លោក ម៉ៅ បូរ៉ា ជំរុញឲ្យសមាជិក CPP ប្រឹងប្រែងបំពេញការងារឲ្យល្អ ដើម្បីត្រៀមសម្រាប់ការបោះឆ្នោតជ្រើសតាំងក្រុមប្រឹក្សា រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ
(ភ្នំពេញ) នៅព្រឹកថ្ងៃពុធ ១១រោច ខែមិគសិរ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី០២ ខែមករា ឆ្នាំ ២០១៩ រដ្ឋបាលសង្កាត់ពន្សាំងបើកកិច្ច ប្រជុំផ្សព្វផ្សាយលទ្ធផល នៃសន្និបាតគណៈកម្មាធិការ កណ្តាលលើកទី៤១ អាណត្តិទី៥ របស់គណបក្សប្រជាជនកម្ពុជា ដោយមានការចូលរួមពីលោក ម៉ៅ បូរ៉ា អនុប្រធានគណបក្សខណ្ឌព្រែកព្នៅលោក ហែម រិទ្ធី ប្រធានយុវជនខណ្ឌព្រែកព្នៅ លោកស្រី ញឹម ថុល ប្រធានគណបក្សសង្កាត់ពន្សាំង លោក ឈួន ឆាំ ចៅសង្កាត់ពន្សាំង និងយុវជន ចំនួន៣២រូប ប្រជាការពារសង្កាត់ ព្រមទាំងមេភូមិអនុភូមិសមាជិកភូមិ និងប្រជាពល រដ្ធទាំង២៤ភូមិ របស់ សង្កាត់ពន្សាំង ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ៕
លោក ម៉ៅ បូរ៉ា អនុប្រធានគណបក្សខណ្ឌព្រែកព្នៅ បានជំរុញឲ្យសមាជិកគណបក្សប្រជាជនសង្កាត់ ពន្សាំងទាំងអស់ ប្រឹងប្រែងបំពេញការងារឲ្យល្អ ដើម្បីត្រៀមសម្រាប់ការបោះឆ្នោតជ្រើសតាំងក្រុមប្រឹក្សា រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ដែលគ្រោងរៀបចំធ្វើនៅឆ្នាំ២០១៩ខាងមុខនេះ។
ទន្ទឹងនឹងនោះដែរ លោក ម៉ៅ បូរ៉ា ក៏បានថ្លែងអំណរគុណ ដល់សមាជិកសមាជិកាគណបក្ស ប្រជាជន សង្កាត់ពន្សាំងទាំងអស់ ដែលបានខិតខំប្រឹងប្រែង និងបំពេញការងារ និងតួនាទីរបស់ខ្លួនបានយ៉ាងល្អ ក្នុងការបម្រើប្រជាពលរដ្ឋតាមមូលដ្ឋាន ដោយមិនខ្លាចនឿយហត់។ លោក បានបន្តថា ការខិតខំប្រឹងប្រែងរបស់អ្នកទាំងអស់គ្នានេះហើយទើបធ្វើឲ្យគណបក្សប្រជាជនកម្ពុជា ទទួលបានជោគជ័យ ដឹកនាំរាជរដ្ឋាភិបាលកម្ពុជា ជាបន្តបន្ទាប់ រហូតមកដល់ពេលបច្ចុប្បន្ននេះ។
នៅក្នុងកម្មវិធីនោះផងដែរ លោកស្រី ញឹម ថុល ប្រធានគណបក្សសង្កាត់ពន្សាំង បានឡើងអានសេចក្តីជូន ដំណឹងស្តី ពីលទ្ធផលសន្និបាតគណៈកម្មាធិការកណ្តាលលើកទី៤១ របស់គណបក្សប្រជាជនកម្ពុជា ដែលធ្វើ ឡើងរយៈពេល៣ថ្ងៃ នៅមជ្ឈមណ្ឌលពិព័រណ៍ និងសន្និបាតកោះពេជ្រ។ សន្និបាតគណៈកម្មាធិការ កណ្តាលលើកទី៤១ របស់គណបក្សប្រជាជនកម្ពុជា ដែលដឹកនាំដោយ សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ដោយមានការចូលរួមពីថ្នាក់ដឹកនាំ សមាជិកគណៈកម្មាធិការកណ្តាល និងថ្នាក់ដឹកនាំមិនមែនជាសមាជិកគណៈកម្មាធិការកណ្តាល សរុបជាង៣ពាន់នាក់។
នៅក្នុងខ្លឹមសារនៃលទ្ធផលសន្និបាតគណៈកម្មាធិការកណ្តាលលើកទី៤១ របស់គណបក្សប្រជាជនកម្ពុជា ដែលជម្រាបជូនដោយ លោកស្រី ញឹម ថុល បានបញ្ជាក់ថា សន្និបាតនោះ គណបក្សប្រជាជនកម្ពុជា បានបង្ហាញសេចក្តីសម្រេចជាលទ្ធផលសំខាន់ៗ ចំនួន១១ចំណុច ដើម្បីតម្រង់ទិសសម្រាប់ការអនុវត្ត របស់ខ្លួន ទៅថ្ងៃខាងមុខ ក្នុងនោះក៏មានការបញ្ចូលសមាជិកអចិន្រ្តៃយ៍ថ្មីចំនួន៧រូបផងដែរ ដែលធ្វើឱ្យ សមាជិកអចិន្រ្តៃយ៍របស់ គណបក្សដ៏ចំណាស់នេះ មានចំនួន៣៧រូប និងមានសមាជិកគណៈកម្មាធិ ការកណ្តាល ចំនួន៨៦៥រូប៕