សម្តេចតេជោ ហ៊ុន សែន អញ្ជើញពិនិត្យការដ្ឋានសាងសង់ពហុកីឡដ្ឋានជាតិ «មរតកតេជោ»

0
555

ភ្នំពេញ៖ នៅព្រឹកថ្ងៃចន្ទ ១៣រោច ខែអាសាឍ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៩នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញពិនិត្យការដ្ឋានកំពុងសាងសង់ពហុកីឡដ្ឋានជាតិ «មរតកតេជោ» ព្រមទាំងបានជួបសំណេះសំណាលជាមួយកម្មករ កម្មការិនីសំណង់នៅទីនោះ ថ្នាក់ដឹកនាំ មន្ត្រី និងគ្រូបង្វឹកកីឡា និងកីឡាករ កីឡាការិនី ជាច្រើនទៀតផងដែរ ដែលពិធីនេះមានការអញ្ជើញចូលរួមពី ឯកឧត្តម វ៉ាង វិនធាន ឯកអគ្គរដ្ឋទូតចិនប្រចាំនៅកម្ពុជាផងដែរ។

ពហុកីឡដ្ឋានជាតិមរតកតេជោ ត្រូវបានសាងសង់លើផ្ទៃដី ទំហំជាង ៨៥ ហិកតា ក្នុងតំបន់អភិវឌ្ឍន៍របស់ លោកឧកញ៉ា លី យ៉ុងផាត់។ សំណង់ពហុកីឡដ្ឋានជាតិមរតកតេជោ ត្រូវបានសាងសង់ជា ៣ ដំណាក់កាល ដោយមានរចនាសម្ព័ន្ធកីឡាសំខាន់ៗដូចជា មណ្ឌលកីឡាក្នុងសាលមណ្ឌលកីឡាហែលទឹក, សាលហាត់កីឡាប្រយុទ្ធ, អគារស្នាក់នៅ ,អាហារដ្ឋាន ,ទីលានហ្វឹកហាត់ក្រៅអគារ , សាលវេជ្ជសាស្ត្រ វិទ្យាសាស្ត្រកីឡា ,សាលហាត់សាច់ដុំ ,សាលកាយសម្ព័ន្ធ, សាលកីឡាបាញ់កាំភ្លើង,មជ្ឈមណ្ឌលកីឡាហុកគី និងសាលកីឡាប្រពៃណីទៀតផង។ ពហុកីឡដ្ឋានជាតិនេះនឹងទទួលរៀបចំកីឡាស៊ីហ្គេម នៅឆ្នាំ ២០២៣ ខាងមុខនេះ។

សម្តេចតេជោ ហ៊ុន សែន បានបង្ហាញនូវក្តីរីករាយចំពោះសមិទ្ធផលស្តាតនៃវិស័យកីឡានេះ ពីព្រោះនេះជាសមិទ្ធផលផ្លែផ្កានៃកិច្ចសហប្រតិបត្តិការយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយដែលជាចំណងមិត្តភាពកម្ពុជា-ចិន ក្នុងយុទ្ធសាស្ត្រខ្សែក្រវាត់ និងផ្លូវ។

ពហុកីឡដ្ឋានជាតិនេះត្រូវចំណាយថវិកានៃការសាងសង់ប្រមាណ១,០៥០ លានយ័ន ឬ ប្រមាណជា១៦០ ទៅ១៧០ លានដុល្លារអាមេរិក ដែលជាជំនួយឥតសំណងពីមិត្តចិន។ ទន្ទឹមនឹងនេះដែរ សម្តេចតេជោនាយករដ្ឋមន្ត្រី បានបង្ហាញនូវក្តីមោទភាព ចំពោះពហុកីឡដ្ឋានជាតិដ៏ធំនេះ ជាពិសេស ភាពជឿជាក់ សម្រាប់កម្ពុជាក្នុងការរៀបចំការប្រកួតស៊ីហ្គេមលើកទី៣២ នៅឆ្នាំ២០២៣ ខាងមុខនេះ ដែលកម្ពុជាយើងនឹងធ្វើជាម្ចាស់ផ្ទះលើកដំបូង។

