លទ្ធផលនៃកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍នៃរដ្ឋសភា

0
276

ភ្នំពេញ៖ នៅព្រឹកថ្ងៃសុក្រ ៩កើត ខែស្រាពណ៍ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី៩ ខែសីហា ឆ្នាំ២០១៩ វេលាម៉ោង៩:០០នាទី គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា បានបើកកិច្ច ប្រជុំក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្ដេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា។

អង្គប្រជុំបានធ្វើការពិភាក្សា និងអនុម័តតាមរបៀបវារៈ ដោយមានលទ្ធផលដូចខាងក្រោម៖

១- អង្គប្រជុំបានអនុម័តប្រគល់សេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រមលើកិច្ច ព្រមព្រៀង រវាងព្រះរាជាណាចក្រកម្ពុជា និងអង្គការហាមឃាត់អាវុធគីមី ស្តីពីបុព្វសិទ្ធិ និងអភ័យឯកសិទ្ធិ របស់អង្គ ការហាមឃាត់អាវុធគីមី ដល់គណៈកម្មការមហាផ្ទៃ ការពារជាតិ និងមុខងារសាធារណៈ នៃរដ្ឋសភា ពិនិត្យសិក្សា ដោយសហការជាមួយគណៈកម្មការកិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិ ឃោសនាការ និងព័ត៌មាន នៃរដ្ឋសភា ហើយធ្វើរបាយការណ៍ជូនគណៈកម្មាធិការអិចន្រ្តៃយ៍រដ្ឋសភា វិញ។

២- អង្គប្រជុំបានអនុម័តប្រគល់សេចក្តីព្រាងច្បាប់ស្តីពី របបសន្តិសុខសង្គម ដល់គណៈកម្មការ សុខាភិបាល សង្គមកិច្ច អតីតយុទ្ធជន យុវនីតិសម្បទា ការងារ បណ្តុះបណ្តាលវិជ្ជាជីវៈ និងកិច្ចការនារី នៃរដ្ឋសភា ពិនិត្យសិក្សា ហើយធ្វើរបាយការណ៍ ជូនគណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភា វិញ។

៣- អង្គប្រជុំបានអនុម័តលើលទ្ធផលជ្រើសរើសឥស្សរជនមួយរូប ក្នុងចំណោមឥស្សរជន ដែលបាន ដាក់ពាក្យសុំ ជាបេក្ខភាពសមាជិកឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម ជំនួសសមាជិកឧត្តមក្រុម ប្រឹក្សានៃ អង្គចៅក្រម មួយរូប ដែលត្រូវបញ្ចប់អាណត្តិនាពេលខាងមុខ។ បេក្ខភាពឥស្សរជនដែលបានជ្រើសរើស នឹងដាក់ជូន អង្គសភាធ្វើការបោះឆ្នោតក្នុងសម័យប្រជុំជាវិសាមញ្ញ នាពេលខាងមុខនេះ។

 

៤- អង្គប្រជុំបានអនុម័តកោះប្រជុំជាវិសាមញ្ញ នីតិកាលទី៦ តាមសំណើរបស់ក្រុម តំណាងរាស្រ្ត ហត្ថលេខី ចំនួន ៥៤រូប ដែលមានរបៀបវារៈតែមួយ គឺការបោះឆ្នោតជ្រើសតាំង ឯកឧត្តម អ៊ិត រ៉ាឌី ជាសមាជិកឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម សម្រាប់អាណត្តិថ្មី ជ្រើសតាំងដោយរដ្ឋសភា នីតិកាលទី៦។

៥- អង្គប្រជុំបានសម្រេចសមាសភាពលេខាធិការសម័យប្រជុំរដ្ឋសភាជាវិសាមញ្ញ នីតិកាលទី៦ ចំនួន ៣រូប៖

៥-១. ឯកឧត្តម ចាយ បូរិន

៥-២. ឯកឧត្តម ម៉ូត យូសុះ

៥-៣. ឯកឧត្តម សួស យ៉ារ៉ា

៦- អង្គប្រជុំបានអនុម័តកំណត់កាលបរិច្ឆេទសម្រាប់សម័យប្រជុំរដ្ឋសភាជាវិសាមញ្ញ នីតិកាលទី៦ នៅព្រឹកថ្ងៃចន្ទ ១២កើត ខែស្រាពណ៍ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី១២ ខែសីហា ឆ្នាំ២០១៩។

LEAVE A REPLY

Please enter your comment!
Please enter your name here