Update: ព្រះរាជអាជ្ញាសម្រេចឲ្យសមត្ថកិច្ចឃាត់ខ្លួន ជនជាតិចិនអ្នកគិតលុយម្នាក់ ក្នុងពេទ្យ វ៉ិចតូរៀ ក្នុងបង្ខាំងអ្នកជំងឺឲ្យបង់ថ្លៃព្យាបាលដ៏សែនថ្លៃ

0
777

(ភ្នំពេញ) ក្រោយពីចំណាយពេល ជាច្រើនម៉ោង ដើម្បីសាកសួរ អ្នកពាក់ព័ន្ធ រហូតមកដល់ម៉ោង៩យប់ ថ្ងៃទី១៤ ខែមករា ឆ្នាំ២០១៩នេះ លោក វង្ស ប៊ុនវិសុទ្ធ ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ បានសម្រេចឲ្យនគរបាលខណ្ឌទួលគោក ឃាត់ខ្លួនបុរសជនជាតិចិនម្នាក់ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅតុលាការ ពីបទបង្ខាំងអ្នកជំងឺឲ្យបង់ថ្លៃព្យាបាលដ៏សែនថ្លៃ។

បុរសជនជាតិចិនរូបនេះ​​​ឈ្មោះ Azhi អាយុ៤៣​​​ ជាអ្នកគិតលុយប្រចាំមន្ទីរពេទ្យ ត្រូវនគរបាលនាំខ្លួនទៅកាន់អធិការខណ្ឌទួលគោក ដើម្បីបន្តនីតិវិធីរៀបចំឲ្យតុលាការដាក់គុក ចំណែកលោកស្រី សៀង សុគន្ធ ដែលជាអ្នកឈឈ្មោះ បើកមន្ទីរពេទ្យ វ៉ិចតូរៀ ដើម្បីយកលុយប្រចាំខែ បែរជារួចខ្លួន ដោយគ្មានទោសពៃរ៍អ្វីឡើយ។

សូមបញ្ជាក់ថា យ៉ាងហោចណាស់មានមនុស្សប្រុសស្រី ជាគ្រូពេទ្យ និងបុគ្គលិកមន្ទីរពេទ្យ វ៉ិចតូរៀ ចំនួន២៣នាក់ ដែលមានជនជាតិចិន៦នាក់ ត្រូវសមត្ថកិច្ចឃាត់ខ្លួនដើម្បីសាកសួរ ពាក់ព័ន្ធដំណើររឿងចាប់បង្ខាំង និងជំរិតទារប្រាក់ ពីជនរងគ្រោះឈ្មោះ ភឿន មុយហៀង ភេទស្រី អាយុ១៩ឆ្នាំ ជាជនក្រីក្រស្នាក់នៅក្នុងផ្ទះជួលដ៏រខេករខាក ក្នុងសង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។

ចំណែកបុរសជាគ្រូពេទ្យចិនច្រើនរូបទៀត ដែលមាននៅក្នុងបញ្ជីគ្រូពេទ្យប្រចាំមន្ទីរពេទ្យនេះ មិនត្រូវបានសួរនាំ ឬឃាត់ខ្លួនឡើយ ហើយក៏មិនឃើញវត្តមាននៅក្នុងមន្ទីរពេទ្យដែរ។

ការសម្រេចឃាត់ខ្លួនបុរសជនជាតិរូបនេះ ធ្វើឡើងបន្ទាប់ពីនគរបាល និងមន្ត្រីសុខាភិបាល បាននាំម្តាយស្ត្រីអ្នកជំងឺ មកបង្ហាញឈ្មោះ និងរូបថតបុរសជាជនជាតិចិន ដែលទទួលរងការចោទប្រកាន់ថា បានបង្គាប់ឲ្យចាក់សោរទ្វារ ដើម្បីកៀបយកលុយ ដោយគ្មានការអាណិតអាសូរ។

