សភានៃព្រះរាជាណាចក្រកម្ពុជា នឹងទទួលធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំប្រចំាឆ្នាំលើកទី២៧ នៃវេទិកាសភាអាស៊ី-ប៉ាស៊ីហ្វិក ដែលហៅកាត់ថា (APPF) ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៧ ខែមករា ឆ្នាំ២០១៩ នៅខេត្តសៀមរាប ក្រោមប្រធានបទ “ការពង្រឹងភាពជាដៃគូសភា ដើម្បីសន្តិភាព សន្តិសុខ និងការអភិវឌ្ឍប្រកបដោយចីរភាព”។ មុនកិច្ចប្រជុំនេះមកដល់ រដ្ឋសភាបានផលិតឯកសារវីដេអូមួយ រៀបរាប់ពីព្រឹត្តិការណ៍ដ៏សំខាន់នេះ ដោយគូសបញ្ជាក់ថា ការទទួលធ្ចើជាម្ចាស់ផ្ទះកិច្ចប្រជុំ APPF នេះ ជាជោគជ័យវិស័យការទូតសភាកម្ពុជា។
វីដេអូឯកសារដែលមានរយៈពេលប្រមាណ៧នាទី បានរៀបរាប់ពីកម្ពុជាដែលជាប្រទេសមួយ បានឆ្លងកាត់ភ្លើងសង្រ្គាមជាច្រើនទស្សវត្សរ៍ ប៉ុន្តែនៅក្នុងរយៈពេលចុងក្រោយនេះ បានរំដោះខ្លួនចេញពីសង្រ្គាម។ កម្ពុជាក្លាយជាកោះសន្តិភាព ដែលមានការអភិវឌ្ឍ និងសុខសន្តិភាព ពេញផ្ទៃប្រទេស។ តាមរយៈវីដេអូនោះ បានគូសបញ្ជាក់ថា សន្តិភាពដែលកម្ពុជាទទួលបាននាពេលបច្ចុប្បន្ននេះ បានមកពីកិច្ចខិតខំប្រឹងប្រែងរបស់ឥស្សរជនជាន់ខ្ពស់កម្ពុជាពីររូបគឺព្រះករុណាព្រះបាទ សម្តេចព្រះនរោត្តមសីហនុ ព្រះបរមរតនកោដ្ឋ អតីតព្រះមហាវីរក្សត្រ និងសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី។
ក្រោមម្លប់សុខសន្តិភាពនិងការអភិវឌ្ឍ កម្ពុជាទទួលបានជោគជ័យខាងវិស័យការទូតសភាផងដែរ។ វីដេអូឯកសារដែលផលិតដោយរដ្ឋសភា បានលើកឡើងថា ក្រោមការដឹកនាំរបស់សម្តេចអគ្គមហាពញាចក្រីហេង សំរិន ប្រធានរដ្ឋសភា សភាកម្ពុជាបានក្លាយជាសមាជិកវេទិកានិងអង្គការសភាធំៗនៅក្នុងពិភពលោក និងតំបន់ មានដូចជា សហភាពអន្តរសភា (IPU) អន្តរសភាអាស៊ាន( AIPA) សភាតំបន់អាស៊ី( APA) និងវេទិកាសភាអាស៊ី-ប៉ាស៊ីហ្វិក( APPF) នេះជាដើម។ ក្នុងនាមជាសមាជិក អង្គការ សភាទំាងនោះ សភាកម្ពុជាមានសមត្ថភាព និងលទ្ធភាពក្នុងការរៀបចំកិច្ចប្រជុំ និងមហាសន្និបាត អង្គការឬសមាគមសភាទំាងនោះជាបន្តបន្ទាប់ ។ សកម្មភាពទំាងនេះ បានបង្ហាញពីការចូលរួមចំណែកយ៉ាងសកម្មភាពរបស់សភាកម្ពុជា ក្នុងការពង្រឹងយន្តការសភា សម្រាប់ដោះស្រាយបញ្ហាសង្គមក្នុងតំបន់ ក៏ដូចជាក្នុងពិភពលោក។
សូមទស្សនាវីដេអូឯកសារ ដែលរដ្ឋសភាបានផលិតទំាងស្រុង ដូចខាងក្រោមនេះ៖