ខេត្តត្បូងឃ្មុំ ៖ ពត៌មានបឋមបានឲ្យដឹងថា គ្រាប់១០៥មីលីម៉ែត្រមួយគ្រាប់បានផ្ទុះឡើងយ៉ាងកក្រើកនៅចំណុចមាត់ទន្លេមេគង្គ ដែលស្ថិតនៅភូមិព្រៃតូច ឃុំជារ៉ូទី១ ស្រុកត្បូងឃ្មុំ ហើយហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង៨និង៣០នាទីព្រឹកថ្ងៃទី១៤ មករានេះ ដែលបណ្តាលឲ្យមនុស្សម្នាក់បានស្លាប់ និង៩នាក់ទៀតបានរបួសធ្ងន់។
សេចក្តីរាយការណ៍បានបន្តថា បើតាមសមត្ថកិច្ចបានបញ្ជាក់ឲ្យដឹងថា មុនពេលកើតហេតុបុរសម្នាក់ឈ្មោះ ម៉ាត់ សុះ អាយុ៦០ឆ្នាំ បានស្លសំណហើយបានចាក់ចូលទៅក្នុងក្បាលគ្រាប់១០៥មីលីម៉ែត្រ ខណៈដែលកំពុងតែចាក់ចូលបានបន្តិចក៏ផ្ទុះលាន់កក្រើក ហើយបណ្តាលឲ្យគាត់រងរបួសធ្ងន់ បន្ទាប់មកអំបែងនោះបានខ្ទាតទៅប៉ះលើប្រជាពលរដ្ឋខ្មែរអីស្លាមរហូតដល់៩នាក់ ។
សមត្ថកិច្ចបានបន្តថា អំបែងគ្រាប់នេះបានហោះទៅទម្លុះជញ្ជាំងផ្ទះស្លឹកត្រូវបុរសម្នាក់ឈ្មោះ វ៉ាន់ គា អាយុ២៦ឆ្នាំ បានស្លាប់ភ្លាមៗតែម្តង ។
នៅក្រោយកើតហេតុបងប្អូនសាច់ញាតិបងប្អូនជនរងគ្រោះបានបញ្ជូនជនរងគ្រោះទៅមន្ទីរពេទ្យនៅខេត្តកំពង់ចាម ហើយសមត្ថកិច្ចកំពុងតែធ្វើការត្រួតពិនិត្យអំបែងគ្រាប់នេះផងដែរ ៕