(សៀមរាប) ព្រៃឈើបៃតងខ្ចីរំលេចនូវថ្មធម្មជាតិ និងខ្លះរាយប៉ាយនៅខាងក្រោមគឺជាទស្សនីយភាពដ៏គួរឲ្យទាក់ទាញមួយមើលពីពើងតាខុ ឬហៅថា ពើងជ្រួញ ដែលទើបត្រូវបានបើកឲ្យចូលកម្សាន្តកាលពីឆ្នាំ ២០១៨។
ផ្ទាំងថ្មដ៏ធំសម្បើមលយចេញពីជួរភ្នំនេះមានផ្ទៃធំទូលាយល្មមអាចឲ្យភ្ញៀវទេសចរដែលធ្វើដំណើរឡើងទៅលើខ្នងភ្នំគូលែន ឬ ឈ្មោះដើមមហេន្ទ្របពត៌អាចឆៀងចូលគយគន់ទិដ្ឋភាពដ៏ស្រស់ត្រកាលនៃសម្រស់ធម្មជាតិមួយផ្នែកនៃអតីតរាជធានីបុរាណរបស់កម្ពុជាមួយនេះ។
ទីនេះក៏ជាចំណុចស័ក្ដិសមបំផុតសម្រាប់ការថតរូបដ៏ពេញនិយមដែលបង្ហាញពីភាពស្រៀវខ្លួនផងដែរ។
ធ្វើដំណើរពីជើងភ្នំនៅត្រង់ចំណុចបង់ប្រាក់ប្រមាណជា ៣ គីឡូម៉ែត្រនោះភ្ញៀវទេសចរនឹងមកដល់ច្រកចូល ពើងតាខុ ឬពើងជ្រួញ ដែលមានដាក់ស្លាកសម្គាល់នៅខាងឆ្វេងដៃដោយត្រូវបន្តដំណើរដើរកាត់ព្រៃចម្ងាយ ៥០ ម៉ែត្រទើបទៅដល់ទីនោះ៕