(ភ្នំពេញ)៖ ប្រតិបត្តិការឃាត់ខ្លួននេះត្រូវបានធ្វើឡើងនៅយប់ថ្ងៃទី១១ ខែមករា ឆ្នាំ២០១៩ ជនសង្ស័យឈ្មោះ ឌីណា ពុទ្ធិសាក់ ហៅក្រៅ ទី អាយុ២១ មុខរបរសិស្សសាលា មានស្រុកកំណើត និងទីលំនៅបច្ចុប្បន្នភូមិអង្គកែវ សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ។
ដើមហេតុ ៖ ស្គាល់គ្នាតាម Facebook មួយខែ ហើយណាត់ចូលផ្ទះសំណាក់បៃតង រួចធ្វើសកម្មភាពប្លន់យកទ្រព្យពីនារីស្រស់ស្អាតម្នាក់អស់ ប្រមាណ៣,០០០ដុល្លារនោះ ពេលនេះកម្លាំងអាវុធហត្ថមូលដ្ឋានខណ្ឌពោធិ៍សែនជ័យ សហការជាមួយកម្លាំងជំនាញ នៃការិយាល័យបទល្មើសព្រហ្មទណ្ឌ កងរាជអាវុធហត្ថរាជធានីភ្នំពេញ ធ្វើការស្រាវជ្រាវ និងឃាត់ខ្លួនជនសង្ស័យបាន នៅចំណុចផ្ទះសំណាក់សូរិយា ក្បែរសាលាខណ្ឌពោធិ៍សែនជ័យ។
សូមជម្រាបថា នៅថ្ងៃទី០១ ខែមករា ឆ្នាំ២០១៩ មានករណីជនសង្ស័យម្នាក់ បានធ្វើសកម្មភាពបោកនារីស្រស់ ស្អាតលក់ទំនិញ Onlinម្នាក់ ដែលស្គាល់គ្នាតាម Facebook ឲ្យទៅជួបរូបគេនៅផ្ទះសំណាក់បៃតង ហើយធ្វើសកម្មភាពយកកាំបិតភ្ជង់ប្លន់ យកគ្រឿងអលង្ការទូរស័ព្ទដៃអស់ពីខ្លួន សរុបទឹកប្រាក់ជាង៣,០០០ដុល្លារ ធ្វើឲ្យមានការភ្ញាក់ផ្អើលដល់មហាជនពិសេស ក្នុងបណ្តាញសង្គម។ ជនសង្ស័យព្រមសារភាពថា រូបគេ មានឈ្មោះ ឌីណា ពុទ្ធិស័ក្ត ហៅទី ពិតជាបានប្រើ Account Facebook ឈ្មោះ Tii Fee (ឥទ្ធិពលនៃផ្សែងគីមី) បោកនារីរងគ្រោះតាមរយៈ Facebook ឲ្យជួបនិងភ្ជង់ប្លន់កាលពីថ្ងៃទី០១ ខែមករា ឆ្នាំ២០១៩ ពិតប្រាកដមែន។ សម្ភារៈដែលយកបានពីនារីរងគ្រោះ រូបគេបានប្រគល់ឲ្យមិត្តភក្តិឈ្មោះ ត្រា, ឧត្តម, ស្នា និង ជា ដូរយកគ្រឿងញៀន មួយកញ្ចប់ធំ មកចែកគ្នាជក់ និងលក់បន្ត។ អាវុធហត្ថរាជធានីភ្នំពេញ កំពុងបន្តនិតិវិធីស្រាវជ្រាវស្វែងរកចាប់ខ្លួនគូកន របស់ជនសង្ស័យដែលនៅសេសសល់ជាបន្តទៀត៕