សម្តេចតេជោនាយករដ្ឋមន្ត្រី បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះមិត្តចិន ដែលកន្លងមកតែងតែបានចូលរួមផ្តល់ជាជំនួយក្នុងការកសាងនូវសមិទ្ធផលជាតិសំខាន់ៗដល់កម្ពុជា រួមទាំងពហុកីឡ ដ្ឋានជាតិនេះផងដែរ។ បើគ្មានមិត្តចិនទេ យើងមិនអាចទទួលបានសមិទ្ធផលជាតិសំខាន់ៗដែលកំពុងបំរើផលប្រយោជន៍ដល់ប្រជាពលរដ្ឋយើងដូចបានឃើញសព្វថ្ងៃនេះទេ។ ក្នុងនោះសម្តេចតេជោនាយករដ្ឋមន្ត្រី បានមានប្រសាសន៍លើកឡើងពីសមិទ្ធផលស្ពានដែលមិត្តចិនបានជួយដល់កម្ពុជា ដូចជាស្ពានព្រែកតាម៉ាក់, ស្ពានព្រែកក្តាម ,ស្ពានជ្រោយចង្វារទី២ ,ស្ពានព្រែកសំរោង(តាខ្មៅ), ស្ពានកោះធំ (ខេត្តកណ្តាល) , ស្ពានស្ទឹងត្រង់-ក្រូចឆ្មា(កំពុងសាងសង់) ស្ពានពីខេត្តក្រចេះទៅខេត្តកំពង់ធំ (កំពុងសិក្សាសាងសង់) រួមទាំងសមិទ្ធផលផ្សេងៗជាច្រើនទៀត រួមទាំងបណ្តាញផ្លូវជាតិសំខាន់ៗ ជាពិសេសក្នុងពេលឆាប់ៗខាងមុខនេះ មិត្តចិននឹងផ្តល់ជំនួយតាមរយៈការសាងសង់ផ្លូវជាតិលេខ១០ មួយខ្សែទៀតដោយកាត់ពីខេត្តកោះកុង មកថ្មដាខេត្តពោធិសាត់ និងតមកតំបន់សំឡូត នៃបាត់ដំបង ដែលទាំងអស់នេះគឺជាការចូលរួមពីមិត្តចិន ក្នុងគម្រោងនៃយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ និងយុទ្ធសាស្ត្រខ្សែក្រវាត់ និងផ្លូវ របស់ចិន។ ជាមួយគ្នានោះ សម្តេចតេជោនាយករដ្ឋមន្ត្រី ក៏បានប្រកាសដល់បណ្តាប្រទេសនានាផងដែរ បើមានបំណងចង់ជួយក្នុងការកសាងនៃពហុកីឡដ្ឋានជាតិមរតកតេជោនេះ គឺអាចជួយបាន ក្នុងដំណាក់កាលសាងសង់ទី៣ដែលផ្តោតទៅលើការរៀបចំទីលានប្រកួតកីឡាផ្សេងៗ តែបើគ្មានជំនួយពីប្រទេសណានោះទេ សម្តេចតេជោនឹងបន្តស្នើសុំជំនួយពីមិត្តចិនជាបន្តទៀត។

នៅថ្ងៃនេះ សម្តេចតេជោនាយករដ្ឋមន្ត្រីបានផ្តល់នូវអនុសាសន៍សំខាន់ៗ ក្នុងការជំរុញអោយវិស័យកីឡា ក៏ដូចជាការរៀបចំព្រឹត្តិការណ៍ SEA GAME នៅឆ្នាំ២០២៣ ខាងមុខអោយទទួលបាន ជោគជ័យដូចជា៖