មន្ត្រីជាន់ខ្ពស់មកពីក្រសួងសុខាភិបាល បានបង្ហើបប្រាប់អ្នកសារព័ត៌មានថា នៅរសៀលថ្ងៃទិ១៤ ខែមករា ឆ្នាំ២០១៩នេះថា ស្ត្រីជាអ្នកជំងឺ ដែលត្រូវក្រុមគ្រូពេទ្យ​​​ វ៉ិចតូរៀ ត្រូវបានក្រសួងសុខាយកមកឲ្យសម្រាកព្យាបាលនៅមន្ទីររដ្ឋក្នុងរាជធានីភ្នំពេញ។

មន្ត្រីរូបនេះ បានឲ្យដឹងថា ស្ត្រីអ្នកជំងឺរូបនេះ បានសហការជាមួយក្រុមស៊ើបអង្កេតមកក្រសួងសុខាភិបាល ស្វែងរកឃើញនៅថ្ងៃនេះ ប៉ុន្តែមិនបញ្ជាក់ថា ស្ត្រីរូបនេះត្រូវបានបង្ហាញថា ត្រូវយកទៅមន្ទីរពេទ្យសម្ភពរាជាធានីភ្នំពេញ។

ស្ត្រីរូបនេះ ឈ្មោះ ភឿន មុយហៀង  អាយុ១៩ឆ្នាំ ជាជនក្រីក្រស្នាក់នៅក្នុងផ្ទះជួលដ៏រខេករខាក ក្នុងសង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។

នៅរសៀលថ្ងៃនេះ រដ្ឋមន្ត្រីក្រសួងសុខាភិបាល សម្រេចចេញលិខិតបិទ មន្ទីរពេទ្យ វ៉ិចតូរៀ ជាផ្លូវការ មន្ត្រីជំនាញផ្នែកអនុវត្តច្បាប់ បានបញ្ជាក់ប្រាប់ថា មានមនុស្សយ៉ាងណាស់៨នាក់ ត្រូវឃាត់ខ្លួន ដើម្បីសាកសួរពាក់ព័ន្ធករណី បង្ខាំងអ្នកជំងឺ ជម្រិតយកប្រាក់។

ប្រភពបានបង្ហើបថា នៅក្នុងមន្ទីរសំបូររឿងអាស្រូវនេះ បានបុគ្គលិកជាជនជាតិ៦នាក់ ខ្មែរ១៣នាក់ និងសន្តិសុខ៤នាក់ ចំណែកលោកស្រី សៀង សុគន្ធ គឺជាអ្នកឈរឈ្មោះឲ្យមន្ទីរពេទ្យនេះ។

សូមជម្រាបជូនថា អាជ្ញាធរខណ្ឌទួលគោក មន្ត្រីក្រសួងសុខាភិបាល កងកម្លាំងចម្រុះដឹកនាំ និងសម្របសម្រួល ដោយលោក វង្ស ប៊ុនវិសុទ្ធ ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ កំពុងតែ មានវត្តមាននៅទីតាំងមន្ទីរពេទ្យ វ៉ិចតូរៀ ដើម្បីចុះស៊ើបអង្កេត និងស្រាវជ្រាវ ពាក់ព័ន្ធ ករណី បង្ខាំងអ្នកជំងឺ ទារប្រាក់ ២០០០ដុល្លារ ដែលជាតម្លៃសេវា វះកាត់ ដុំគីសក្នុងស្បូតរបស់ស្ត្រីអ្នកជំងឺម្នាក់។

ទីបំផុតទៅ ឯកឧត្តម ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានចេញសេចក្តីសម្រេច បិទទ្វាមន្ទីរពេទ្យ វ៉ិចតូរៀ ជាផ្លូវការហើយ នារសៀលថ្ងៃទី១៤ ខែមករា ឆ្នាំ២០១៩នេះ ដើម្បីកុំឲ្យបន្តកៀបស៊ីអ្នកជំងឺ ដោយមិនចេះអៀនខ្មាស។

