រដ្ឋមន្ដ្រីសុខាភិបាល ប្រកាសបិទមន្ទីរពេទ្យ «វ៉ិចតូរៀ» ក្រោយចាប់បង្ខំនារីម្នាក់ឲ្យវះកាត់ និងបង្ខាំងម្ដាយនារីរងគ្រោះ ព្រោះគ្មានប្រាក់បង់ថ្លៃព្យាបាល

0
431

(ភ្នំពេញ)៖ នៅទីបំផុត! ក្រោយបញ្ចប់ការស្រាវជ្រាវរួចមក នៅថ្ងៃទី១៤ ខែមករា ឆ្នាំ២០១៩នេះ រដ្ឋមន្រ្តីក្រសួងសុខាភិបាល លោកសាស្ដ្រាចារ្យ ម៉ម ប៊ុនហេង បានប្រកាសបិទមន្ទីរពេទ្យ «វ៉ិចតូរៀ» ក្រោយចាប់បង្ខំនារីម្នាក់ឲ្យវះកាត់ និងបង្ខាំងម្ដាយនារីរងគ្រោះ ព្រោះគ្មានប្រាក់បង់ថ្លៃព្យាបាល ដែលធ្វើឲ្យមានការរិះគន់ និងកក្រើកនៅតាមបណ្តាញសង្គម Facebook។

ការប្រកាសបិទមន្ទីរពេទ្យខាលើនេះ បន្ទាប់ពីរដ្ឋមន្ដ្រីក្រសួងសុខាភិបាល កាលពីព្រឹកមិញ បានចាត់ក្រុមការងារភ្លាមៗ ចុះទៅដោះស្រាយករណីនេះ ក្រោយទទួលដំណឹងពីករណីនារីម្នាក់ ទៅពិនិត្យជំងឺនៅមន្ទីរពេទ្យវ៉ិចតូរៀ ហើយខាងមន្ទីរពេទ្យបង្ខំនារីនោះឲ្យវះកាត់ និងបង្ខាំងម្ដាយនារីរងគ្រោះទុកក្នុងមន្ទីរពេទ្យ ដោយសារគ្មានប្រាក់បង់ថ្លៃព្យាបាល។

(ភ្នំពេញ)៖ អស់រយៈពេលជិត៥ម៉ោង ដែលលោក ឯក ឃុនដឿន អភិបាលខណ្ឌទួលគោក និងមន្ត្រីជំនាញរបស់ក្រសួងសុខាភិបាល ចុះមកស្រាវជ្រាវ នៅមន្ទីរពេទ្យ វ៉ិចតូរៀ តាមការបញ្ជារបស់ ឯកឧត្តម ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល ពាក់ព័ន្ធ ការបង្ខាំងអ្នកជំងឺ ជម្រិតទារប្រាក់។

ប៉ុន្តែទោះជាយ៉ាងណា ប្រធានគ្រប់គ្រងមន្ទីរពេទ្យមួយនេះ គឺលោកស្រី សៀង សុគន្ធ មិនបានសហការជាមួយមន្ត្រីជំនាញ និងអាជ្ញាធរនោះទេ ដោយទុកឲ្យស្ត្រីជាបុគ្គលិកទទួលភ្ញៀវ២នាក់ ជាអ្នកជួបក្រុមមន្ត្រី ដោយនិយាយត្រឹមថា ពួកគេអត់ដឹងរឿងអ្វីទាំងអស់។

ដោយសារតែគណៈគ្រប់គ្រងមន្ទីរពេទ្យមិនព្រមសហការជាមួយមន្ត្រីជំនាញបែបនេះ អាជ្ញាធរមូលដ្ឋាន បានត្រឹមតែធ្វើកំណត់ហេតុ សាកសួរបុគ្គលិកទទួលភ្ញៀវរបស់មន្ទីពេទ្យប៉ុណ្ណោះ។

បច្ចុប្បន្ន ក្រុមគ្រូពេទ្យរបស់មន្ទីរពេទ្យ វ៉ិចតូរៀ ក៏ត្រូវគណៈគ្រប់គ្រងបញ្ជាឲ្យគេចខ្លួនតាមទ្វាក្រោយ និងទ្វាក្រោមអស់ទៅហើយ ដោយបន្សល់ទុកតែបុគ្គលិកនារីវ័យក្មេង២នាក់ឲ្យទទួលខុសត្រូវជំនួស។

សូមជម្រាបជូនថា មន្ទីរពេទ្យ វ៉ិចតូរៀ មានទីតាំងនៅផ្ទះលេខ៦១អា ផ្លូវ៥៩២ សង្កាត់បឹងកក់២ ខណ្ឌទួលគោក រាជធានីភ្នំពេញ ត្រូវគ្រួសារអ្នកជំងឺធ្វើសន្និសីទ កាលពីយប់ថ្ងៃទី១៣ ខែមករា ឆ្នាំ២០១៩ម្សិលមិញ បន្ទាប់ពីគណៈគ្រប់គ្រងមន្ទីរពេទ្យនេះ បង្ខាំងអ្នកជំងឺ ទារប្រាក់សេវា ២០០០ដុល្លារ ដែលគ្រួសារអ្នកជំងឺយល់ថា ជាតម្លៃដែលមិនអាចទទួលយកបាន។

