ពិតជាគួរឱ្យអាសូរបុរសជាពលកររូបនេះខ្លាំងណាស់ នៅពេលដែលគេបានដឹងរឿងពិត របស់គាត់ធ្វើការនៅ ប្រទេសកូរ៉េដោយរូបគាត់បានទម្លាយរឿងរ៉ាវផ្ទាល់ខ្លួនបង្ហោះនៅលើបណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុកថា បានចាញ់បោកប្រពន្ធ ។
បុរសកម្សត់ស្លូតបូតជាពលករកូរ៉េរូបនេះ ត្រូវបានអ្នកប្រើប្រាស់បណ្ដាញសង្គមហ្វេសប៊ុកជាច្រើន បង្ហាញក្ដីអាណិតអាសូរជាពន់ពេក ពេលដឹងថា គាត់ត្រូវបានប្រពន្ធបោកប្រាស់យកផ្ទះបុរី ដែលគាត់បានទិញ ហើយប្រពន្ធបានស៊ីដាច់តែម្នាក់ឯង ។
ជាប្ដីក្រីក្រកំព្រាឪពុកតាំងពីតូច រស់នៅស៊ីអត់ស៊ីឃ្លានពីរនាក់ម្ដាយកូន នៅម្ដុំព្រែកព្នៅ ជាយក្រុងភ្នំពេញ តែលោកបានខិតខំរៀនរហូតប្រលងជាប់ធ្វើជាពលករនៅប្រទេសកូរ៉េ និង មានរយៈពេលជិត ៥ ឆ្នាំមកហើយ ។ លោកបានរៀបរាប់ថា ដោយសារតែស្រលាញ់ និង ទុកចិត្តប្រពន្ធ ខ្លួនសុខចិត្តចេញមុខទិញបុរីបង់រំលោះក្នុងតម្លៃប្រមាណ ៤៩ ០០០ ដុល្លារ ដោយដាក់តែឈ្មោះប្រពន្ធម្នាក់ឯងប៉ុណ្ណោះ ព្រោះគិតថា គង់តែរួមជាប្ដីប្រពន្ធគ្នាដដែល បែរជាប្រពន្ធធ្វើឱ្យខ្លួនក្អួតឈាម ។
លោកបានមកលេងខ្មែរដើម្បីឱ្យដឹងពីដំណើរដើមទង ហើយ៥ ថ្ងៃចុងក្រោយនេះ មិនដែលបានហូបបាយទេ ព្រោះតែឆ្អែតចិត្តពេក ។ បុរសជាប្ដីខឹងចិត្តបានសរសេរសារបង្ហោះនៅលើគណនីហ្វេសប៊ុកឈ្មោះ មេរៀន ជីវិតថា៖ គ្មានរឿងអី ត្រូវខ្មាសគេទៀតទេ គឺគាត់បានលួចលក់ផ្ទះដែលខ្ញុំខំរកលុយនៅកូរ៉េផ្ញើមកឱ្យគាត់ទិញផ្ទះនៅ សុខចិត្តលំបាកខ្លួនឯងឱ្យតែប្រពន្ធកូនមានផ្ទះល្អនៅ តែមនុស្សគ្មានកំណើត លក់ផ្ទះយកលុយឱ្យម៉ែឪខ្លួនឯងអស់ ហើយរត់បាត់នាំទាំងកូនតូចទៅទៀត ។
គ្មានអាណិតប្តីធ្វើការនៅប្រទេសកូរ៉េជិត ៥ ឆ្នាំ គ្មានសល់លុយ ១០០ ហើយសូម្បីតែលុយខ្ចីម៉ែ២០០០$ ក៏មិនសងគាត់ គាត់ដើរលក់ត្រកួនក្រអៅឈូកសោះ ទម្រាំសន្សំបានលុយឱ្យកូនខ្ចី បែរជាមិនសងគាត់ យកឱ្យម៉ែឪខ្លួនឯងអស់ ហើយថាខ្លួនត្រូវទៀត ខ្ញុំទុកចិត្តមនុស្សខុសហើយ ទិញផ្ទះសុខចិត្តដាក់ឈ្មោះប្រពន្ធតែម្នាក់ឯង នឹកឃើញថា ប្រពន្ធយើងហើយមិនអីទេ សូម្បីតែឈ្មោះម៉ែខ្ញុំក៏មិនដាក់ដែរ តែឥឡូវខ្ញុំមើលមនុស្សខុសហើយ ៕ប្រភពប្រជាប្រិយ