សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឲ្យ លោកជំទាវ ង្វៀន ធីឡិ (Nguyen Thi Le) អនុលេខាបក្ស និងជាប្រធានក្រុមប្រឹក្សាប្រជាជនទីក្រុងហូជីមីញ នៃសាធារណរដ្ឋសង្គមនិយមវៀតណាម ចូលជួបសម្តែងការគួរសម នាព្រឹកថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៩ នៅវិមានរដ្ឋសភា ខណៈ លោកជំទាវ ដឹកនាំគណៈប្រតិភូមកបំពេញ ទស្សនកិច្ចនៅព្រះរាជាណា ចក្រកម្ពុជា។
ដំណើរទស្សនកិច្ចរបស់គណៈប្រតិភូនៅកម្ពុជា ក្នុងគោលបំណងពង្រឹងពង្រីក កិច្ចសហប្រតិបត្តិ ការឲ្យរឹង មាំរវាងទីក្រុងហូជីមិញ និងរាជធានីភ្នំពេញ។ លោកជំទាវប្រធានគណៈប្រតិភូ បានជម្រាបសម្តេច ប្រធាន រដ្ឋសភាថា នៅក្នុងដំណើរទស្សនកិច្ចនេះ លោកជំទាវនឹងជូបពិភាក្សាជា មួយឯកឧត្តម ប្រធានក្រុម ប្រឹក្សា រាជធានីភ្នំពេញ ដើម្បីជជែកពិភាក្សាលើគម្រោងកិច្ចសហប្រតិបត្តិមួយចំនួន នៅក្នុងនោះ មានការជំរុញ ឲ្យដំណើរកាន់តែប្រសើរឡើងនៃមន្ទីរពេទ្យ ចារៃភ្នំពេញ។
លោកជំទាវ ង្វៀន ធីឡិ បានស្នើសូម សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា គំាទ្រកិច្ចសហ ប្រតិបត្តិការរវាងទីក្រុងហូជីមិញ និងរាជធានីភ្នំពេញ។ ចំណែកទីក្រុងហូជីមិញ បានត្រៀមលក្ខណៈ សម្បត្តិ គ្រប់ពេលវេលាក្នុងការចែករំលែកបទពិសោធន៍ដល់រាជធានីភ្នំពេញ នៅក្នុងដំណាក់កាលដែលកម្ពុជា កំពុងអភិវឌ្ឍន៍នេះ។
លោកជំទាវ អនុលេខាបក្ស និងជាប្រធានក្រុមប្រឹក្សាប្រជាជនទីក្រុងហូជីមីញ នៃសាធារណរដ្ឋសង្គមនិយម បានអបអរសាទរពីការអភិវឌ្ឍរបស់កម្ពុជា នៅក្រោមម្លប់ព្រះករុណា ព្រះមហាក្សត្រនិងការដឹក នាំស្ថាប័ន សភា និងរាជរដ្ឋាភិបាល។
សម្តេចអគ្គមហាពញាចក្រី ហេង សំរិន បានកោតសរសើរ និងគំាទ្រចំពោះកិច្ចសហ ប្រតិបត្តិការគ្រប់វិស័យ យ៉ាងស្អិតរមួត រវាងរាជធានីភ្នំពេញ និងទីក្រុងហូជីមិញ។ សម្តេចបានគូសបញ្ជាក់ថា កិច្ចសហប្រតិបត្តិ ការយ៉ាងជិតស្និទ្ធ ទំាងក្នុងក្របខ័ណ្ឌបក្សរដ្ឋ និងរដ្ឋបាលគ្រប់ផ្នែក រួមទំាងការផ្លាស់ប្តូរទស្សនកិច្ចចែករំលែក បទពិសោធន៍ឲ្យគ្នាទៅវិញទៅមក ដើម្បីវឌ្ឍនភាព រីកចម្រើនទំាងសងខាង ស្របតាមពាក្យស្លោក “អ្នកភូមិ ផងល្អ មិត្តភាពសាមគ្គីភាពជាប្រពៃណី និងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យស្អិតរមួត និងយូ អង្វែង”។
សម្តេចបានវាយតំលៃខ្ពស់ ចំពោះសមិទ្ធិផលដ៏ធំធេង ដែលរដ្ឋាភិបាល និងប្រជាជនវៀតណាម សម្រេចបាន ក្នុងការកសាង និងអភិវឌ្ឍសេដ្ឋកិច្ចសង្គម ឆ្ពោះទៅរកវឌ្ឍនភាព ជឿនលឿនយ៉ាងឆាប់រហ័ស។
ជាមួយគ្នានេះ សម្តេចមានការជឿជាក់ថា ការរីកចម្រើនយ៉ាងខ្លំាងរបស់ទីក្រុងហូជីមិញ នឹងអាចធ្វើឲ្យទី ក្រុងមួយនេះក្លាយជាទីក្រុងគុជមួយ នៅក្នុងតំបន់អាស៊ីអាគ្នេយ៍នេះ ក្នុងពេលអនាគតយ៉ាងខ្លីខាងមុខ៕