អភិបាលរាជធានីភ្នំពេញ ចុះពិនិត្យសណ្តាប់ធ្នាប់ អនាម័យ នៅជុំវិញបរិវេណ វិមានឈ្នះឈ្នះ

0
356

ភ្នំពេញ៖ ឯកឧត្តម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ នៅថ្ងៃទី២៦ ខែកក្កដា នេះបានដឹកនាំមន្រ្តីជំនាញ និង អាជ្ញាធរមូលដ្ឋាន ចុះពិនិត្យមើលសណ្តាប់ធ្នាប់សាធារណៈ និង អនាម័យ នៅជុំវិញបរិវេណ វិមានឈ្នះឈ្នះ ដើម្បីទទួលស្វាគមន៍ភ្ញៀទេសចរណ៍ជាតិ និងអន្តរជាតិ ដែលបានមក ទស្សសនានៅតំបន់នោះ។

ដើម្បីឆ្លើយតបទៅនិងកំណើនទេសចរជាតិ និងអន្តរជាតិ ដែលបានមកទស្សនា កំសាន្តនៅក្នុងបរិវេណ វិមានឈ្នះឈ្នះ ដែលមានការកើនឡើងជាបន្តបន្ទាប់ ក៏ដូចជាប្រជាពលរដ្ឋជិតឆ្ងាយ មកកំសាន្តនៅតំបន់ ជុំវិញនោះមានការកើនឡើងឥតឈប់ឈរ អភិបាលរាជធានីភ្នំពេញ បានជម្រុញឱ្យមន្រ្តីជំនាញ និង អាជ្ញាធរមូលដ្ឋាន បង្កើនការយកចិត្តទុកដាក់បន្ថែមទៀត ទៅលើបញ្ហាសន្តិសុខ សណ្តាប់សាធារណៈ និងបញ្ហា បរិស្ថាន អនាម័យ នៅជុំវិញតំបន់នោះ ឱ្យបានល្អប្រសើរថែមទៀត។

ឯកឧត្តមបន្តថា ក្រៅពីបញ្ហាសណ្តាប់ធ្នាប់ និង អនាម័យ ការដាំ និងថែទាំដើមឈើ នៅក្នុងតំបន់នេះ ក៏ជាសំណុចសំខាន់មួយ ដែលអាជ្ញាធរ និងអ្នកពាក់ព័ន្ធត្រូវយកចិត្តទុកដាក់ ជាពិសេស ត្រូវដាំជួសឡើងវិញ ទាំងអស់ ចំពោះដើមឈើដែលបានងាប់ទៅ ព្រោះថាបរិស្ថាន និងទេសចភាពធម្មជាតិ ក៏ជាចំណុច ទាក់ទាញមួយបន្ថែមទៀត បន្ទាប់ពីគេបានទស្សនា និងស្វែងយល់ពីវិមានប្រវត្តិសាស្រ្តមួយនេះ។

ឯកឧត្តម ឃួង ស្រេង ក៏បានរំលឹកផងដែរថា វិមានឈ្នះឈ្នះជាមជ្ឈ មណ្ឌលឯកសារប្រវត្តិសាស្រ្ត របស់កម្ពុជា ជាតំបន់សិក្សាស្រាវជ្រាវរបស់អ្នកប្រវត្តិផង ក៏ជាតំបន់សក្កដានុពលទេសចរណ៍ថ្មី ដែលជាទី ចាប់អារម្មណ៍របស់អ្នកទេសចរណ៍ជាតិ និងអន្តរជាតិ មកទសនសនាកំសាន្ត ក្រៅពីនេះ តំបន់នេះក៏នឹង ទទួលបដិសណ្ឋារកិច្ច ចំពោះវត្តមានម្រមុខដឹកនាំប្រទេស ថ្នាក់ដឹកនាំកំពូលៗនៃបណ្តាប្រទេសជាមិត្ត មកបំពេញទស្សនកិច្ច សិក្សា ស្វែងយល់ពីកម្ពុជាផងដែរ។ ដូច្នេះនៅជុំវិញបរិវេណ វិមានឈ្នះឈ្នះ ក៏ដូចជាជុំវិញតំបន់នេះ ត្រូវតែធានាបានយ៉ាងល្អបំផុត ទាំងសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ បរិស្ថាន និង អនាម័យជាប់ជាប្រចាំ។

ឯកឧត្តម បញ្ជាក់ទៀតនៅពេលខាងមុខតំបន់នោះក៏នឹងមានកម្មវិធីជាតិធំៗ កម្មវិធីអាស៊ានស៊ីហ្គេម និងកម្ម វិធីអន្តរជាតិសំខាន់ៗជាច្រើន ដែលនឹងត្រូវមកប្រារពធ្វើនៅក្នុងតំបន់ដ៏មានវិសាលភាពក្នុងរាជធានីភ្នំពេញ មួយនេះ៕

LEAVE A REPLY

Please enter your comment!
Please enter your name here