្លាយជាមន្ដ្រីសកម្ម និងគុណសម្បត្តិគ្រប់គ្រាន់ ដើម្បីមកបម្រើរាស្រ្តវិញ ។

ការលើកទឹកចិត្ដនេះ ក្នុងពិធីសម្ពោធ ដាក់ឲ្យប្រើប្រាស់អគារស្នាក់នៅ កម្ពស់៥ជាន់ និងសមិទ្ធផលនានា របស់បណ្ឌិត្យសភានគរបាលកម្ពុជា នៅថ្ងៃទី៣០ ខែមករា ឆ្នាំ២០១៩ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃមានប្រសាសន៍ថា ត្រូវធ្វើការអប់រំមន្ដ្រីនគរបាលអសកម្ម ឲ្យក្លាយទៅជាមន្ដ្រីនគរបាលល្អ ដើម្បីបំពេញការងារជូនប្រជាពលរដ្ឋ ជាពិសេសត្រូវធ្វើយ៉ាងណា ឲ្យមានការគាំទ្រពីពលរដ្ឋផងដែរ។

សម្ដេចក្រឡាហោម ស ខេង មានប្រសាសន៍ថា “ចំពោះមន្ដ្រីដែលមិនគោរពវិន័យ អសកម្ម យើងក៏មិនបោះបង់ពួកគេចោលដែរ។ យើងខិតខំអប់រំដុសខាត ដើម្បីឲ្យគេក្លាយជាមន្ដ្រីដែលសកម្ម មន្ដ្រីដែលមានគុណសម្បត្តិគ្រប់គ្រាន់ ហើយនឹងមានឱកាស ដើម្បីនឹងចាត់បញ្ជូន ឲ្យមកសិក្សារៀនសូត្រ ដូចមន្ដ្រីដទៃទៀត”។

បន្ថែមពីនេះ សម្ដេចបន្ដថា កន្លងមករាជរដ្ឋាភិបាល បានចំណាយថវិកាយ៉ាងច្រើន ដើម្បីទ្រទ្រង់មន្ដ្រីនគរបាល បានសិក្សារៀនសូត្រគ្រប់ៗគ្នា ប៉ុន្តែផ្ទុយទៅវិញ ធនធានមនុស្ស ដែលបានបណ្ដោះបណ្ដាលរួច បែរមានកន្លែងខ្លះ មិនឲ្យតម្លៃ និងមិនប្រើពួកគាត់ ធ្វើការងារវិញដែល បញ្ហានេះ បានធ្វើឲ្យរាជរដ្ឋាភិបាលចំណាយថវិកា និងពេលវេលាឥតប្រយោជន៍។

ឆ្លៀតឱកាសនោះដែរ សម្តេចក្រឡាហោម ស ខេង បានអំពាវនាវ ទៅដល់មេអង្គភាពនគរបាលទាំងអស់ ត្រូវបញ្ចូនកូនចៅរបស់ខ្លួន ឲ្យមកទទួលវគ្គបណ្តុះបណ្តាល និងសិក្សាជំនាញបន្ថែមទៀត ឲ្យបានគ្រប់ៗគ្នា ដោយមិនត្រូវបញ្ជូនឈ្មោះអ្នកដដែល ជាពិសេសអ្នក ខ្ជិល និងមិនមានសកម្មការងារ។

សម្ដេចបន្ថែមថា រហូតមកដល់ពេលនេះ បើធ្វើការប្រៀបធៀបពេលមុន មន្ដ្រីនគរបាលកម្ពុជា មានការវិវត្តន៍ រីកចម្រើន នឹងយល់ដឹងច្រើន ចំពោះបញ្ជូនមន្ដ្រីមកសិក្សា។

ជាងនេះទៅទៀតថា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ក៏បានកោតសរសើរមន្ដ្រីនគរបាល ដែលបានធ្វើការពលីកម្ម ដើម្បីបម្រើពលរដ្ឋ ទាំងយប់ទាំងថ្ងៃ ដូចជា មន្ត្រីនគរបាលចរាចរណ៍ ធ្វើការទាំងភ្លៀង ទាំងពេលថ្ងៃនិងយប់៕

LEAVE A REPLY

Please enter your comment!
Please enter your name here