ព្រះសីហនុ៖ រដ្ឋបាលក្រុងព្រះសីហនុ និងមន្ទីរវប្បធម៌ នៅព្រឹកថ្ងៃទី ៥ ខែសីហា ២០១៩នេះ បានចុះរុះរើផ្លាកដែលសរសេរខុសបច្ចេកទេស ដោយប្រើពាក្យថា «ពិធីជប់លៀងរបស់រដ្ឋ» ស្ថិតនៅភូមិ ២ សង្កាត់ ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។
មន្ដ្រីរដ្ឋបាលក្រុងព្រះសីហនុទទួលបន្ទុករដ្ឋបាលសាធារណៈ និងបរិស្ថាន បានឲ្យដឹងថា ការលើកផ្លាកយីហោណាមួយ ដោយសរសេរអក្សរខ្មែរមិនត្រឹមត្រូវ ដូចជា ដាក់អក្សរខ្មែរនៅក្រោម អក្សរបរទេស ឬការសរសេរពាក្យមិនត្រឹមត្រូវណាមួយនោះ គឺជាការខុសនឹងច្បាប់របស់កម្ពុជា។ ដូច្នេះហើយ សមត្ថកិច្ចបានចុះមកណែនាំហាងចិនមួយកន្លែង ដែលបានប្រើប្រាស់ពាក្យខ្មែរមិនត្រឹមត្រូវ ដោយប្រើប្រាស់ពាក្យថា «ពិធីជប់លៀងរបស់រដ្ឋ»។
ចំពោះហាងនេះ ភ្លាមៗសមត្ថកិច្ចបានធ្វើកំណត់ហេតុ និងណែនាំដល់ម្ចាស់ហាងឲ្យរុះរើយីហោរបស់ខ្លួន ក្នុងរយៈពេលមួយសប្ដាហ៍ ដោយអំឡុងពេលធ្វើផ្លាកថ្មីមិនទាន់ គឺអាចយកក្រណាត់ក្រហមគ្របពីលើផ្លាកសិន។ ប៉ុន្ដែប្រសិនបើមិនអនុវត្តន៍តាម សមត្ថកិច្ចនឹងចុះរុះរើផ្ទាល់តែម្ដង។ លោក លឹម ភត្រី និយាយ៕