យោងតាមលិខិត លេខ០០៣ អ ប ស/ម ព ចុះថ្ងៃទី១៤ ខែមករា ឆ្នាំ២០១៩ បានសម្រេចបិទទ្វារមន្ទីរពេទ្យវ៉ិចតូរៀ ដែលមានលោកស្រី វេជ្ជបណ្ឌិត សៀង សុគន្ធ ជាអ្នកទទួលខុសត្រូវ ព្រោះតែមន្ទីរពេទ្យនេះមិនគោរពតាមលិខិតបទដ្ឋានរបស់ក្រសួងសុខាភិបាល។

សូមជម្រាបជូនថា ក្រុមអាជ្ញាធរខណ្ឌទួលគោក មន្ត្រីជំនាញរបស់ក្រសួងសុខាភិបាល និងព្រះរាជអាជ្ញារង អមសាលាដំបូងរាជធានីភ្នំពេញ បានបើកស៊ើបអង្កេត និងស្រាវជ្រាវ នៅក្នុងមន្ទីរពេទ្យ វ៉ិចតូរៀ តាមបទបញ្ជារបស់ឯកឧត្តម ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល បន្ទាប់បពី បែកធ្លាយព័ត៌មាន ថាមន្ទីរពេទ្យនេះ បង្ខាំងអតិថិជន ជម្រិតទារប្រាក់ថ្លៃសេវា ដែលអ្នកជំងឺ គ្រួសារយល់ថា ជាតម្លៃដែលមិនអាចទទួលយកបាន។

យោងតាមមាត្រា២៥៣ បទចាប់ឃុំឃាំង និងបង្ខាំងដោយខុសច្បាប់ បុគ្គលណាដែលចាប់ ដែលឃុំឃាំង ឫដែលបង្ខាំងបុគ្គលផ្សេងទៀត ដោយគ្មាន​បញ្ជា​​​ពីអាជ្ញាធរស្របច្បាប់ ឫ ក្រៅពីករណីដែលច្បាប់អនុញ្ញាត ត្រូវផ្តន្ទាទោស ៖​

១/ ដាក់ពន្ធនាគារពី១ (មួយ) ឆ្នាំ ទៅ៣ (បី) ឆ្នាំ បើការចាប់ការឃុំឃាំង ឫការបង្ខាំងខ្លួនមានរយៈ​ពេល​តិចជាង៤៨ (សែសិបប្រាំបី) ម៉ោង។

២/ ដាក់ពន្ធនាគារពី៣ (បី)​ ឆ្នាំ ទៅ៥ (ប្រាំ) ឆ្នាំ បើការចាប់ការឃុំឃាំង ឫការបង្ខាំងខ្លួនមានរយៈ​ពេល​ចាប់ពី៤៨ (សែសិបប្រាំបី) ម៉ោង ដល់តិចជាង១ (មួយ) ខែ។

៣/​ ដាក់ពន្ធនាគារពី៥ (ប្រាំ) ឆ្នាំ ទៅ១០ (ដប់) ឆ្នាំ បើការចាប់ការឃុំឃាំង ឫការបង្ខាំងខ្លួនមានរយៈ​ពេល​ស្មើ ឫលើសពី១ (មួយ) ខែ។

បើតាមមាត្រា២៥៤ ប្រសិនបើការឃុំឃាំងនោះមាន ទារុណកម្ម ឫ អំពើ​ឃោរឃៅ បណ្តាលឱ្យ​មាន​មនុស្ស​ស្លាប់ដោយគ្មានបំណងនឹងធ្វើឱ្យស្លាប់ និងការប្រព្រឹត្តក្នុង​គោលដៅ​ជំរិត​យកទ្រព្យសម្បត្តិ ឫ ទាម​ទារ​ឱ្យបំពេញលក្ខខណ្ឌអ្វីមួយ ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី១៥ (ដប់ប្រាំ) ឆ្នាំ ទៅ៣០ (សាមសិប) ឆ្នាំ។

