(ភ្នំពេញ) អភិបាលរាជធានីភ្នំពេញឯកឧត្តម ឃួង ស្រេង បានលើកឡើងថា ក្រោយពេលផ្លូវក្រវាត់ក្រុងទី៣ សាងសង់រួចរាល់នៅកំលុងឆ្នាំ២០២១ នឹងលែងឲ្យរថយន្តកុងតឺន័រ ឬរថយន្តធំៗចូលរាជធានីភ្នំ ពេញទៀត ហើយ។ ក្នុងន័យនេះឯកឧត្តមអភិបាលរាជធានីភ្នំពេញ លើកទឹកចិត្តឲ្យថៅកែរោងចក្រ សហគ្រាសទាំង អស់ ពិចារណាយករោងចក្រ សហគ្រាស ឬឃ្លាំងរបស់ខ្លួនទៅដាក់នៅតាមបណ្តោយក្រវាត់ក្រុងទី៣នេះវិញ ដើម្បីសម្រួលការដឹកជញ្ជូនទំនិញ។
ថ្លែងប្រាប់អង្គភាពព័ត៌មាននៅល្ងាចថ្ងៃទី២២ ខែមករា ឆ្នាំ២០១៩នេះ ឯកឧត្តម ឃួង ស្រេង បានបញ្ជាក់យ៉ាងដូច្នេះ «ផ្លូវក្រវាត់ក្រុងទី៣ បម្រើប្រយោជន៍ធំបំផុត គឺបញ្ចៀសចរាចរណ៍ ក្នុងរាជធានីភ្នំ ពេញ។ ជាគោលដៅរបស់យើងពេលផ្លូវនេះ សាងសង់រួចយើងលែងឲ្យ រថយន្តធំៗចូលរាជធានី ភ្នំពេញហើយ»។
ឯកឧត្តម ឃួង ស្រេង បានលើកឡើងថា សាលារាជធានីភ្នំពេញមិន មានសិទ្ធិបង្គាប់បញ្ជា ឲ្យថៅកែរោងចក្ររុះរើរោងចក្រ សហគ្រាស ឬឃ្លាំងរបស់គាត់ចេញពីរាជធានីភ្នំពេញនោះទេ។ តែឯកឧត្តមលើកទឹកចិត្តឲ្យមានការរកទីតាំងធ្វើរោងចក្រ សហគ្រាស ឬឃ្លាំង នៅតាមបណ្តោយផ្លូវក្រវាត់ក្រុងទី៣ ព្រោះក្រោយពេលផ្លូវនេះសាងសង់រួចនឹងលែងឲ្យរថយន្តកុងតឺន័រ និងរថយន្តធំចូលមករាជធានីភ្នំពេញទៀតហើយ។
«យើងគ្មានសិទ្ធិបង្គាប់បញ្ជាគេនោះទេ។ តែអនាគតវាទៅអ៊ីចឹងហើយ ដូច្នេះខ្ញុំលើកទឹកចិត្តឲ្យ គាត់ពិចារណា រកទីតាំងសាងសង់រោងចក្រ សហគ្រាស ឬឃ្លាំងនៅតាមបណ្តោយផ្លូវក្រវាត់ក្រុងទី៣នេះ»។ នេះជាការ បញ្ជាក់បន្ថែមរបស់ឯកឧត្តម ឃួង ស្រេង។
ផ្លូវក្រវាត់ក្រុងទី៣គឺជាផ្លូវយុទ្ធសាស្ត្រដ៏សំខាន់មួយក្នុងការដឹកជញ្ជូនតភ្ជាប់ពីបណ្តាខេត្តនានាមករាជធានីភ្នំពេញ និងបញ្ចៀសចរាចរណ៍នៅក្នុងរាជធានីភ្នំពេញ។ ផ្លូវក្រវាត់ក្រុងទី៣នេះ ត្រូវបានបើកការ ដ្ឋានសាងសង់កាលពីថ្ងៃទី១៤ ខែមករា ឆ្នាំ២០១៩កន្លងទៅថ្មីៗនេះ ក្រោមអធិបតីភាពសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា។
ផ្លូវក្រវាត់ក្រុងខ្សែទី៣ (ផ្លូវជាតិលេខ៤-ផ្លូវជាតិលេខ១) ស្ថិតនៅក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ និងខេត្តកណ្តាល ប្រវែងសរុបជិត៥៣គីឡូម៉ែត្រ ក្នុងនោះឆ្លងកាត់ភូមិសាស្រ្តរាជធានីភ្នំពេញ ជាង១៥គីឡូម៉ែត្រ និងឆ្លងកាត់ភូមិសាស្រ្តខេត្តកណ្តាលប្រវែងជិត ៣៨គីឡូម៉ែត្រ ដែលមានចំណុចចាប់ផ្តើមពីគីឡូម៉ែត្រ ១៤+១០៥ នៃផ្លូវជាតិលេខ៤ និងចំណុចចុងបញ្ចប់នៅគីឡូម៉ែត្រ ២៤+៨៤០ នៃផ្លូវជាតិលេខ១។
ផ្លូវនេះមានទំហំទទឹងរហូតដល់ទៅ ២៧ម៉ែត្រសម្រាប់ទីប្រជុំជន ហើយសម្រាប់ក្រៅទីប្រជុំជនវិញ មានទំហំទទឹងផ្លូវ ២៥ម៉ែត្រ។ ផ្លូវនេះនឹងមានដាក់អំពូលបំភ្លឺផ្លូវសម្រាប់កំណាត់ផ្លូវក្នុងក្រុង និងដើមឈើលម្អ សម្រាប់កំណាត់ផ្លូវក្រៅក្រុង។
ផ្លូវក្រវាត់ក្រុងទី៣ នឹងមានសាងសង់ស្ពានអាកាសឆ្លងកាត់ចំនួន ០៤កន្លែង (ឆ្លងកាត់ផ្លូវជាតិលេខ៤ លេខ៣ លេខ២ និងលេខ២១) ប្រវែងសរុប ១,០០០ម៉ែត្រ។ សាងសង់ស្ពានឆ្លងកាត់ទន្លេបាសាក់ ០២កន្លែង ត្រង់កោះអន្លង់ចិន ប្រវែងសរុប ៩៩៦ម៉ែត្រ (ក្នុងនោះស្ពានបាសាក់ខាងកើតប្រវែង ៦៣០ម៉ែត្រ និងស្ពានបាសាក់ខាងលិច ប្រវែង៣៦៦ម៉ែត្រ)។ សាងសង់ស្ពានមធ្យម និងខ្លីចំនួន ០៦កន្លែង និងលូគ្រប់ប្រភេទ១១៣កន្លែង។
គម្រោងផ្លូវនេះចំណាយថវិកាសរុបប្រមាណ ២៧៣លានដុល្លារអាមេរិក ដែលជាហិរញ្ញប្បទាន សម្បទានពីរដ្ឋាភិបាលចិន ហើយរាជរដ្ឋាភិបាលកម្ពុជាចូលរួមថវិកាបដិភាគសម្រាប់ការដោះស្រាយ ផលប៉ះ ពាល់ ការបោសសម្អាតមីននិងយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ ពន្ធ និងសួយសារអាករ។ ផ្លូវដែលជាសរសៃឈាម សេដ្ឋកិច្ចដ៏សំខាន់មួយខ្សែនេះ នឹងប្រើរយៈពេលសាងសង់ចំនួន ៤២ខែ គ្រោងបញ្ចប់នៅខែធ្នូ ឆ្នាំ២០២១៕ប្រភពFreshnews