(សៀមរាប) ប្រភពព័ត៌មានពីខេត្តសៀមរាប បានឲ្យដឹងថា កាលពីវេលាម៉ោង១២ព្រឹក ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៨ មានការភ្ញាក់ផ្អើលមួយ ដោយគេបានប្រទះឃើញមនុស្សម្នាក់ ដេកស្លាប់នៅក្នុងព្រលានយន្តហោះអន្តរជាតិសៀមរាប ខេត្តសៀបរាប។ ក្រោយពេលមានការភ្ញាក់ផ្អើលនោះ សាកសព ត្រូវបានគេដឹកចេញភ្លាមៗ យកទៅតម្កល់ទុកនៅក្នុងមន្ទីរពេទ្យបង្អែកខេត្តសៀមរាប ដែលមិនទាន់ស្គាល់អត្តសញ្ញាណឡើយ។
លុះដល់ម៉ោង២និង៣០នាទីរសៀលថ្ងៃដដែលនោះ កម្លាំងសមត្តកិច្ចគ្រប់ផ្នែក រួមជាមួយនគរបាលជំនាញបច្ចេកទេស ក្រោមការសម្របសម្រួលពីស្ថាប័នអយ្យការអមសាលាដំបូងខេត្ត និងមានការចូលរួមពីអ្នកគ្រប់គ្រងព្រលានយន្តហោះ បានចុះធ្វើការពិនិត្យសាកសព និងបើកការស៊ើបអង្កេតទៅលើ៣ចំណុច ស្វែងរកសម្ភាសន៍សាក្សី ពិនិត្យកន្លែងកើតហេតុ និងធ្វើការពិនិត្យទៅលើកាមេរ៉ាសុវត្ថិភាព។
ជាលទ្ធផលជាក់ស្តែង តាមការពិនិត្យលើកាមេរ៉ាសុវត្ថិភាព គឺនៅវេលាម៉ោង៥៖០៣នាទី ព្រឹកថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៨ គេបានឃើញសកម្មភាពមនុស្សម្នាក់ ដើរទៅរកយន្តហោះក្រុមហ៊ុន ស្កាយ បន្ទាប់មកបន្តដើរទៅយន្តហោះក្រុមហ៊ុន JC ហើយបន្តទៅយន្តហោះកើតហេតុរបស់ក្រុមហ៊ុន ឡានម៉ី ដោយមនុស្សម្នាក់នោះ បានដើរទៅដេកនៅក្នុងកន្លែងកង់របស់យន្តហោះ។ លុះដល់ម៉ោង១០និង២០នាទីព្រឹកថ្ងៃដដៃល យន្តហោះក៏បានធ្វើការហោះហើរឡើង ដោយមិនបានដឹងថា មានមនុស្សចូលទៅសម្ងំក្នុងកង់យន្តហោះឡើយ។
តាមការបំភ្លឺពីសាក្សីឈ្មោះ លឿម រុំ ភេទប្រុស បានឲ្យដឹងថា នៅវេលាម៉ោងប្រហែល១០និង២០នាទី ព្រឹកថ្ងៃទី៣១ ខែធ្នូនេះ ពេលខ្លួនកំពុងធ្វើការក៏បានឃើញយន្តហោះ ដែលកំពុងតែហោះហើរមានកម្ពស់ប្រហែល៣០ម៉ែត្រ ស្រាប់តែឃើញមានមនុស្សម្នាក់ ធ្លាក់ពីកង់យន្តហោះ ដែលមានចម្ងាយពីខ្លួនប្រហែល២០០ម៉ែត្រ ហើយយន្តហោះនោះ ក៏ហោះហើរបាត់ទៅ។
តាមការពិនិត្យរបស់ជំនាញបច្ចេកទេស សាកសពស្លាប់ ដោយមានសភាពបាក់ដៃជើងរយះជើងភ្លៅ។ សាកសពមិនទាន់កំណត់អត្តសញ្ញាណបាននោះទេ សមត្ថកិច្ចកំពុងបន្តស្វែងរកសាច់ញាតិ៕