ដំបូងឡើយ មន្ត្រីពាក់ព័ន្ធបានព្យាយាមអស់រយៈពេលជិត៥ម៉ោង ក្នុងការស្រាវជ្រាវនៅមន្ទីរពេទ្យ វ៉ិចតូរៀ តាមការបញ្ជារបស់ឯកឧត្តម ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល ពាក់ព័ន្ធការបង្ខាំងអ្នកជំងឺ ដើម្បីជំរិតទារប្រាក់។

ប៉ុន្តែទោះជាយ៉ាងណា ប្រធានគ្រប់គ្រងមន្ទីរពេទ្យមួយនេះ គឺលោកស្រី សៀង សុគន្ធ មិនបានសហការជាមួយមន្ត្រីជំនាញ និងអាជ្ញាធរនោះទេ ដោយទុកឲ្យស្ត្រីជាបុគ្គលិកទទួលភ្ញៀវ២នាក់ ជាអ្នកជួបក្រុមមន្ត្រី ដោយនិយាយត្រឹមថា ពួកគេអត់ដឹងរឿងអ្វីទាំងអស់។

ដោយសារតែគណៈគ្រប់គ្រងមន្ទីរពេទ្យមិនព្រមសហការជាមួយមន្ត្រីជំនាញបែបនេះ អាជ្ញាធរមូលដ្ឋាន បានត្រឹមតែធ្វើកំណត់ហេតុ សាកសួរបុគ្គលិកទទួលភ្ញៀវរបស់មន្ទីពេទ្យប៉ុណ្ណោះ។

បច្ចុប្បន្ន ក្រុមគ្រូពេទ្យរបស់មន្ទីរពេទ្យ វ៉ិចតូរៀ ក៏ត្រូវគណៈគ្រប់គ្រងបញ្ជាឲ្យគេចខ្លួនតាមទ្វាក្រោយ និងទ្វាក្រោមអស់ទៅហើយ ដោយបន្សល់ទុកតែបុគ្គលិកនារីវ័យក្មេង២នាក់ឲ្យទទួលខុសត្រូវជំនួស។

សូមជម្រាបជូនថា មន្ទីរពេទ្យ វ៉ិចតូរៀ មានទីតាំងនៅផ្ទះលេខ៦១អា ផ្លូវ៥៩២ សង្កាត់បឹងកក់២ ខណ្ឌទួលគោក រាជធានីភ្នំពេញ ត្រូវគ្រួសារអ្នកជំងឺធ្វើសន្និសីទ កាលពីយប់ថ្ងៃទី១៣ ខែមករា ឆ្នាំ២០១៩ម្សិលមិញ បន្ទាប់ពីគណៈគ្រប់គ្រងមន្ទីរពេទ្យនេះ បង្ខាំងអ្នកជំងឺ ទារប្រាក់សេវា ២០០០ដុល្លារ ដែលគ្រួសារអ្នកជំងឺយល់ថា ជាតម្លៃដែលមិនអាចទទួលយកបាន។

ទោះយ៉ាងណា ក្រុមមន្ត្រីជំនាញ ព្រមទាំងអាជ្ញាធរមូលដ្ឋាន និងលោក វង្ស ប៊ុនវិសុទ្ធ ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ បានអាចនឹងសម្រេចបិទទ្វាមន្ទីរពេទ្យនេះជាបណ្តោះអាសន្នសិន ព្រោះតែគណៈគ្រប់គ្រងមន្ទីរពេទ្យនេះ មានចេតនាគេចវេស មិនទទួលខុសត្រូវចំពោះកំហុស និងមិនសហការជាមួយមន្ត្រីជំនាញ៕

 

LEAVE A REPLY

Please enter your comment!
Please enter your name here