ខេត្តពោធិ៍សាត់៖ ករណីគ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងកាលថ្ងៃ២១ ខែមករា ឆ្នាំ២០១៩ នៅលើកំណាត់ផ្លូវជាតិលេខ៥ ត្រង់ចន្លោះបង្គោលគីឡូម៉ែត្រលេខ១៩៨.១៩៩ ស្ថិតក្នុងភូមិអណ្ដូងក្រសាំង ឃុំស្នាមព្រះ ស្រុកបាកាន ខេត្តពោធិ៍សាត់។
មុនកើតហេតុគេឃើញម៉ូតូសណ្ដោងរ៉ឺម៉កដឹងតុ កៅអី រានទេវតាថ្ម ១គ្រឿងម៉ាក វ៉េវអាល់ហ្វា ពណ៌ខ្មៅ ពាក់ស្លាកលេខ បាត់ដំបង 1A 6963 មានមនុស្សចំនួន ៣នាក់ ក្នុងទិសដៅពីកើតឆ្ពោះទៅទិសខាងលិច លុះមកដល់ចំណុចកើតហេតុឃើញរថយន្ត ១គ្រឿងម៉ាក ហាយឡែនឌ័រ ពណ៌ស្ករ ពាក់ស្លាកលេខ ភ្នំពេញ 2AS 4243 ធ្វើដំណើរស្របទិសគ្នាឡើងជែង ខណៈបានជ្រុលបុកម៉ូតូសណ្ដោងរ៉ឺម៉ក ស្របគ្នានោះមានអ្នកបើកបររថយន្ត ១គ្រឿងទៀតម៉ាក ស៊ីណា ពណ៌ស ពាក់ស្លាកលេខ បាត់ដំបង 2C 1585 មកពីទិសខាងលិចច្រាស់គ្នាបុកបន្ថែមទៀត បណ្ដាលឲ្យរងរបួសធ្ងន់រដូករណែលយ៉ាងរន្ធត់។
ជនរងរបួសភាគីម៉ូតូសណ្ដោងរ៉ឺម៉ក ទី១ ឈ្មោះ អ៊ុំ សុភាព ភេទប្រុស អាយុ ៣៨ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិបូរឡើង ឃុំស្វាយលួង ស្រុកកណ្ដៀង ខេត្តពោធិ៍សាត់ ជាអ្នកបើកបរម៉ូតូសណ្ដោងរ៉ឺម៉ក (ធ្ងន់) បញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យខេត្ត (ស្លាប់) យប់ថ្ងៃដដែល និងអ្នករួមដំណើរទី១ ឈ្មោះ ណាត សំណាង ភេទប្រុស អាយុ ២៩ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិថ្នល់បំបែក សង្កាត់រលាប ក្រុង.ខេត្តពោធិ៍សាត់ (ធ្ងន់) បាក់ជើងស្ដាំ បញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យខេត្ត និងទី៣ សមត្ថកិច្ចពុំធ្វើកំណត់ហេតុនោះទេ ព្រោះពុំរងរបួសធ្ងន់ធ្ងរនោះឡើយ។
ចំពោះអ្នកបើកបររថយន្តទាំង ២គ្រឿងបានរត់គេចខ្លួនបាត់អស់ បន្សល់នូវវត្ថុតាងរថយន្ត សមត្ថកិច្ចនគរបាលជំនាញផ្នែកសណ្ដាប់ធ្នាប់ យកទៅរក្សាទុកជាបណ្ដោះអាសន្ន នៅស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់ រង់ចាំដោះស្រាយគ្នាជាក្រោយ ៕
ប្រភព៖ Heng Ly