ភ្នំពេញ ៖ស្លាប់លើបង្គងម្នាក់ទៀតហើយ ! បុរសជនជាតិម៉ាឡេស៊ីម្នាក់ ដេកជាមួយស្រីស្នេហ៍ ជនជាតិវៀតណាម ១យប់ ព្រលឹមឡើងស្លាប់រឹងកំព្រឹស ហេតុការណ៍នេះបង្ករឱ្យមានការភ្ញាក់ផ្អើល កាលពីវេលាម៉ោង៦ និង៣០នាទីព្រឹក ថ្ងៃទី០១ ខែសីហា ឆ្នាំ២០១៩ម្សិលមិញនេះ នៅចំណុចបន្ទប់ផ្ទាល់ដី ផ្ទះជួលលេខ១២ ផ្លូវលេខ៣០០ស្ទួន ក្នុងសង្កាត់បឹងកេងកងទី២ ខណ្ឌបឹងកេងកង។
បុរសរងគ្រោះដែលស្កាត់មកដេករួមស្នេហ៍ជាមួយស្រីកំណាន់១យប់ ព្រឹកឡើងស្លាប់រឹងស្តូកនេះ មានឈ្មោះ TEE CHEN PANG អាយុ២៩ឆ្នាំ ជនជាតិម៉ាឡេស៊ី មុខរបរជាភ្ញៀវទេសចរ កាន់លិខិតឆ្ងដែនលេខ A60080655 ។ ចំណែកឯនារីជាសង្សារមានឈ្មោះង.ប.វ អាយុ២៨ឆ្នាំ ជាជនជាតិវៀតណាម មុខរបរជាភ្ញៀវទេសចរ ស្នាក់នៅផ្ទះជួលកើតហេតុខាងលើ។
សមត្ថកិច្ចបានឱ្យដឹងថា នៅមុនពេលកើតហេតុ កាលពីយប់ថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០១៩ ជនរងគ្រោះខាងលើបានមកដេកនៅផ្ទះជួលរបស់នារីជាសង្សាររបស់ខ្លួនតែ២នាក់ ពេញ១យប់។
លុះព្រឹកឡើង ជនរងគ្រោះមិនព្រមភ្ញាក់ក្រោកពីដំណេកសោះ ទើបនារីជាស្រីស្នេហ៍បានយកដៃទៅអង្រួនដាស់ជនរងគ្រោះ ទើបដឹងថា ជនរងគ្រោះជាប្រុសស្នេហ៍ស្លាប់រឹងស្តូកបាត់ទៅហើយ មិនដឹងស្លាប់តាំងពីពេលណាមកនោះទេ ក៏ស្រែកឆោឡោ បង្កឱ្យមានការភ្ញាក់ផ្អើលដល់អ្នករស់នៅទីនោះ និងរាយការណ៍ប្រាប់សមត្ថកិច្ចចុះមកអន្តរាគមន៍។
សមត្ថកិច្ចបញ្ជាក់ថា ក្រោយមានសេចក្តីរាយការណ៍បែបនេះ កម្លាំងសមត្ថកិច្ចមូលដ្ឋាន និងកម្លាំងសមត្ថកិច្ចជំនាញកោសល្យវិច័យស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានចុះទៅពិនិត្យសាកសព ជនរងគ្រោះ រួចបញ្ជាក់ថាជនរងគ្រោះបានប្រើប្រាស់ថ្នាំញៀនច្រើនហួសកម្រិតពេក ទើបបណ្តាលឱ្យ គាំងបេះដូងស្លាប់ មិនមានជាប់ពាក់ព័ន្ធនឹងករណីអ្វីផ្សេងទេសពជនរងគ្រោះ ត្រូវសមត្ថកិច្ចដឹកបញ្ជូនទៅតម្កល់ ទុកនៅវត្តស្ទឹងមានជ័យ ដើម្បីរង់ចាំក្រុមគ្រួសារ និងសា្ថនទូតសាមី មកទទួលយកទៅចាត់ចែងតាមប្រពៃណី៕