១)បង្កើនការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធបន្ថែមទៀតក្នុងតំបន់នេះ ពិសេសត្រូវធ្វើការកសាងផ្លូវថ្នល់សំខាន់ៗឲ្យបានច្រើន ដើម្បីបង្កភាពងាយស្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋចេញចូលក្នុងតំបន់នេះ។

២) ជំរុញឲ្យមានការត្រៀមហ្វឹកហាត់កីឡាគ្រប់ប្រភេទចាប់ពីពេលនេះតទៅ ដើម្បីឈានទៅចាប់យកមេដាយឲ្យបានច្រើន។ ជាមួយគ្នានេះដែរ បណ្តាទូរទស្សន៍ក្នុងស្រុកទាំងអស់ត្រូវមានបែងចែកការងារគ្នាក្នុងការផ្សព្វផ្សាយពីការហ្វឹកហាត់ និងការប្រកួតកីឡានីមួយៗដើម្បីកុំអោយដាច់វគ្គប្រកួតនីមួយៗ អោយការទស្សនាពីមហាជនគឺភាពភាពងាយស្រួលក្នុងការប្រកួតកីឡាប្រភេទផ្សេងៗគ្នា។ ត្រូវមានការបញ្ជូនកីឡាករ កីឡាការីនីទៅហ្វឹកហាត់នៅបរទេសអោយបានច្បាស់លាស់ ប្រកបដោយជំនាញ និងសមត្ថភាពពិតប្រាកដ ដោយយើងត្រូវគិតថាក្នុងនាមយើងធ្វើម្ចាស់ផ្ទះ គឺត្រូវតែមានការទទួលខុសត្រូវខ្លួនឯង ដោយធ្វើយ៉ាងណាអោយទទួលបានកេរ្ត៍ឈ្មោះល្អ ក្រោយពេលបញ្ចប់ Sea Games ។

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ក៏បានកោតសរសើរដល់ក្រុមការងារសាងសង់ពហុកីឡដ្ឋានជាតិនេះ និងបានផ្តាំផ្ញើនូវការអរគុណ តាមរយៈឯកអគ្គរដ្ឋទូតចិនប្រចាំនៅកម្ពុជា ទៅប្រធានាធិបតីចិន ស៊ី ជិនពីន និងលោកនាយករដ្ឋមន្ត្រីចិន លី ខឺឈាង ផងដែរ សម្រាប់ជំនួយដ៏ធំធេងនេះ។ ជាមួយគ្នានេះ សម្តេចតេជោ ហ៊ុន សែន បានថ្លែងអំណរគុណចំពោះការចូលរួមនៃក្រុមការងារសាងសង់ រួមទាំងគណៈកម្មការ គ្រូបង្វឹកកីឡា កូនក្មួយកីឡាករ កីឡាការិនី ព្រមទាំងកម្មករ ចិន-ខ្មែរ ទាំងអស់ដែលបានចូលរួមក្នុងការសាងសង់ពហុកីឡដ្ឋានជាតិនេះ និងជូនពរអោយទទួលបាននូវភាពជោគជ័យជាបន្តបន្ទាប់ទៀត។

មុននឹងបញ្ចប់ សម្តេចតេជោ ហ៊ុន សែន នាយកតដ្ឋមន្ត្រី និង ឯកឧត្តម ឯកអគ្គរដ្ឋទូតចិន បានអញ្ជើញទស្សនាការដ្ឋានសាសង់ និងបានអញ្ជើញរួមគ្នាក្នុងការដំឡើងថាសកៅអីបេតុងចុងក្រោយ និងមានការបាញ់កាំជ្រួច ដែលជានិមិត្តរូប នៃការលេចចេញជារូបរាងឡើងនៃពហុកីឡដ្ឋានជាតិមរតកតេជោដ៏ធំនៅថ្ងៃនេះ៕

ដក់ស្រង់ពីផេកសម្តេចតេជោ កែសម្រួលដោយ NCNDaily

LEAVE A REPLY

Please enter your comment!
Please enter your name here