ភ្នំពេញ៖បើករថយន្តល្បឿនលឿន ជ្រុលទៅបុកនឹងបង្គោលភ្លើង ស្លាប់ម្នាក់នៅខណ្ឌសែនសុខ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង១១ និង៥០នាទីយប់ ថ្ងៃទី២ ខែសីហា ឆ្នាំ២០១៩ ត្រង់ចំណុចខាងលិចសាលាបឋមសិក្សា ភ្នំពេញថ្មីប្រមាណ៥០០ម៉ែត្រ ស្ថិតតាមបណ្ដោយ
ផ្លូវ២៨គ្រួសារ ក្នុងភូមិរោងចក្រ សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ។
ជនរងគ្រោះដែលបាត់បង់ជីវិត ឈ្មោះថា ឌៀប ជុងគៀក ភេទប្រុស អាយុ៣៣ឆ្នាំ មុខរបរអ្នកលក់គ្រឿងតុបតែងរថយន្ត ស្នាក់នៅក្នុងសង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក។
នៅមុនពេលកើតហេតុ បុរសរងគ្រោះ បានបើករថយន្តមួយគ្រឿង ម៉ាកNISSAN ពណ៌ទឹកប៊ិចខ្ចី ពាក់ស្លាកលេខ បាត់ដំបង 2A-5801 ធ្វើដំណើរតាមបណ្ដោយផ្លូវ២៨គ្រួសារ ក្នុងល្បឿនលឿន ទិសដៅពីលិចទៅកើត។ លុះមកដល់ចំណុចកើតហេតុ ក៏ស្រាប់តែរេចង្កូតទៅខាងស្ដាំ បណ្ដាលឲ្យធ្លាក់ចេញពីផ្លូវ ទៅបុកនឹងបង្គោលភ្លើងមួយដើម បណ្ដាលឲ្យរថយន្តក្រពឹតផ្នែកខាងមុខ ដោយគាបជាប់និងបង្គោលភ្លើង ចំណែកឯបុរសជាអ្នកបើកបរ បានបោកទៅនឹងដៃចង្កូតរថយន្ត បណ្តាលឲ្យបាក់.កស្លាប់។
ក្រោយពេលកើតហេតុ សមត្ថកិច្ចជំនាញបានចុះមកធ្វើការវាស់វែង រួចស្ទូចយករថយន្តរបស់ជនរងគ្រោះ ទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ។ ចំណែកសាកសពបុរសរងគ្រោះ ត្រូវបានសមត្ថកិច្ចប្រគល់ឲ្យសាច់ញាតិយកទៅបុណ្យតាមប្រពៃណី នៅឯវត្តទឹកថ្លា៕