សម្តេចតេជោ ហ៊ុន សែន អញ្ជើញប្រគល់សញ្ញាបត្រ និងវិញ្ញាបនបត្រ ដល់និស្សិត និងសិក្ខាកាមនៃបណ្ឌិត្យសភានគរបាលកម្ពុជាជាង១ពាន់នាក់

0
330

កណ្តាល៖ នៅព្រឹកថ្ងៃចន្ទ ៥កើត ខែស្រាពណ៍ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី៥ ខែសីហា ឆ្នាំ២០១៩នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ប្រគល់សញ្ញាបត្រវិទ្យាសាស្រ្ដនគរបាល ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ថ្នាក់បរិញ្ញាបត្រ និងវិញ្ញាបនបត្រ ជូនដល់និស្សិតនាយនគរបាលបន្តវេន និងសិក្ខាកាមជ័យលាភី ១,៤៦៥នាក់ នៅបណ្ឌិត្យសភានគរបាលកម្ពុជា។

និស្សិត និងសិក្ខាកាមជាមន្ត្រីនគរបាលដែលបានទទួលបានសញ្ញាបត្រ និងវិញ្ញាបនបត្រនៅថ្ងៃនេះ
រួមមាន៖ ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ចំនួន ១៨០នាក់ នារី ០៧នាក់, បរិញ្ញាបត្រ ចំនួន ៣១៩នាក់ នារី៤០នាក់, សិក្ខាកាមថ្នាក់វិញ្ញាបនបត្រ ចំនួន ៩៦៦នាក់ នារី៥៥នាក់។

សម្តេចតេជោនាយករដ្ឋមន្ត្រី បានមានប្រសាសន៍ដោយក្តីមោទនភាព ចំពោះភាពរីកចម្រើននៃវិស័យអប់រំដល់មន្ត្រីនគរបាលជាតិ ដែលបានចូលរួមចំណែកយ៉ាងសំខាន់ក្នុងកិច្ចការពារសេចក្តីសុខសុវត្តិភាព របស់ប្រពលរដ្ឋ និងប្រទេសជាតិ។ សម្តេចតេជោនាយករដ្ឋមន្ត្រីក៏បានជំរុញអោយក្រសួងមហាផ្ទៃ ជាពិសេសបណ្ឌិត្យសភានគរបាលកម្ពុជាត្រូវបន្តខិតខំប្រឹងប្រែងជាបន្តទៀតក្នុងការបណ្តុះបណ្តាលមន្ត្រីនគរបាលលើជំនាញផ្សេងៗជាច្រើនទៀតដែលមិនធ្លាប់បណ្តុះបណ្តាលពីមុនមកនោះ ដើម្បីពង្រឹងសមត្ថភាពអោយកាន់តែខ្លាំងក្លាបន្ថែមទៀត។

នៅថ្ងៃនេះ តបតាមការស្នើសុំពីនាយកនៃបណ្ឌិត្យសភានគរបាលកម្ពុជា ទាក់ទងនឹងកាស្នើសុំអគារសំរាប់ហ្វឹកហ្វឺនមន្ត្រីនគរបាលនោះ សម្តេចតេជោនាយករដ្ឋមន្ត្រីក៏បានប្រកាសជួយកសាងអគារ៥ជាន់ ផ្នែកហ្វឹកហ្វឺន និងស្នាក់នៅ ដល់និស្សិត និងសិក្ខាកាមនៅបណ្ឌិត្យសភានគរបាលកម្ពុជានេះ ដើម្បីរួមចំណែកក្នុងការបណ្តុះបណ្តាល មន្ត្រីនគរបាលយើងអោយមានចំណេះ ជំនាញអោយកាន់តែល្អប្រសើរបន្ថែមទៀតនាពេលខាងមុខ។ ក្នុងឱកាសនេះផងដែរ សម្តេចតេជោនាយករដ្ឋមន្ត្រី ក៏បានមានប្រសាន៍ទាក់ទងទៅនឹងការងារសំខាន់ៗរបស់ក្រសួងមហាផ្ទៃ ដែលជាក្រសួងមួយដែលទទួលបន្ទុកលើកិច្ចការងារជាច្រើនក្នុងកិច្ចការបំរើនូវសេចក្តីត្រូវការរបស់ប្រជាពលរដ្ឋយើង។

នៅថ្ងៃនេះ សម្តេចតេជោ ហ៊ុន សែន ក៏បានអរគុណដល់បងប្អូនប្រជាពលរដ្ឋ និងមន្ត្រីរាជការទាំងអស់ ដែលបានជូនពរថ្ងៃខួបកំណើតពិតរបស់សម្តេចនាថ្ងៃនះ។ ហើយនៅថ្ងៃនេះផងដែរ សម្តេចតេជោនាយករដ្ឋមន្ត្រីក៏បានមានប្រសាសន៍ពីប្រវត្តិថ្ងៃកំណើតពិត និងថ្ងៃកំណើតផ្លូវការរបស់សម្តេច ដោយសម្តេចបានមានប្រសាសន៍
បញ្ជាក់ថា ថ្ងៃកំណើតពិតរបស់សម្តេចគឺថ្ងៃទី៥ ខែសីហា ឆ្នាំ១៩៥២ រីឯថ្ងៃកំណើតផ្លូវការដែលដាក់ក្នុងបញ្ជើជាតិនោះ គឺនៅថ្ងៃទី៤ ខែមេសា ឆ្នាំ១៩៥១ ។

LEAVE A REPLY

Please enter your comment!
Please enter your name here