(ភ្នំពេញ) បុរសដែលជាជនបង្ក ជះស្រាបៀរលើកញ្ញា ទេព បូព្រឹក្ស តារាចម្រៀងប្រចាំផលិតកម្មហង្សមាសនោះ នៅរសៀលថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០១៨នេះ បានចេញមុខសុំទោសជាសាធារណៈ តាមការចង់បានរបស់កញ្ញា ទេព បូព្រឹក្ស ដែលជាជនរងគ្រោះ ខណៈដែលសំណងរដ្ឋប្បវេណីខូចខាតកិត្តិយស បញ្ចុះត្រឹម១ម៉ឺនដុល្លារ។
កាលពីវេលាម៉ោង១០៖០៥នាទីយប់ ថ្ងៃអង្គារ៍ ទី២៥ ខែធ្នូ ឆ្នាំ២០១៨នេះ កញ្ញា ទេព បូព្រឹក្ស ត្រូវបានបុរស ដែលជាជនបង្កឈ្មោះ ឆេង រស្មី ជះស្រាបៀរទៅលើរូបនាង ខណៈកំពុងចម្រៀងលើឆាក នៅចំណុចភោជនីយដ្ឋានមួយយីហោ «សមុទ្រ» ស្ថិតនៅជិតមន្ទីរពេទ្យកុមារជាតិ ស្ថិតក្នុងសង្កាត់ទឹកល្អក់ទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ បង្កឲ្យមានការភ្ញាក់ផ្អើលអស់មហាជន ស្ទើរពេញផ្ទៃប្រទេស។
លោកហេង ឡុង បានលើកឡើងថា សង្ឃឹមថាបន្ទាប់ពីរឿងនេះត្រូវបានដោះស្រាយ គឺជាមេរៀនមួយសម្រាប់បងប្អូនដែលតែងតែសេពគ្រឿងស្រវឹង ហើយអាងអំណាចទឹកលុយ មើលងាយស្ត្រីដែលប្រកបការងារពេលយប់ជាដើម សូមកុំភ្លេចថា ពេលខ្លះគ្រាន់តែកំប៉ុងស្រាបៀរគប់ចំកណ្តាលមុខមិនមានរបួសហូរឈាមទេ ប៉ុន្តែជាកិត្តិយសមួយដែលឈឺចាប់មិនធ្លាប់មាន។ ពួកគាត់ជាសិល្បករដែលតែងតែមហាជនគាំទ្រ នៅពេលដែលជួបរឿងរ៉ាវដែលមិនធ្លាប់កើតមាននៅក្នុងជីវិត ប្រហែលជាបងប្អូនមួយចំនួនតូចមិនយល់ពីភាពឈឺចាប់ខ្លោចផ្សាមួយនេះទេ។
ពាក់ព័ន្ធនឹងរឿងខាងលើនេះដែរ តារាចម្រៀង ទេព បូព្រឹក្ស ក៏បានដាក់ពាក្យបណ្ដឹងនៅប៉ុស្តិ៍នគរបាលទឹកល្អក់ទី១ រួចរាល់ហើយដែរ ដែលទាមទារជំងឺចិត្តចំនួន ១០មុឺនដុល្លា ប៉ុន្តែមិនទាន់មានដំណោះស្រាយណាមួយលេីករណីមួយនេះនៅឡេីយទេ គឺកំពុងតែឋិតនៅការជែកគ្នាផងដែរ។
នៅពេលនេះដែរ តារាចម្រៀងដ៏ល្បីឈ្មោះនៅក្នុងផលិតកម្ម រស្មីហង្សមាស កញ្ញា ទេព បូព្រឹក្ស ក៏បានចេញមុខធ្វេីសន្និសីទកាសែត ចំពោះរឿងរបស់នាង ដែលត្រូវបានរងការប្រមាថដោយជនសង្ស័យម្នាក់គប់កំប៉ុងស្រាបៀរមកលើនាង ៕