ដោយមើលឃើញពីបញ្ហាមួយចំនួនក្នុងវិស័យកសិកម្មនៅកម្ពុជា សហគ្រិនជនជាតិជប៉ុនម្នាក់ឈ្មោះថា Kengo Kitaura បានចាប់ផ្ដើមនូវគំនិតអាជីវកម្មមួយមានឈ្មោះថា Agribuddyភ្ជាប់បណ្ដាញនៃអ្នកទិញ អ្នកលក់ និងភាគីពាក់ព័ន្ធទាំងអស់ឱ្យស្គាល់គ្នាដើម្បីសម្រួលក្នុងការទិញដូរ ជំនាញបច្ចេកទេស ឬក៏ចំណេះដឹងទាក់ទងនឹងកសិកម្មផ្សេងៗ និងបង្កើតជាប្រព័ន្ធ(Ecosystem) ប្រើប្រាស់ទិន្នន័យផ្សេងៗជួយដល់កសិករ។
កាលពីពេលនៅរៀនគ្រប់គ្នាប្រាកដជាទន្ទេញចាំយ៉ាងជាប់មាត់ហើយថាកម្ពុជាជាប្រទេសកសិកម្ម តែសព្វថ្ងៃនេះមានប្រជាជនប្រមាណជា៤០ភាគរយប៉ុណ្ណោះប្រកបមុខរបរខាងកសិកម្មនេះ ស្របពេលជាមួយគ្នានេះដែរទីផ្សារកសិផលនៅស្រុកយើងនៅមានចន្លោះខ្វះខាតច្រើន ដោយជួនកាលកសិកររកទីផ្សារលក់ផលិតផលខ្លួនឯងពុំបាន ត្រូវបង្ខំចិត្តលក់ផលិតផលរបស់ខ្លួនក្នុងតម្លៃថោកជាងថ្លៃដើមទៀតក៏មាន។
កម្មវិធីទូរស័ព្ទរបស់ Agribuddy ត្រូវបានបង្កើតឡើងយ៉ាងពិសេសសម្រាប់ឱ្យកសិករដែលមិនសូវចេះអក្សរ និងពុំមានទូរស័ព្ទទំនើបប្រើប្រាស់ អាចទទួលបានអត្ថប្រយោជន៍ពីប្រព័ន្ធដែលក្រុមហ៊ុនមួយនេះរៀបឡើង ដោយមានទំនាក់ទំនងរាប់តាំងតែពី ធនាគារ អ្នកផ្គត់ផ្គង់ អ្នកទីផ្សារ និងអ្នកបច្ចេកទេសជាដើម។
ប្រព័ន្ធ និងបច្ចេកវិទ្យាដែលក្រុមហ៊ុនមួយនេះផលិតឡើងគ្រោងនឹងដោះស្រាយបញ្ហាធំៗបួននៅក្នុងវិស័យកសិកម្មនៅកម្ពុជា មានដូចជាបញ្ហាខ្វះខាតកម្ចីសម្រាប់ឱ្យកសិករខណៈពេលដែលពួកគាត់គ្មានទ្រព្យបញ្ចាំច្រើន បញ្ហាមិនមានទីផ្សារធំទូលាយសម្រាប់លក់កសិផលតម្លៃកសិផលថោក កង្វះជំនាញបច្ចេកទេសនៅក្នុងការដាំដុះប្រកបដោយប្រសិទ្ធភាពខ្ពស់ និងចុងក្រោយគឺបង្កើនទិន្នផលកសិផលឱ្យបានច្រើនប្រើប្រាស់ដីតិច។
ក្រៅពីភ្ជាប់ទំនាក់ទំនងរវាងភាគីពាក់ព័ន្ធនៅក្នុងវិស័យកសិកម្ម Agribuddy ក៏កំពុងធ្វើការប្រមែប្រមូលទិន្នន័យដែរ ដើម្បីស្វែងយល់ពីការលំបាករបស់ប្រជាកសិករ ស្វែងរកដំណោះស្រាយល្អបន្ថែមជួយដល់ពួកគាត់។ សព្វថ្ងៃនេះ Agribuddy មានកសិករប្រមាណជា៦ពាន់នាក់កំពុងតែប្រើប្រាស់ ខណៈដែលមានកសិករប្រមាណជា៤ម៉ឺន៧ពាន់នាក់ទៀតត្រៀមនឹងចូលរួមដែរ។
អ្វីដែលពិសេសជាងនេះទៅទៀតនេះគំនិតក្នុងការជួយកសិករនេះ ត្រូវទទួលបានការសាទរជាខ្លាំងពីសំណាក់កសិករ ក៏ដូចជាអ្នកវិនិយោគផងដែរ ដោយកាលពីឆ្នាំ២០១៨កន្លងទៅក្រុមហ៊ុន Agribuddy ទើបនឹងទទួលបានទុនវិនិយោគបន្ថែមពីគម្រោង Smart Axiata Digital Fund (SADIF) របស់ក្រុមហ៊ុនប្រព័ន្ធទូរស័ព្ទស្មាត ប្រមាណជា២.៨លានដុល្លា ដើម្បីយកទៅពង្រីកអាជីវកម្មរបស់ខ្លួនតាមរយៈការផ្ដោតទៅលើដំណាំថ្មី ពង្រីកវិសាលភាពទីផ្សារ ក៏ដូចជាគៀងគរកសិករឱ្យប្រើប្រាស់នូវសេវាកម្មរបស់ខ្លួន៕