ទោះយ៉ាងណា ក្រុមមន្ត្រីជំនាញ ព្រមទាំងអាជ្ញាធរមូលដ្ឋាន និងលោក វង្ស ប៊ុនវិសុទ្ធ ព្រះរាជអាជ្ញារងអមសាលាដំបូង រាជធានីភ្នំពេញ បានអាចនឹង សម្រេចបិទទ្វាមន្ទីរពេទ្យនេះជាបណ្តោះអាសន្នសិន ព្រោះតែគណៈគ្រប់គ្រងមន្ទីរពេទ្យនេះ មានចេតនាគេចវេស មិនទទួលខុសត្រូវចំពោះកំហុស និងមិនសហការជាមួយមន្ត្រីជំនាញ។

នៅព្រឹកថ្ងៃទី១៤ ខែមករា ឆ្នាំ២០១៩នេះ បន្ទាប់ពីមានរឿងអាស្រូវ ពាក់ព័ន្ធករណីបង្ខាំងអ្នកជំងឺ ដើម្បីទារប្រាក់ ថ្លៃសេវាខ្ពស់កប់ពពក កាលពីយប់ថ្ងៃទី១៣ ខែមករា ឆ្នាំ២០១៩ ឯកឧត្តម ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានចាត់ឲ្យមន្ត្រីជំនាញចុះទៅស្រាវជ្រាវនេះ ដើម្បីរកឲ្យឃើញការពិត។

នៅព្រឹកថ្ងៃទី១៤ ខែមករា ឆ្នាំ២០១៩ ក្រុមការងារអធិការកិច្ចក្រសួងសុខាភិបាល ដឹកនាំដោយឯកឧត្តម វិជ្ជបណ្ឌិត ងី មានហេង ប្រធានមន្ទីរសុខាភិបាល រាជធានីភ្នំពេញ និងក្រុមមន្ត្រីជាន់ខ្ពស់ របស់ក្រសួងសុខាភិបាល ដោយមានកិច្ចសហការជាមួយអាជ្ញាធរខណ្ឌទួលគោក កំពុងចុះសាកសួរស្រាវជ្រាវ ទាំងភាគីគណៈគ្រប់គ្រងមន្ទីរពេទ្យ វ៉ិចតូរៀ និងភាគីអ្នកជំងឺ ដែលអះអាងថា ខ្លួនជាជនរងគ្រោះ។

បើយោងតាមការបញ្ជាក់ពីមន្ត្រីជំនាញប្រចាំខណ្ឌទួលគោក បានឲ្យ  ដឹងថា មន្ទីរពេទ្យនេះ មានរឿងច្រើនលើកមកហើយ រហូតក្រសួងសុខាភិបាលសម្រេចឲ្យបិទទ្វារ ម្តងរួចមកហើយ ប៉ុន្តែមន្ទីរពេទ្យនេះនៅតែដំណើរការដដែល និងបង្ករឿងដដែលៗ ធ្វើឲ្យមន្ត្រីដដែលៗ ចុះមកពិនិត្យស្រាវជ្រាវដដែលៗ។

សូមជម្រាបជូនថា រឿងរ៉ាវដ៏ចម្រូងចម្រាសមួយនេះ បានកើតឡើងកាលពីយប់មិញ បន្ទាប់ពីគ្រួសារអ្នកជំងឺ បានហៅអ្នកសារព័ត៌មានធ្វើសន្និសីទទាំងយប់ ដោយអះអាង ចោទប្រកាន់ថា មន្ទីរពេទ្យ វ៉ិចតូរៀ បានបង្ខាំងសាច់ញាតិ ទារប្រាក់ ថ្លៃសេវាកម្មព្យាបាល ក្នុងទឹកប្រាក់ ២០០០ដុល្លារ។

សាច់ញាតិអ្នកជំងឺ បានថ្លែងប្រាប់ក្រុមអ្នកកាសែត ថា អ្នកជំងឺ ជាស្ត្រីមានបញ្ហាគីសក្នុងដៃស្បូន ទៅពិនិត្យនៅ មន្ទីរពេទ្យឯកជនមួយនេះ កាលពីថ្ងៃទី១២ ខែមករា ឆ្នាំ២០១៩។

បន្ទាប់មក ក្រោយពីពិនិត្យរួចគ្រូពេទ្យ បានប្រាប់ថា ត្រូវតែវះកាត់ជាបន្ទាន់ បើមិនដូច្នេះទេ អ្នកជំងឺអាចនឹងស្លាប់។

 

នៅពេលវះកាត់រួចរាល់ អ្នកជំងឺបានសម្រាក នៅក្នុងមន្ទីរពេទ្យ១យប់ ក៏សុំចេញទៅផ្ទះ ដោយបង់ប្រាក់ ៦០០ដុល្លារ ប៉ុន្តែភាគីមន្ទីរពេទ្យមិនព្រម ដោយបានចេញវិក្កយបត្រ តម្លៃព្យាបាលអស់២០០០ដុល្លារ។

ក្រោយពីនិយាយគ្នារឿងតម្លៃមិនត្រូវ មន្ទីរពេទ្យ មិនអនុញ្ញាតឲ្យភាគីអ្នកជំងឺទៅផ្ទះ ទើបក្រុមគ្រួសារអ្នកជំងឺ ហៅអ្នកកាសែតមកធ្វើសន្និសីទ នៅមុខមន្ទីរទេព្យតែម្តង។

បន្ទាប់ពីមានអន្តរាគមន៍ពីអាជ្ញាធរ ទើបភាគីមន្ទីរពេទ្យ សុខចិត្តយកថ្លៃសេវាព្យាបាលត្រឹម៦០០ដុល្លារដើម្បីបញ្ចប់រឿង៕

 

 

LEAVE A REPLY

Please enter your comment!
Please enter your name here