ភ្នំពេញៈ កាលពីវេលាម៉ោង៨ៈ៣០នាទីព្រឹក ថ្ងៃទី២២ ខែមករា ឆ្នាំ២០១៩ នៅលើស្ពានអាកាសថ្មើរជើង ផ្លូវជាតិលេខ៤ មុខផ្សារជម្ពូវ័ន សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ។ មានហេតុការណ៏ភ្ញាក់ផ្អើលមួយ ដោយស្ត្រីវ័យចំណាស់ម្នាក់ មានឈ្មោះ ចាប ឈី អាយុ៤៦ឆ្នាំ មុខរបរ លក់នំបញ្ចុក មានប្តីជាកម្មករសំណង់ ស្នាក់នៅរោងកម្មករ ក្នុងភូមិព្រៃព្រីងត្បូង១ សង្កាត់ចោមចៅ២ ខណ្ឌពោធិ៍សែនជ័យ។ រត់ត្រហេបត្រហបយំស្រស្រាក់ កាន់គ្រាប់កាំកង់១កូនថង់ ទៅប្តឹងចៅសង្កាត់ចោមចៅ៣ ឲ្យជួយអន្តរាគមន៍ បន្ទាប់ពីរូបគាត់ចាញ់ល្បិចក្រុមទម្លាក់យោង អស់ទ្រព្យសម្បត្តិ គ្រឿងអលង្ការ លុយកាក់ ពីខ្លួនរលីង គ្រាដែលគាត់ចូលផ្សារជម្ពូវ័ន រកទិញត្រីសាច់ សម្រាប់ស្លរ លក់នំបញ្ចុក។
តាមការយំរៀបរាប់ របស់ស្ត្រីខាងលើ នៅចំពោះមុខចៅសង្កាត់បានឲ្យដឹងថា គ្រឿងអល័ង្កាបាត់បង់ មានខ្សែដៃមាស ទម្ងន់៥ជី ចិញ្ជៀនមាស២ជី ខ្សែកប្លាទីនតម្លៃ៥០០ដុល្លារ លុយដុល្លារចំនួន៣៥០ដុល្លារ និងលុយខ្មែរចំនួន២០ម៉ឺនរៀល។ បានជាគាត់យកដាក់តាមខ្លួន ដោយសារគាត់ស្នាក់អាស្រ័យ នៅជាមួយប្តី ក្នុងរោងកម្មករសំណង់ ហើយរាល់ថ្ងៃរសៀល គាត់ឆ្លៀតរែកនំបញ្ចុកលក់ ក្នុងបុរី តាមភូមិ ផ្សំបានលុយ ទាំងប្រាក់ខែប្តី ផង សន្សំទុក ដាក់ជាប់តាមខ្លួន។
ស្ត្រីរងគ្រោះបន្តទៀតថា មុនកើតហេតុ ខណ:ដែលគាត់មកផ្សារជម្ពូវ័ន ដើររកទិញត្រីសាច់ សម្រាប់ស្លរ លក់នំបញ្ចុក ត្រូវបានស្ត្រីសង្ស័យវ័យក្មេងម្នាក់រាងស្គម ដើរមកសួរ រឿងគេជ្រុះបាត់កាបូបលុយ មាស មិនទាន់បានទាំងតបតវិញផង ត្រូវបានស្ត្រីម្នាក់ទៀត ធាត់ មាឌធំ មកប្រាប់ថាកុំមាត់ គាត់រើសបាន ដើរឲ្យឆ្ងាយពីគេតិចទៅ គាត់លាឲ្យមើល ក៏ឃើញលោហ:ក្រហមច្រាល និងលុយដុល្លារមួយដុំ ហើយជននោះក៏ទុកវិញ ដឹកដៃគាត់ដើរចេញពីផ្សារ ប្រាប់ថាយើងយកទៅចែកគ្នា។
ហើយឡើងថ្មើរជើងទៅលើស្ពានអាកាស លាតចំហរមាត់ថង់ឲ្យមើលម្តងទៀត ឃើញសុទ្ធតែគ្រឿង លោហ: ក្រហមច្រាលភ្នែក ឃើញឱកាសស្ងាត់ ជនសង្ស័យហុចថង់ក្រហម ឲ្យកាន់លាក់ទុក នេះជាចំណែក លុយដុល្លារវិញ រង់ចាំដូរចែកគ្នាទៀត ហើយចាប់ដោះយកខ្សែក ខ្សែដៃ ខ្វេះយកទាំងលុយក្នុងហោប៉ាវ ខោ ប្រាប់ឲ្យរង់ចាំលើស្ពាន ពួកគេទៅដូរលុយក្នុងផ្សារ ចាំបាត់ៗ ដើរចុះមកក្រោមតាម មិនឃើញ នឹកខំអរ មាសមួយកញ្ចប់មិនក្រោម១០តម្លឹងទេ លួចបង្ហើបមើល ពុទ្ធោ ! សុទ្ធតែគ្រាប់កង់ ស្រែកទ្រហោយំ ហើយត្រូវបានអ្នកម៉ូតូឌុប ជួយឌុបជូនមកសាលាសង្កាត់ចោមចៅ៣ ជួបជាមួយលោកចៅសង្កាត់ បានប្រាប់ឲ្យទៅដាក់ពាក្យបណ្តឹងនៅខាងប៉ូលិសវិញ ៕
ប្រភព៖ FB