(ភ្នំពេញ)៖ នៅពេលកន្លងថ្មីនេះ បន្ទាប់ពីសម្តេចតេជោ ហ៊ុន សែន ស្នើសុំអ្នកលេង Facebook កុំជេរប្រមាថគ្នា, ថ្នាក់ដឹកនាំគណបក្សខ្មែរក្រោក បានប្រើប្រាស់ Facebook មួយឈ្មោះថា «គណបក្សខ្មែរក្រោក ភូមិភាគពិសស» មានរូបលោក ព្រំ ពិសិដ្ឋ ប្រធានកិត្តិយសបក្សខ្មែរក្រោកភ្ជាប់នៅលើ Profile នៅយប់ថ្ងៃទី១២ ខែមករា ឆ្នាំ២០១៩ បានវាយប្រហារវិញថា «សម្ដេច ខឹងពួកអ្ននកាសែតជាង៥,០០០នាក់ គ្មានចេះវាយប្រហារអាមេរិក? បើសមត្ថភាពមិនដល់ផង ឱ្យវ៉ៃបកយ៉ាងម៉េច? កាសែតខ្ចប់ចេកចៀននឹង! Funny»។
អ្នកព័ត៌មាននៅកម្ពុជាបានខឹងសម្បាយ៉ាងខ្លាំងចំពោះថ្នាក់ដឹកនាំគណបក្សខ្មែរក្រោក ដែលបាន ប្រើសម្តីប្រមាថមើលងាយអ្នកព័ត៌មាននៅកម្ពុជា រហូតហៅកាសែតនៅស្រុកខ្មែរថាជាកាសែត «ខ្ចប់ចេកចៀន»។ ជាមួយការខឹងសម្បាក្រុមអ្នកព័ត៌មានគ្រោងធ្វើសកម្មភាពផ្សេងៗឲ្យថ្នាក់ដឹកនាំបក្សនេះចេញមកកែតម្រូវពាក្យសម្តី និងសុំទោសជាសាធារណៈជាដើមចំពោះការប្រមាថមួយនេះ។
គណបក្សខ្មែរក្រោកមានមេបក្សឈ្មោះថា លោក សុខ សុវណ្ណវឌ្ឍនាសារពង្ស ឬហៅថា William Guang ដែលជាបុគ្គលរុំស្រោបដោយរឿងអាស្រូវមិនសូវល្អមួយចំនួន មានទាំងការដើរបោកនារីៗជាដើម។ បក្សនេះត្រូវបានបង្កើតឡើងនៅមុនពេលបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៦ តែមិនទទួលបានអាសនៈនោះឡើយក្នុងព្រឹត្តិការបោះឆ្នោតនាខែកក្កដា ឆ្នាំ២០១៨នោះ។
ដោយឡែកគណបក្សខ្មែរបានចេញលិខិតបញ្ជាក់មិនទទួលស្គាល់ផេកហ្វេសបុកនោះឡើយដូច្នេះការឆ្លើយរិះគន់ ឫស្នើសុំឲ្យកែតម្រូវរឿងកាសែតខ្ចប់ចេកចៀន ចាត់ទុកថាមិនយកជាការ៕