លួចម៉ូតូនិស្សិតបានសម្រេច គេចខ្លួនបាត់ ត្រូវប៉ូលិសប៉ុស្តិ៍ស្ទឹងមានជ័យទី១ ធ្វើការស្រាវជ្រាវតាមរយៈកាមេរ៉ាសុវត្ថិភាព ឃាត់ខ្លួនបានម្នាក់ រីឯម្នាក់ទៀតរត់គេចខ្លួន

0
372

ភ្នំពេញ៖ នគរបាលប៉ុស្តិ៍ស្ទឹងមានជ័យទី១ បានធ្វើការស្រាវជ្រាវតាមរយៈកាមេរ៉ាសុវត្ថិភាព ឃាត់ខ្លួនជនសង្ស័យម្នាក់ ក្រោយធ្វើសកម្មភាពលួចម៉ូតូរបស់និស្សិតម្នាក់បានសម្រេច ហើយគេចខ្លួនបាត់តែម្តង ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង៩ព្រឹក ថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០១៩ នៅចំណុចបន្ទប់ផ្ទះជួល ក្នុងភូមិ១ សង្កាត់ស្ទឹងមានជ័យទី១ ខណ្ឌមានជ័យ និងឃាត់ខ្លួនបាននៅវេលាម៉ោង៦និង៣០នាទីល្ងាច ថ្ងៃដដែល។

សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យដែលឃាត់ខ្លួនបានមានឈ្មោះ កែវ សុភក្ត្រ័ ភេទប្រុស អាយុ៤០ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះតាមផ្លូវ២៧១ ភូមិមានជ័យ១ សង្កាត់ស្ទឹងមានជ័យ១ ខណ្ឌមានជ័យ ។

ចំណែកបក្ខពួកដែលគេចខ្លួនបាត់មានឈ្មោះ ង៉ោល ភេទប្រុស អាយុប្រហែល១៩ឆ្នាំ មុខរបរមិនពិតប្រាកដ កំពុងរត់គេចខ្លួន។ ដោយឡែកជនរងគ្រោះមានឈ្មោះ ម៉ៅ ផល្លី ភេទប្រុស អាយុ២០ឆ្នាំ មុខរបរជានិស្សិត ស្នាក់នៅផ្ទះជួល ផ្លូវ២៧១ ភូមិ១ សង្កាត់ស្ទឹងមានជ័យទី១ ខណ្ឌមានជ័យ។

ក្នុងនោះសមត្ថកិច្ចដកហូតបាន ម៉ូតូមួយគ្រឿងម៉ាកហុងដាសេ១២៥ ពណ៌ខ្មៅ ស៊េរីឆ្នាំ២០១៥ ពាក់ស្លាកលេខភ្នំពេញ 1FV-8392 របស់ជនរងគ្រោះ។

មុនពេលកើតហេតុ ជនរងគ្រោះបានជិះម៉ូតូរបស់ខ្លួនម៉ាកហុងដាសេ១២៥ ពណ៌ខ្មៅ ស៊េរីឆ្នាំ២០១៥ ពាក់ស្លាកលេខភ្នំពេញ 1FV-8392 មកពីទិញម្ហូបនៅក្បែរសាលាវិទ្យាល័យ ជា ស៊ីម សាមគ្គី មកផ្ទះជួលចំណុចកើតហេតុ ពេលមកដល់ក៏ចតទុកនៅក្នុងបន្ទប់កន្លែងអ្នកជួលស្នាក់សម្រាប់ទុកម៉ូតូ ដោយពុំបានចាក់សោ.កម៉ូតូ និងចាក់សោរទ្វាបន្ទប់កន្លែងដាក់ម៉ូតូ រួចក៏ចូលទៅសម្រាក លុះដល់ម៉ោង៦ព្រឹកថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០១៩ ទើបជនរងគ្រោះភ្ញាក់ពីដំណេកចេញពីបន្ទប់បម្រុងយកម៉ូតូទៅរៀន ស្រាប់តែបាត់ម៉ូតូតែម្តង ក៏ប្តឹងសមត្ថកិច្ចនគរបាលប៉ុស្តិ៍ស្ទឹងមានជ័យទី១ ចុះមកធ្វើការពិនិត្យ និងបានឆែកកាមេរ៉ាសុវត្ថិភាព ឃើញភិនភាគជនសង្ស័យ ២នាក់ បានធ្វើសកម្មភាពលួចម៉ូតូរបស់ជនរងគ្រោះហើយជិះគេចខ្លួន លុះដល់ម៉ោង៦ល្ងាច សមត្ថកិច្ចក៏ចុះល្បាតក្នុងមូលដ្ឋានបានឃើញក៏ឃាត់ខ្លួនជនសង្ស័យម្នាក់ នៅចំណុចខាងក្រោមស្ពានអាកាសស្ទឹងមានជ័យ តែម្តង។ ចំណែកបក្ខពួកម្នាក់ទៀតគេចខ្លួនបាត់ស្រមោល។

បច្ចុប្បន្នជនសង្ស័យខាងលើ ត្រូវបានសមត្ថកិច្ចនគរបាលប៉ុស្តិ៍ស្ទឹងមានជ័យទី១ ធ្វើការសាកសួរ និងកសាងសំណុំរឿងបញ្ចូនខ្លួនទៅកាន់អធិការដ្ឋាននគរបាលខណ្ឌមានជ័យ ឃាត់ខ្លួនបណ្តោះអាសន្ន និងកសាងសំណុំរឿងចាត់ការតាមច្បាប់បន្តទៀត៕

LEAVE A REPLY

Please enter your comment!
Please enter your name here