ភ្នំពេញ ៖ ក្រោយពីចាប់ខ្លួន ប្រធានមន្ទីរសុរិយោដីខេត្តពោធិ៍សាត់ លោក លៀម ប៊ុនរឿន និងបក្សពួក២នាក់ទៀត យកទៅសួររនាំ និងត្រូវតុលាការសម្រេចឃុំខ្លួននោះ អង្គភាពប្រឆាំងអំពើពុករលួយ (ACU) បានរកឃើញ លោក លៀម ប៊ុនរឿន ដែលចាប់ខ្លួនពាក់ព័ន្ធប្រព្រឹត្តអំពើពុករលួយ បានកិបកេងប្រាក់ពីអំពើល្មើសច្បាប់១៤០ករណី សរុបចំនួនជិត៤០ម៉ឺនដុល្លារអាមេរិក ក្នុងរយៈពេលកាន់តំណែង៣ឆ្នាំ ។
តាមរបាយការណ៍របស់អង្គភាពប្រឆាំងអំពើពុករលួយ (ACU) បានបង្ហាញថា ក្រោយពីទទួលតំណែងជាប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង និងសុរិយោដី ខេត្តពោធិ៍សាត់ ពីឆ្នាំ២០១៦មក រហូតដល់ថ្ងៃត្រូវបានឃាត់ខ្លួន ពោលគឺក្នុងរយៈពេល៣ឆ្នាំនេះ លោក លៀម ប៊ុនរឿន បានប្រើប្រាស់ប្រាក់ដែលជាផលនៃបទល្មើសក្នុងការជួសជុលផ្ទះ (៤០,០០០ដុល្លារ), ទិញផ្ទះ២កន្លែង (១៦៨,០០០ដុល្លារ និង៧២,០០០ដុល្លារ), ដីមួយកន្លែង (៤៤,០០០ដុល្លារ) ហើយសង់ផ្ទះត្រចៀកកាំអស់ ៤០,០០០ដុល្លារ, ដូរឡាន Lexus 570 និងទិញឡាន KIA PICANTO)»។
សូមជម្រាបថា មន្ត្រីសុរិយោដីខេត្តពោធិ៍សាត់ចំនួន៣រូប ត្រូវបានអង្គភាពប្រឆាំងអំពើពុករលួយ (ACU) បញ្ជូនទៅកាន់ សាលាដំបូងរាជធានីភ្នំពេញ នៅរសៀលថ្ងៃទី៣០ ខែកក្កដា ក្នុងនោះរួមមាន ៖ ទី១ ឈ្មោះ លៀម ប៊ុនរឿន ប្រធានមន្ទីរសុរិយោដីខេត្តពោធិ៍សាត់, ទី២ ៖ ឈ្មោះ ជាង វុទ្ធី អនុប្រធានមន្ទីរទទួលការងារសំណង់, និងទី៣ ៖ ឈ្មោះ តែ ប៊ុនថេង មន្ត្រីសុរិយោដីខេត្តទទួលបន្ទុកច្រក ។
សូមរម្លឹកថា ប្រធាន អនុប្រធាន និងមន្ត្រីមន្ទីរសុរិយោដីខេត្តពោធិ៍សាត់ ត្រូវបានអង្គភាពប្រឆាំងអំពើពុករលួយ ចុះទៅឃាត់ខ្លួន នៅព្រឹកថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០១៩ នៅខេត្តពោធិ៍សាត់ផ្ទាល់តែម្តង ដោយសង្ស័យប្រព្រឹត្តអំពើពុករលួយ គប់គិតទារលុយពីម្ចាស់ដី ដោយខុសច្បាប់ចំនួន ១០ម៉ឺនដុល្លារជាថ្នូរចេញច្បាប់សាងសង់។
ការចុះទៅឃាត់ខ្លួននេះ ដឹកនាំដោយលោកទេសរដ្ឋមន្ត្រី ឱម យ៉ិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ។ ការឃាត់ខ្លួននេះ ធ្វើឡើងនៅភោជនីយដ្ឋានមួយ ក្នុងក្រុងពោធិ៍សាត់ ជាទីដែលមន្ត្រីទាំងនោះ និងម្ចាស់ដីជួបគ្នា ដើម្បីប្រគល់លុយ ៕